
រូបភាពតំណាង
ជំនឿលើកូនក្រក និងកូនព្រាយ នៅតែដក់ជាប់ក្នុងផ្នត់គំនិតប្រជាពលរដ្ឋខ្មែរនៅឡើយ បើទោះបីជាបច្ចុប្បន្នពិភពលោកមានភាពជឿនលឿនយ៉ាងណាក៏ដោយ។ ប៉ុន្តែសម្រាប់ក្មេងៗ ឬយុវជនជំនាន់ក្រោយអាចធ្លាប់ត្រឹមបានឮខ្លះៗពីពាក្យថា កូនក្រក កូនព្រាយ ប៉ុន្តែប្រហែលជាមិនទាន់ដឹងលម្អិតពីភាពខុសគ្នានៃរបស់ទាំងពីរនេះនៅឡើយទេ។ ខណៈនេះ SBM News នឹងពាំនាំចម្លើយខ្លះៗ ប្រាប់អស់លោកអ្នក៖
យោងតាមសៀវភៅ ជំនឿបុរាណនៃជនជាតិខ្មែរ ប្រែសម្រួលដោយ ឈិន ឃួន បានបកស្រាយប្រភពនិងកំណើតនៃ កូនក្រក និងកូនព្រាយ ឱ្យដឹងថា៖
កូនក្រក
ពាក្យក្រក ជាពាក្យដែលបង្កើតឡើងដោយត្រាប់តាមរយៈការផ្ទុះនៃការលីងអ្វីមួយ ឬជាការខ្សឹបខ្សៀវដែលកូនក្រកធ្វើឱ្យឮដល់ត្រចៀកនៃឪពុករបស់ខ្លួន។ នៅក្នុងគ្រួសារមួយដែលរៀបការថ្មីថ្មោង ហើយ ក្នុងចំណោមអ្នកទាំងពីរពីមុនមកគ្មានអ្នកណាម្នាក់ធ្លាប់បានរៀបការទេ (គឺ ជាកំលោះក្រមុំបរិសុទ្ធ) នៅពេលដែលប្រពន្ធមានផ្ទៃពោះជាលើកដំបូង ដែលមានរយៈពេលប្រហែល៥ខែ ប្ដីដែលជំរុញដោយការលោភលន់ដ៏ចង្រៃឧបទ្រព្យនោះ បានបញ្ចោរនិងលួងលោមប្រពន្ធរបស់ខ្លួនដើម្បីសុំកូន នៅក្នុងពោះហើយណែនាំឱ្យប្រពន្ធនិយាយដោយពេញចិត្តពេញថ្លើមថា "បើបងចង់បានយកវាទៅចុះវាជារបស់បងហើយ”។ បន្ទាប់ពីប្រពន្ធបានឱ្យខ្លួនហើយ ដោយយកលេសណាមួយ ប្ដីបាននាំប្រពន្ធចូលទៅក្នុងព្រៃដែលនៅឆ្ងាយ _ រួចសម្លាប់ប្រពន្ធវះពោះដើម្បីយកកូនយកមកអាំងដោយយកខ្សែអំបោះប្រាំពីរសរសៃរុំព័ទ្ធជុំវិញ។ ប្ដីបាននាំ យកកូនដែលអាំងក្រៀមនេះមកលាបធ្យូងនិងខ្មុកម្រ័ក្ស ហើយដើម្បីបិទបាំង កុំឱ្យគេទាំងឡាយឃើញ ប្ដីនោះបានដេរភ្ជាប់កូនក្រកទាំងនោះដាក់ក្នុងកូនថង់មួយដែលវាមិនអាចចេញទៅណាបានទេ។
ចាប់តាំងពីថ្ងៃនោះមក នៅក្នុងគ្រប់ការលំបាកឬទុក្ខភ័យ ត្រូវតែនឹកទៅដល់កូនក្រករបស់ខ្លួនហើយបន់ស្រន់ឱ្យជួយ។ កូនក្រក ក្រើនរំលឹកឪពុកនិងខ្សឹបប្រាប់ដំបូន្មានដាក់ត្រចៀកគាត់ ហើយជានិច្ចកាល បានទាញឪពុកចេញពីរឿងរ៉ាវទាំងនោះ។ ចំពោះការលេងល្បែង បានបង្ហាញដល់ឪពុកនូវសន្លឹកបៀរឬគ្រាប់អាប៉ោងដែលត្រូវចេញទៀតផង។ នៅក្នុងប្រទេសកម្ពុជា ឪពុកម្តាយក្មេកទាំងឡាយ នៅពេលដែលកូនស្រីរបស់ខ្លួនមានផ្ទៃពោះជាលើកដំបូង មិនសូវទុកចិត្តលើកូនប្រសារប្រុសទេ ហើយបានបំបែកឱ្យគូស្វាមីថ្មោងថ្មីនេះនៅឃ្លាតឆ្ងាយពីគ្នា។
គេបាននិទានឧទាហរណ៍ដ៏ល្បីរន្ទឺមួយនៅក្នុងប្រទេសថាមានលោក សេនាម្នាក់ឈ្មោះថុង រស់នៅស្រុកភ្នំស្រួច បានប្រព្រឹត្តអំពើឧក្រិដ្ឋកម្មនេះ (វះពោះប្រពន្ធយកកូនក្រក)។ ឪពុកក្មេករបស់សេនាថុង បន្ទាប់ពីបានដេញចាប់សេនាថុងដោយបរាជ័យ(ចាប់មិនបាន)បានទៅប្តឹងដល់ស្ដេច, ស្តេចក៏បានបញ្ជាឱ្យកេណ្ឌមនុស្សចំនួន៥០នាក់ ហើយដាក់ឱ្យស្ថិតនៅក្រោមការ ចាត់ចែងរបស់លោកតាជាឪពុកក្មេកដែលខឹងឆួលដោយកំហឹង។ សេនាថុង ដែលផ្តល់ដំណឹងដោយកូនក្រក បានបំផ្លាញចោលនូវគ្រប់អន្ទាក់ទាំងអស់ ដែលឪពុកក្មេកស្ទាក់ចាប់ ហើយអាចភៀសខ្លួនចេញផុតពីព្រំដែនខ្មែរ ហើយបានទៅរស់នៅផ្ទះខ្មែរនៅចូវដុក (មាត់ជ្រូក) នៅទីនោះគេនិយាយថា គាត់បានធ្វើ ឱ្យគេខ្លបខ្លាចចាប់តាំងពីគាត់លេចមុខនៅក្នុងភូមិម៉្លេះ។ ស្រីក្រមុំៗបានមកផ្ទះដែលគាត់ស្នាក់នៅ លាងជើងឱ្យគាត់ ជាសញ្ញាបញ្ជាក់នូវការគោរពយ៉ាងខ្លាំងក្លាបំផុត។

កូនព្រាយ
កាលណាស្ត្រីម្នាក់នៅពេលមានផ្ទៃពោះប្រហែល៧-៨-៩ខែ ហើយស្លាប់ដោយមិនបានប្រសូតកូននោះ ស្ត្រីនោះនិងកូនរបស់នាងត្រូវបាន សម្លាប់ដោយព្រាយអាវាសែ។ បីថ្ងៃបន្ទាប់ពីការកប់ខ្មោចស្ត្រីនោះហើយ មនុស្សម្នាក់ដែលមានទឹកចិត្តមោះមុតក្លាហាននិងមានការប្តេជ្ញាចិត្តអាចដើរទៅផ្នូររបស់ខ្មោចស្រីនោះនៅពេលយប់ ដែលនៅទីនោះគាត់រៀបចំកំណាត់ដើមចេកជាបីថ្នាក់មាន បាយស បាយក្រហម លាយស្ករ មានលាច ហើយនិងមានម្សៅបន្តិចដែលគាត់លុញធ្វើជារាងមុខព្រាយក្បាលប្រាំបី។ គាត់បានព័ទ្ធព្រំដែនសីមានៅជុំវិញកន្លែងនោះ ដោយអំបោះ៧សរសៃ ហើយគាត់ឈរនៅក្នុងរង្វង់ហ៊ុមព័ទ្ធនោះ។ គាត់ដាក់នៅលើផ្នូរនូវខ្សែចំនួន៧ផ្សេងទៀត ហើយគាត់ទាញខ្សែនោះតិចៗ ដោយសូត្រមន្តអាគមសម្រាប់អន្ទងហៅខ្មោច។ ការធ្វើយ៉ាងដូច្នេះ នៅលើកទី៣ ខ្មោចបានលេចមុខឡើងដូចជានាងនៅរស់។ អ្នកអន្ទងហៅខ្មោចបានសុំកូនរបស់ខ្មោចនោះដោយសន្យាថានឹងយកមកថែរក្សា។ ខ្មោចដែលស្លាប់បានលងអ្នកអន្ទងហៅខ្លួន បានធ្វើឱ្យភ័យខ្លាច ដោយញាក់មុខ ញាក់មាត់គួរឱ្យខ្លាច លៀនអណ្តាតចេញយ៉ាងធំធ្វើភ្នែកក្រឡេកក្រឡាប់គួរឱ្យភ័យរន្ធត់។ ខ្មោចនោះបានប្រែខ្លួនជាពស់ដ៏កាចសាហាវ ជាខ្លាដែលលោតមកសង្កប់ដោយស្រែកគ្រហឹម ជាដំរីដែលស្ទុះមកដោយកំហឹង។ គ្រូមន្តអាគមនោះនឹងស្លាប់បាត់បង់បើសិនជាគាត់ទទួលរងនូវការភ័យខ្លាច គាត់នឹងស្លាប់នៅនឹងកន្លែង។ ក៏ប៉ុន្តែបើគាត់ស្ថិតនៅស្ងៀមស្ងាត់និង អធិដ្ឋាន ខ្មោចបានដកកូនរបស់ខ្លួនដោយខ្លួនឯងចេញពីក្នុងពោះ ហើយហុចឱ្យគ្រូនោះដោយនិយាយថា "សូមអ្នកយកទៅ នេះគឺកូនខ្ញុំ សូមថែរក្សាវាផង ហើយរាល់បំណងប្រាថ្នារបស់អ្នកនឹងបានសម្រេច។ គ្រូបាននាំកូនង៉ែតខ្មោចនោះមក ហើយអាំងដូចជាកូនក្រក ដោយរៀបចំនៅក្បែរភ្លើងនូវជើងម៉ាមួយដែលមាន៤ជាន់ជាមួយនឹងបាយនិងពងមាន់មួយនៅតាមជាន់នីមួយៗ។ គាត់ក៏បានស្រឡាបប្រេងដល់កូនខ្មោចក្រៀមនោះ ហើយដាក់ក្នុងកូនថង់មួយ។ គាត់ត្រូវតែដាក់ថ្វាយដល់កូនខ្មោចនោះនូវបាយបន្តិច នៅរាល់ពេលបាយ គឺប្រៀបបាននឹងកូនខ្មោចនោះជាក្មេងនៅរស់អ៊ីចឹង។ បើពុំធ្វើដូច្នេះទេ កូនព្រាយនឹងភៀសខ្លួនរត់បាត់។ បើសិនជាកូនព្រាយនេះត្រូវបានថែរក្សា វាធ្វើសកម្មភាពចំពោះម្ចាស់របស់វាយ៉ាងទៀងទាត់ ដូចជាកូនក្រកធ្វើចំពោះឪពុករបស់វាអ៊ីចឹងដែរ ដោយប្រាប់នូវគ្រប់អ្វីទាំងអស់ ដែលមានប្រយោជន៍ដល់ម្ចាស់៕

ប្រភព៖ ជំនឿបុរាណនៃជនជាតិខ្មែរ,ឈិន ឃួន


