ព្រឺក្បាល! តើអ្វីជាអារក្ស? ដើម្បីធ្វើពិធីលាងអារក្ស តើគេធ្វើដូចម្ដេចខ្លះ?
ភូមិន្ទ
06 តុលា 2021 01:00 PM

បច្ចុប្បន្ននេះ នៅតាមតំបន់ស្រុកស្រែចម្ការ ឬតំបន់ចុងកាត់ញក យើងតែឃើញមានខ្ទមតូចៗសង់ឡើងនៅលើទីទួល នៅក្រោមដើមឈើធំៗ ដែលជាកន្លែងគោរពបូជារបស់អ្នកស្រុកអ្នកភូមិ និងដែលអ្នកស្រុកហៅថាខ្ទមអារក្ស។ តើអ្វីជាអារក្ស? ដើម្បីធ្វើពិធីលាងអារក្ស តើគេធ្វើដូចម្ដេចខ្លះ? យោងតាមសៀវភៅ "ជំនឿបុរាណនៃជនជាតិខ្មែរ" ប្រែសម្រួលដោយ ឈិន ឃួន បានបកស្រាយពីអារក្សនេះ ឱ្យដឹងថា៖ 

អារក្ស

ពួកអារក្សជាទូទៅគឺជាអ្នកតាដែលប្រព្រឹត្តអំពើល្អ ហើយដែលមានលំនៅស្ថាននៅតាមដើមឈើឬនៅក្នុងផ្ទះ គ្រូពេទ្យ ហ្ម អាបធ្មប់ ដែលប្រព្រឹត្តអំពើល្អ។ មនុស្សប្រុសឬស្រីដែលបន់ស្រន់ខ្មោចអារក្សនេះដែលខ្លួនកាន់ គេក៏ហៅផងដែរថា អារក្ស នៅពេលដែលចូលរូប គឺជាការសណ្ឋិតនៃ អារក្សនៅក្នុងខ្លួនមនុស្សនោះ។ ការបន់ស្រន់ត្រូវបានប្រព្រឹត្តទៅ ជួនកាលនៅក្នុងពិធីបុណ្យពិសេសមួយនៅខែបុស្សមាឃ ដែលបុណ្យនេះហៅថាឡើងរោង។ ជួនកាលប្រព្រឹត្តទៅក្នុងករណីមានជំងឺនៅរដូវណាមួយនៃឆ្នាំ ពិធីនេះត្រូវបានគេឱ្យឈ្មោះថា លៀងអារក្ស”។

នៅពេលជិតដល់ពិធីបុណ្យប្រចាំឆ្នាំគ្រូ(ប្រុសឬស្រី)ដែលតាំងខ្លួនជាអ្នកព្យាបាលជំងឺតាមមធ្យោបាយជំនឿក្រៅសាសនារបស់ខ្លួននោះ បានទៅពិនិត្យមើលគ្រប់សិស្សគណៈរបស់ខ្លួន (មានស្រីផងប្រុសផង) ដែលធ្លាប់បានជាសះស្បើយពីជំងឺបន្ទាប់ពីការព្យាបាលរបស់ខ្លួននោះ។ គ្រូបានប្រាប់ជាមុនដល់សិស្សគណៈទាំងនោះពីថ្ងៃកំណត់ត្រូវធ្វើពិធីបុណ្យ។

ថ្ងៃនោះបានមកដល់សិស្សម្នាក់ៗបាននាំគ្នាយកថាសផ្លែឈើស្លាម្លូ មាន់ស្ងោរមួយ ស្រាដបស្រាបិតមួយដប។ ទាំងអស់គ្នាបានជួប ជុំគ្នានៅក្នុងភូមិមួយដែលត្រូវបានរៀបចំឡើងជារានមួយឬអាសនៈតូចមួយ! ដែលមានបីជាន់ ដែលនៅទីនោះគេដាក់តង្វាយផ្សេងៗ។

គេបានដាក់នៅលើថាសមួយធ្វើពីឈើ(ក្បាក់) នូវពែងពីរដែលមានស្រាពេញ ទៀន៣ត្រូវបានដុតបញ្ឆេះ ហើយបិតជាបីជ្រុងនៅលើមាត់ថាស ។ គេបានយកក្រណាត់សដែលគាត់មានមកធ្វើជាឈ្មួត កន្សែងពានា ជាអាវពាក់។ ការរៀបចំជាដំបូងនេះរួចហើយ គ្រូនោះបានចាប់កាន់ថាស ដោយដៃទាំងពីរ។

