
ក្នុងរដូវភ្លៀងធ្លាក់ ឬរដូវវស្សា រន្ទះ ត្រូវបានគេចាត់ទុកថាជាឃាតកកើតឡើងពីធម្មជាតិមួយដែលអាចផ្ដាច់ជីវិតមនុស្ស សត្វ បានគ្រប់ពេលវេលា។ ប៉ុន្តែ បើទោះបីជាយើងមិនអាចបញ្ឃប់បាតុភូតធម្មជាតិនេះបាន តែយើងក៏មានវិធីសាស្ត្រមួយចំនួន ដើម្បីការពារខ្លួនពីគ្រោះរន្ទះបាញ់នេះបានដែរ។
យោងតាមការផ្ដល់ព័ត៌មានពីវេសាយ HEALTH.COM.KH ដែលជាប្រព័ន្ធផ្សព្វផ្សាយពីបញ្ហាសុខភាពដ៏ល្បីបានឱ្យដឹងថា ដើម្បីការពាររន្ទះបាញ់ក្នុងពេលភ្លៀងធ្លាក់យើងគួរអនុវត្តនូវវិធីសាស្ត្រផ្សេងៗដូចខាងក្រោម៖
១. កុំនៅទីវាលតែឯង ឬជិតដើមឈើ និងរបស់ខ្ពស់ៗ៖
ដើមឈើ និងរបស់ខ្ពស់ៗ អាចជាចំណីអាហាររបស់រន្ទះ ដូច្នេះ ពេលភ្លៀង អ្នកមិនគួរជ្រក ឬនៅក្រោមដើមឈើឡើយ។ មាត់សមុទ្រ ទឹកបឹង ឬវាលស្រែ ក៏ជាកន្លែងគ្មានសុវត្ថិភាពដែរ។

២. ផ្តោតអារម្មណ៍ទៅលើអាកាសធាតុ៖
អ្នកគួរតែតាមដានព័ត៌មាន អំពីអាកាសធាតុ ហើយប្រុងប្រយ័ត្ន មិនត្រូវចេញដើរក្រៅ ក្នុងករណីមានភ្លៀងផ្គរខ្លាំង។

៣. នៅឱ្យឆ្ងាយ ពីរបស់ចម្លងអគ្គិសនី៖
ដែក ជាគ្រឿងទាក់ទាញរន្ទះ ដូច្នេះ អ្នកត្រូវនៅឱ្យឆ្ងាយ ពីរបស់ទាំងនេះ។
៤. ចូលក្នុងឡាន៖
ទោះបីជាឡាន ត្រូវបានផលិតឡើងពីដែកក្ដី ប៉ុន្តែ វាជាកន្លែងមានសុវត្ថិភាពមួយផងដែរ។ ប្រសិនបើមានរន្ទះបាញ់ត្រូវ វានឹងឆ្លងកាត់ ឬរត់ជុំវិញឡាន ហើយរត់ទៅក្រោមដី ដែលប្រហែលជាមិនប៉ះពាល់ ដល់អ្នកក្នុងឡានឡើយ ប៉ុន្តែ អ្នកត្រូវយកដៃដាក់លើភ្លៅ កុំប៉ះដែកទ្វារ ឬគ្រឿងដែកក្នុងឡានឱ្យសោះ។

ចំពោះមូលហេតុដែលបណ្តាលឱ្យមានករណីស្លាប់ពេលត្រូវរន្ទះបាញ់ តាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថា គឺបណ្តាលមកពីការគាំងបេះដូង។ នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុឱ្យសាច់ដុំបេះដូងបញ្ឈប់ចលនា។ ជាមួយគ្នានោះជនរងគ្រោះក៏ពុំអាចដកដង្ហើមកើត ដោយសាច់ដុំទ្រូងលែងមានចលនា(Muscle spasm)។ មនុស្សដែលត្រូវរន្ទះបាញ់ គឺគ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង។ រន្ទះបាញ់ក៏អាចបណ្តាលឱ្យហើម ឬដាច់សរសៃឈាមចូរក្បាលដែរ។ អ្នកសង្គ្រោះត្រូវពិនិត្យថា កន្លែងគ្រោះថ្នាក់មានសុវត្ថិភាពវិញហើយ។ បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកង ការធ្វើចលនាបេះដូង និងផ្លុំខ្យល់ដង្ហើមត្រូវចាប់ផ្តើមភ្លាមៗ រហូតមានក្រុមសង្គ្រោះមកជួយ។ ក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុម ការសង្គ្រោះបឋមត្រូវធ្វើលើអ្នកគាំងបេះដូង និងគ្មានខ្យល់ដង្ហើមមុនគេ៕


