
ក្នុងចំណោមសញ្ញារាសីចក្រទាំង ១២ របស់ចិន មានតែនាគរាជមួយទេ ដែលមានរឿងរ៉ាវជាទេវកថាច្រើនសម្បូរបែបជាងគេ។ មានរឿងព្រេងជាច្រើនអំពីសត្វនេះហើយវាក៏ត្រូវបានគេចាត់ទុកថាជាសញ្ញាល្អបំផុតក្នុងចំណោមឆ្នាំទាំងអស់ផងដែរ។ ជនជាតិចិនជឿថា អ្នកដែលកើតឆ្នាំរោង គឺជាកូនចៅរបស់ស្ដេចនាគ។ មនុស្សដែលកើតឆ្នាំរោង មានចរិតលក្ខណៈជាមនុស្សអាថ៌កម្បាំង ស្រមើលស្រមៃ និងមានភាពថ្លៃថ្នូរ។
ចំណុចខ្លាំង
មហិច្ឆតា ស្វាហាប់ ភាពជាអ្នកដឹកនាំ...
មនុស្សដែលកើតឆ្នាំរោង មានភាពជាអ្នកដឹកនាំល្អ។ ដោយសារចំណេះដឹង អំណាច និងសមត្ថភាពរបស់ពួកគេ ប្រជាជនសុខចិត្តទទួលបញ្ជាឬស្ដាប់បង្គាប់ពួកគេ។ ពួកគេក៏មានមហិច្ឆតានិងមានឆន្ទៈមោះមុតក្នុងការសម្រេចក្ដីសុបិនរបស់ពួកគេផងដែរ។ ពួកគេគឺជាអ្នកផ្សងព្រេង ហើយព្យាយាមប្រយុទ្ធយ៉ាងអស់ពីសមត្ថភាពដើម្បីទទួលជោគជ័យ។ ភាពប៉ិនប្រសប់និងចំណង់ចំណូលចិត្តរបស់ពួកគេធ្វើឱ្យសុន្ទរកថាដែលពួកគេឡើងថ្លែង មានសិទ្ធិអំណាចខ្លាំងក្លាបំផុត។ ពួកគេហាក់ដូចជាមានថាមពលមិនចេះរីងស្ងួត ហើយកម្រមានអារម្មណ៍អស់កម្លាំងណាស់។ ពួកគេជាមនុស្សដែលមានមន្តស្នេហ៍និងភាពទាក់ទាញខ្លាំង ដូច្នេះពួកគេតែងតែអាចយកឈ្នះបេះដូងអ្នកដទៃបានយ៉ាងងាយស្រួល។

ចំណុចខ្សោយ
ក្រអឺតក្រទម អំណួត...
ជារឿយៗពួកគេហាក់ដូចជាមានរឿងជាច្រើនទុកក្នុងចិត្តដែលធ្វើឱ្យយើងពិបាកយល់បំផុត។ ពេលខ្លះបុគ្គលិកលក្ខណៈរបស់នាគ ឬអ្នកកើតឆ្នាំរោង មានភាពក្រអឺតក្រទម ដែលធ្វើឱ្យអ្នកដទៃមិនចង់នៅក្បែរ។ ប៉ុន្តែ ដោយសារតែសំណាងល្អ និងរាសីដ៏ខ្ពស់របស់ពួកគេ ធ្វើឱ្យអ្នកដទៃមិនសូវចាប់ចំណុចខ្សោយទាំងនោះបានទៅវិញ។ ពួកគេតឹងរ៉ឹងជាមួយអ្នកក្រោមបង្គាប់។ ប្រសិនបើនរណាម្នាក់ធ្វើខុសក្នុងការងារ គេបន្តរិះគន់អ្នកទាំងនោះឥតឈប់ឈរ។ ថ្វីដ្បិតតែពួកគេចង់ជោគជ័យ ប៉ុន្តែពួកគេអាចខកចិត្តដោយងាយ ដោយសារការបរាជ័យ ហើយពួកគេទំនងជាបោះបង់ចោលពាក់កណ្តាលផ្លូវ លែងបន្តធ្វើវាទៀតហើយ។ ពួកគេមិនអាចទ្រាំទ្រទុក្ខលំបាកណាមួយឡើយ ហើយចង់បានលទ្ធផលរំពឹងទុកនៅពេលដែលពួកគេចាប់ផ្តើម ពោលគឺធ្វើភ្លាម ចង់បានលទ្ធផលភ្លែត។

ការងារល្អបំផុតសម្រាប់អ្នកកើតឆ្នាំ រោង
មុខរបរដែលមានស្ថិរភាពគឺមិនសមស្របសម្រាប់ពួកគេឡើយ។ ពួកគេក៏ពោរពេញដោយការស្រមើលស្រមៃផងដែរ ដូច្នេះពួកគេប្រហែលជាចូលចិត្តការងារដែលទាក់ទងនឹងការគិត។ ការងារសមស្របរួមមាន៖ ស្ថាបត្យករ អ្នកនយោបាយ សេដ្ឋវិទូ វេជ្ជបណ្ឌិត ម្ចាស់ហាងកាហ្វេ អត្តពលិក អ្នកនិពន្ធ សិល្បករតារាសម្តែង ឬអ្នករចនាម៉ូដ។
ឆ្នាំត្រូវធាតុ និងឆ្នាំឆុង
ឆ្នាំត្រូវធាតុ៖ រកា, ជូត, វក
ឆ្នាំឆុង៖ ឆ្លូវ មមែ ច៕