ភ្លេងចាប់ផ្តើមប្រគំ គ្រូដែលពេលនោះបានក្លាយជារូបអារក្សដែល អាចទទួលនូវខ្មោចនានាបាន បានអង្គុយឬក្រោកឈរស្រែកថ្ងូរយោល យោគខ្លួនខំប្រឹងរុញទៅឆ្ងាយ ឬយកមកជិតនូវថាសដែលគាត់កាន់នៅដៃ។ ក្នុងរយៈពេលមួយរយៈក្រោយមក ពួកស្នំ (ស្ត្រីៗដែលចូលរួមក្នុងពិធីនេះ) បានសួរទៅអ្នកចូលរូបនោះនូវពាក្យដូចតទៅនេះ ៖

តើអស់លោកខាងណាដែលអញ្ជើញមក? អ្នកចូលរូបក្នុងរូបភាពជា ខ្មោចចូលបានឆ្លើយទៅតាមបំណងរបស់ខ្លួននូវឈ្មោះផ្សេងៗ ដូចជាតា ដំបងដែក-រំពាត់មាស-ស្រីខ្មៅ ។ល។ ពេលខ្មោចឆ្លើយប្រាប់ឈ្មោះហើយ ពួកស្អំបានអង្វរខ្មោចទាំងនោះថា "កូនសិស្សដែលជួបជុំគ្នានេះដើម្បីលៀង ភត្តាហារដើម្បីសុំសេចក្តីសុខ និងសូមឱ្យលោកម្ចាស់ប្រោសប្រណីរាប់អាន ទុកកូនចៅតូចតាចដូចជាកូនចាប-កូនព្រាបផងទៅចុះ។ សូមលោកម្ចាស់ ជួយកម្ចាត់នូវគ្រប់ជំងឺតម្កាត់នានាហើយថែរក្សាកូនចាប-កូនព្រាប ប្រឆាំងនឹងខ្មោចព្រៃចង្រៃផ្សងផង”។

បន្ទាប់មក រូបអារក្សអកស្រាពេញមាត់ហើយព្រួសសាចទៅលើគ្រប់សិស្សគណៈទាំងអស់ទាំងស្រីទាំងប្រុសក្នុងពេលដែលអ្នកទាំងនោះលុតក្រាបដើម្បីថ្វាយអំណោយផ្សេងៗដែលខ្លួននាំមក។

ពិធីបានបញ្ចប់ បន្ទាប់ពីខ្មោចបានចេញពីរាងកាយរបស់គ្រូ ប៉ុន្តែពិធីនេះ បានចាប់ផ្ដើមឡើងវិញ សម្រាប់ខ្មោចផ្សេងទៀត។ បន្ទាប់ពីរង់ចាំបន្តិច គ្រូបានគ្រងក្រណាត់សឡើងវិញ ហើយចាក់ស្រាបំពេញពែង ភ្លេងចាប់ផ្ដើមប្រគំ ភាពញ័រញាក់បានចាប់ផ្តើមជាថ្មី ហើយឈ្មោះខ្មោចថ្មីក៏ត្រូវបានចេញពីរូបអារក្សដែរ។ តង្វាយដូចមុនបានថ្វាយចំពោះខ្មោចទី២ ដែលនឹងចេញពីរាងកាយរបស់គ្រូនោះ បន្ទាប់ពីបានព្រួសទឹកមន្តជាតំណក់ល្អិតទៅ លើសិស្សគណៈទាំងឡាយ។

ពិធីនេះបានធ្វើជាបន្តបន្ទាប់រហូតដល់១០-២០-៣០ ឬ ៤០ដងគឺ យោលទៅតាមកម្លាំងកាយ កម្សួលចិត្ត ការណែនាំ និងភាពល្បីល្បាញដ៏ធំធេងរបស់គ្រូ។ ជាទូទៅ គេបញ្ចប់ពិធីលៀងអារក្សដែលជាញឹកញាប់មានរយៈពេល វែងនោះនៅមុនពេលយប់មកដល់។ បើសិនជាខ្មោចមានច្រើន គេអាចធ្វើ បន្តនៅថ្ងៃបន្ទាប់។

