ងាយៗ! វិធីធ្វើក្ដាមប្រៃឱ្យឆ្ងាញ់លេខ ១
ភូមិន្ទ
26 តុលា 2021 12:30 AM

ក្ដាមប្រៃ គឺជាអាហារបែបប្រពៃណី ដ៏មានឱ៊ជារសឆ្ងាញ់ និងជាទីពេញនិយមសម្រាប់បងប្អូននៅទីក្រុង​និងតាមជនបទ។ មុខម្ហូបនេះដ្បិតថាស្ដាប់មើលទៅដូចជាសាមញ្ញធម្មតា ប៉ុន្តែវាជាមុខម្ហូបមិនអាចខ្វះបានសម្រាប់បំពេញឱ្យវិស័យម្ហូបអាហារ។ សព្វថ្ងៃនេះ​គេអាចយកទាំងក្ដាមស្រងែ ក្ដាមគ្រោង​ (ក្ដាមទឹកសាប) និងក្ដាមជ័រ(ក្ដាមទឹកប្រៃ) មកធ្វើជាក្ដាមប្រៃហើយមាន​ឱជារសឆ្ងាញ់ពិសា។ ចំពោះវិធីសាស្ត្រធ្វើ គឺខុសប្លែកគ្នាខ្លះៗទៅតាមប្រភេទពូជក្ដាមនីមួយៗ។ ខណៈនេះ SBM News នឹងលើកយកវិធីសាស្ត្រធ្វើក្ដាមប្រៃឱ្យឆ្ងាញ់លេខ ១ មកជម្រាបជូនលោកអ្នក៖

របៀបធ្វើក្ដាមប្រៃ

គ្រឿងផ្សំ

(ក្ដាម រំដេង ស្លឹកក្រូចសើច ទឹកត្រីឬអំបិល ក្រូចឆ្មារ ជីនាងវង ខ្ទឹមស ម្ទេស ស្ករត្នោត ឬស្ករស ម្ទេស កែវ ឬថូ)

-         ក្តាម (អាចជាក្ដាមស្រងែ ក្ដាមគ្រោង ក្ដាមជ័រ) ស្រស់ៗ ថ្មីៗ ទៅតាមចំនួនដែលចង់បាន រួចយកវាបកសន្ទះចេញ និងហែកវាជាពីរក៏បាន ទុកទាំងមូលក៏បាន លាងទឹកឱ្យស្អាតទុកមួយអន្លើ

-          លាងរំដេងឱ្យស្អាតរួចចិតជាចំណិតស្ដើងៗ ទុកមួយអន្លើ

-          ក្រូចឆ្មាររ ស្លឹកក្រូចសើច (លាងឱ្យស្អាត ហាន់ក៏បាន ដាក់ទាំងមូលក៏បាន)

-         ខ្ទឹមស

-         ប្រើទឹកត្រី ឬប្រើអំបិល

-         កែវ ឬក្រឡសម្រាប់ដាក់។

វិធីធ្វើ

១/. យកក្តាមដែលលាងទឹកស្អាតហើយដាក់ច្រកចូលក្នុងកែវ ឬថូ ដែលមានគម្រងជិតល្អ។ បន្ទាប់មកដាំទឹកត្រី ឬទឹកអំបិល ដាំមួយពុះ លាយក្នុងកម្រិតប្រៃល្មម ទៅតាមចំណូលចិត្ត តែកុំឱ្យសាបពេក (បើចង់ទុកបានយូរ ធ្វើឱ្យប្រៃបន្ដិច) ទុកឱ្យត្រជាក់រួចចាក់ចូលឱ្យលិចក្តាម រួចដាក់រំដេងនិងស្លឹកក្រូចនិងខ្ទឹមសដែលដំរួចដាក់ចូលក្នុងក្រឡ រកអ្វីសង្កត់ឱ្យក្តាមលិចទឹកគ្របគំរបឱ្យជិត។

២/. បន្ទាប់មកទៀតរក្សាទុកឱ្យបាន ២យប់ ប្រសិនបើក្តាមរាងតូចអាចត្រឹមតែ ២ថ្ងៃ១យប់ក៏បាន។ បន្ទាប់មកយើងអាចស្រង់វាយកមកផ្សំគ្រឿងញ៉ាំបានហើយ។ ប្រសិនបើចង់ទុកបានយូរត្រូវធ្វើឱ្យប្រៃបន្តិចដោយបន្ថែមអំបិលចូល។

៣/. នៅពេលដែលល្មមញ៉ាំ យើងអាចស្រង់វាយកមកលាយគ្រឿងមានដូចជា៖ ក្រូចឆ្មារ ជីនាងវង ខ្ទឹមស ម្ទេស ស្ករត្នោត ឬស្ករស តាមការចូលចិត្តរបស់អ្នក។ យើងអាចយកវាទៅផ្សំជាគ្រឿងបុកល្ហុង បុកមីក៏បាន និងពិសាជាមួយបាយកក ឬបាយក្ដៅៗតាមចំណង់ចំណូលចិត្ត៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត