
មនុស្សយើងម្នាក់ៗតែងធ្លាប់មានបទពិសោធសុបិនឃើញនេះនោះដោយចៀសមិនផុត។ មានសុបិនខ្លះ បង្ហាញរូបភាពភ័យខ្លាចដល់យើង ទាំងនៅក្នុងសុបិននិងក្រោយភ្ញាក់ពីសុបិន។ តួយ៉ាងដូចជាសុបិនឃើញខ្លួនឯងផ្ទាល់ឬអ្នកដទៃដាច់ក្បាលធ្លាក់ពីលើស្មាជាដើម។ តើសុបិនដ៏មហាតក់ស្លុតនេះអាចមានអត្ថន័យអ្វីខ្លះទៅ?
ការយល់សុបិនឃើញរាងកាយបាត់បង់ក្បាល ឬត្រូវគេកាត់ក្បាលបាត់ អាចជារឿងគួរឱ្យរន្ធត់ហើយអាចពាក់ព័ន្ធនឹងការវាយប្រហារឬការវាយតប់ផ្សេងៗនៅក្នុងជីវិតពិត។ យើងបានដឹងហើយថា ក្បាលគឺជាចំណុចសំខាន់បំផុតនៃជីវិត ពោលគឺយើងអាចនៅរស់បាន ប្រសិនយើងបាត់បង់អវយវ ប៉ុន្តែយើងនឹងស្លាប់យ៉ាងប្រាកដនៅពេលដែលគ្មានក្បាល។ ដូច្នេះ ក្បាលគឺជាដំហៀបន័យ នៃការដឹកនាំ ឬវាជាដំហៀបន័យ នៃជីវិត និងក្ដីសង្ឃឹម។ ហើយការយល់សប្ដិឃើញបែបនេះ គឺអាចជាសញ្ញាបញ្ជាក់ថា អ្នកនឹងជួបរឿងធំដុំណាមួយដែលត្រូវដោះស្រាយភ្លាមៗ ទាក់ទងដល់អាយុជីវិត។ ពេលខ្លះ សុបិននេះក៏អាចឆ្លុះបញ្ចាំងពីខ្លួនអ្នកផ្ទាល់ឬអាចជានិមិត្តសញ្ញានៃការវាយប្រហារលើជំនឿមួយចំនួនដែលអ្នកមាន។ វាក៏បង្ហាញថា អ្នកប្រហែលជាបានប្រព្រឹត្តរឿងអ្វីមួយដែលហួសព្រំដែន ពោលគឺធ្វើដោយមិនបានយកខួរក្បាលគិតពិចារណា ហើយអ្នកក៏បានដឹងខ្លួនថាមានកំហុស រួចសតិអ្នកក៏បង្ហាញឱ្យឃើញនៅក្នុងយល់សប្ដិថា អ្នកកំពុងតែប្រើជីវិតដោយគ្មានក្បាល ឬដោយមិនបានយកក្បាលមកគិតពិចារណានោះឯង។
ដូច្នេះ សង្ឃឹមថាក្រោយពីអ្នកយល់សប្ដិឃើញបែបនេះ អ្នកនឹងយកវាមកត្រិះរិះពិចារណា ហើយថ្លឹងថ្លែងនូវទង្វើដែលអ្នកបានធ្វើនាគ្រាកន្លង ដែលពេលខ្លះវាអាចជាឱកាសដែលអ្នកអាចជួសជុលប៉ះប៉ូវវាឡើងវិញ។ សូមចងចាំថា ពេលខ្លះសុបិនមិនល្អ ក៏មិនមែនសុទ្ធតែមានន័យមិនល្អនោះដែរ តែវាជាឱកាសដើម្បីជួយឱ្យអ្នកផ្សះផ្សារកែតម្រូវលើជីវិតដែលខុសឆ្គងនាគ្រាកន្លងឡើងវិញ៕