ក្នុងចំណោមប្រជាជនទាំងនេះដែលមិនទាន់មានអ្នកណាម្នាក់ធ្វើជា សិស្សឬសាវ័កនៅឡើយ ឥទ្ធិពលដ៏ចម្លែកនេះបានផ្សារភ្ជាប់នឹងមូលហេតុ ដូចតទៅ ៖

មនុស្សអាក្រក់ណាម្នាក់បានឃើញដើមឈើតូចមួយគឺដើមសំរោង មិនទាន់មានមែក ក៏ប៉ុន្តែដើមឈើនេះមានប្រហោងដោយគេចោះ ហើយដុះនៅលើដំបូកកណ្ដៀរដែលកណ្ដៀរនេះឈប់រស់នៅទៅហើយ។ កូនឈើនេះដោយប្រមូលផ្តុំនូវលក្ខណៈផ្សេងៗបែបនេះ គឺជាជម្រករបស់ព្រាយ ! ខ្មោចចង្រៃ ឬព្រាយបិសាចអាវាសែ។ បើមនុស្សអាក្រក់នោះកាប់ដើមឈើនោះហើយលួចយកទៅប្រមៀលដោយលួចលាក់ចូលទៅខាងក្រោមរោងពិធីលៀងអារក្សនោះ នឹងធ្វើឱ្យអ្នកចូលរួមទាំងអស់លុះដោយអំណាចព្រាយអាវាសែនោះ។

ក្រៅពីពិធីធំៗប្រចាំឆ្នាំ អារក្សត្រូវបានគេបន់ស្រន់ក្នុងករណីដែល មានជំងឺដូចដែលបានលើកឡើងរួចមកហើយ។ ពិធីនេះគេហៅថាលៀងអារក្ស ដែលប្រារព្ធធ្វើឡើងនៅផ្ទះអ្នកជំងឺ។ ពិធីនេះអាចធ្វើឡើងដោយអម ជាមួយបទចម្រៀង(ចម្រៀងថ្វាយអារក្ស) ប៉ុន្តែក្រុមតន្ត្រីមិនសូវមានច្រើនទេ អ្នកចូលរួមមានតែអ្នកជំងឺដែលទទួលតែក្រុមគ្រួសាររបស់ខ្លួននិងអ្នកដែលជិតស្និទ្ធប៉ុណ្ណោះ។ ម្យ៉ាងទៀត ផ្ទះត្រូវបានបើទ្វារចំហសម្រាប់អ្នកមកពីក្រៅ។

ពិធីលៀងអារក្សនេះ គឺប្រហាក់ប្រហែលនឹងពិធីបុណ្យអារក្សប្រចាំឆ្នាំដែរ លើកលែងតែនៅចុងជិតចុងបញ្ចប់នៃការសុំសេចក្តីសុខ ស្អំម្នាក់ឬស្រីម្នាក់បានសួរទៅអារក្សនូវពាក្យដូចតទៅ ជំងឺនេះជាស្នាដៃរបស់ខ្មោចចង្រៃណា ឬដោយលោកម្ចាស់របស់យើង?

អារក្សបានដកទៀនមួយ ពិនិត្យដៃរបស់ខ្លួនឬដៃរបស់អ្នកជំងឺហើយ ឆ្លើយតាមគំនិតយោបល់របស់ខ្លួន។ ជំងឺអាចបណ្តាលមកពីស្នាដៃរបស់ អ្នកតាចិត្តអាក្រក់ ព្រាយបិសាច អ្នកតាខ្យល់ អារក្សទឹក...។ ជំងឺនេះអាចកើតមានដោយមូលហេតុប្រមាថដល់ព្រលឹងដូចតា។ល។ ស្រីស្នំបានចាប់ផ្តើមនិយាយម្ដងទៀត"ពួកយើងគ្មានអ្វីក្រៅពីសង្ឃឹមលើការជួយនិងការចូលរួមរស់លោកម្ចាស់ទេ”។

បើសិនជាគ្រូចូលរូបមានការយោគយល់គាត់នឹងព្រួសលើអ្នកជំងឺ គាត់វាយអ្នកជំងឺ ចាក់អ្នកជំងឺ ហើយឆូតសាច់តិចៗដើម្បីកម្ចាត់ខ្មោចចង្រៃ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត