
បុណ្យសែនព្រះខែ ជាពិធីបុណ្យមួយ នៅពាក់កណ្តាលសរទរដូវ (Mid-Autumn Festival) ត្រូវបានគេស្គាល់ថាជាបុណ្យសែនព្រះខែ ឬ ចុងឈីវជៀ។ ពិធីបុណ្យនេះ សម្រាប់អបអររដូវប្រមូល ផលពេញនិយមមួយ ត្រូវបានប្រារព្ធឡើងដោយជនជាតិ ចិន, តៃវ៉ាន់, និងប្រជាជនវៀតណាម ដែលមានអាយុកាលពាន់ឆ្នាំមកហើយ។
ពិធីនេះគេប្រារព្ធឡើងនៅថ្ងៃទី១៥ ក្នុងខែទី ៨របស់ចិន ហើយត្រូវនឹងខែ កញ្ញា ឬ តុលានៃ ប្រក្រតិទិនសុរិយាគតិ ក្នុងថ្ងៃពេញបូណ៌មី ឯម្ហូបប្រពៃណីនៃពិធីនេះគឺ នំព្រះខែនេះឯង។

យ៉ាងណាមិញ ទាក់ទងនឹងប្រវិត្ត នៃការសែននំព្រះខែ មានឯកសារជាច្រើនបានបង្ហាញពីរឿង ព្រេងនិទាននេះ ខុសៗគ្នា។ ថ្ងៃនេះ SBM News នឹងលើកយករឿងព្រេងនិទានមួយទាក់ទងនឹង ប្រវិត្តពិធីបុណ្យនេះ។
ព្រេងនិទាននេះគឺកើតឡើងក្នុងរជ្ជកាលព្រះចៅអធិរាជ យ៉ាវ ។ ដោយសារកាលនោះ មានព្រះ អាទិត្យរះចំនួន១០ធ្វើឱ្យផែនដីឆេះ ព្រះអង្គក៏បានផ្សព្វផ្សាយរកអ្នកជំនាញបាញ់ធ្នូ។ បន្ទាប់មកក៏មាន បុរសម្នាក់ឈ្មោះ ហូវយី ទៅបាញ់ព្រះអាទិត្យធ្លាក់អស់ចំនួន៩ រួចព្រះអង្គក៏ប្រទានថ្នាំជីវិតអមតៈ ដល់ អ្នក ក្លាហានម្នាក់នោះ។ ប៉ុន្តែបញ្ហានៅត្រង់ថា ថ្នាំជីវិតអមតៈនោះ ទាល់តែជាមនុស្សកាន់សីលទើបអាចលេបបាន ហើយអ្នកក្លាហានរូបនេះ មិនមែនជាអ្នកកាន់សីលនោះឡើយ ទើបរូបគេក៏ចេញទៅតាំងសីលដើម្បីអាចលេបថ្នាំនោះបាន
ថ្លែងពីប្រពន្ធអ្នកក្លាហានវិញ នាងមានឈ្មោះថា ឆាងអ៊ី ជាអ្នកតម្បាញ។ ដោយខឹងនឹងប្ដី ហូវយី ទៅកាន់សីលយូរពេក នាងក៏បានយកថ្នាំនោះមកលេបសម្លាប់ខ្លួន តែបែរជាលេបរួចហើយ ស្រាប់តែនាង អណ្តែតឡើងលើអាកាសដល់ព្រះចន្ទ នឹងរស់នៅទីនោះជារៀងរហូត។
ដូច្នេះទើបគេគិតថា សម្រស់ព្រះចន្ទស្អាត ដែលជាសម្រស់របស់ព្រះនាងឆាងអ៊ី បានក្លាយ ជាទេវតារស់នៅជាមួយសត្វទន្សាយជាច្រើនក្បាល។ តាំងពីពេលនោះមកមនុស្ស មួយចំនួនតែងឃើញ រូបស្ត្រីម្នាក់អង្គុយត្បាញ និងខ្លះទៀតឃើញរូបសត្វទន្សាយក៏មាន។ តាមតំណាលតៗគ្នានេះហើយ ទើបជារៀងរាល់ថ្ងៃបុណ្យនំព្រះខែ គេឃើញព្រះចន្ទពេញវង់ល្អនោះ គេតែងតែយកនំ និងម្ហូបខ្លះមានបង្អែម ដើម្បីថ្វាយព្រះនាងឆាងអ៊ី។
តាមទំនៀមទម្លាប់ប្រពៃណីចិននៅថ្ងៃបុណ្យនេះក្រុមសមាជិកគ្រួសារជួបជុំគ្នាដោយរៀបចំតង្វាយសែនព្រះចន្ទ្រ ដោយកោតសរសើររស្មីព្រះចន្ទពេញវង់ ដោយពន្លឺត្រចះត្រចង់ បរិភោគនំព្រះខែ និងបួងសួងសុំសេចក្តីសុខសប្បាយដល់ញាតិមិត្តភក្តិដែលរស់នៅជិតឆ្ងាយឱ្យមានសេចក្តីសុខសប្បាយ អាយុយឺនយូរ និងប្រកបដោយសេចក្តីសុខចម្រើន៕




