៥យ៉ាង ដែលអាចជួយឱ្យសុនក របស់លោកអ្នកមានសុខភាពល្អ និងរស់បានយូរ
ភូមិន្ទ
03 កញ្ញា 2021 09:41 AM

សម្រាប់អ្នកដែលធ្លាប់រស់នៅជាមួយសត្វចិញ្ចឹម ប្រាកដជាយល់អារម្មណ៍មួយនេះ (តើជាអ្វី?) ពេលខ្លះអ្នកមានអារម្មណ៍ថា អ្នកមិនទាន់បានចំណាយពេលវេលាគ្រប់គ្រាន់ ជាមួយមិត្តជើងបួនរបស់អ្នកផង វាក៏ដល់ពេលបែកគ្នាទៅហើយ។ សុនកភាគច្រើន រស់នៅបានជាមធ្យមប្រហែល ១៤ឆ្នាំប៉ុណ្ណោះ ខណៈពេលដែលសុនកផ្សេងទៀត អាចនឹងមានជំងឺមួយចំនួនដែលមកកំណត់អាយុជីវិតរបស់ពួកគេ។

ប៉ុន្តែអ្វីដែលមនុស្សជាច្រើនមិនធ្លាប់បានដឹងនោះគឺ មនុស្សនិងសត្វឆ្កែមានភាពស្រដៀងគ្នាជាច្រើនខាងហ្សែន  រួមទាំងទំនោរទៅនឹងមានជំងឺមហារីកទៅតាមអាយុកាល។ ទាំងនេះមានន័យថាវិធី​សាស្ត្រដែលមនុស្សប្រើប្រាស់ ដើម្បីទទួលបាននូវសុខភាពល្អ និងអាចរស់នៅបានយូរអង្វែង នោះក៏ប្រហែលជាអាចអនុវត្តលើសត្វសុនកបានផងដែរ។

ខាងក្រោមនេះជាវិធីសាស្ដ្រមួយចំនួនដែរអាចជួយឱ្យសត្វចិញ្ចឹមរបស់លោកអ្នកមានសុខភាពល្អ និងរស់នៅបានយូរអង្វែង៖ 

១/ ពិនិត្យមើលចង្កេះរបស់ពួកវា

កត្តាមួយសំខាន់ដែលអាចធ្វើឱ្យប្រភេទសត្វមួយចំនួនរស់នៅបានយូរនោះ គឺការរក្សាទម្ងន់ឱ្យបានល្អ។ ដែលនោះមានន័យថា ការធានាថាសត្វឆ្កែមិនមានទម្ងន់លើស ហើយត្រូវគ្រប់គ្រងការញ៉ាំកាឡូរីរបស់ពួកវាដោយប្រុងប្រយ័ត្ន។

មិនត្រឹមតែអាចរក្សាទម្ងន់ និងរាងកាយមានសុខភាពល្អ សម្រាប់ឆ្កែរបស់អ្នកក្នុងរយៈពេលវែងប៉ុណ្ណោះទេ វាក៏អាចជួយកំណត់ ឬកាត់បន្ថយនូវពីផលប៉ះពាល់នៃស្ថានភាពសុខភាពមួយចំនួនផងដែរ ដូចជាជំងឺរលាកសន្លាក់ឆ្អឹងជាដើម។

ត្រួតពិនិត្យ និងគ្រប់គ្រងទម្ងន់ឆ្កែរបស់អ្នក ដោយប្រយ័ត្នប្រយែងតាមរយៈការថ្លឹងទម្ងន់ជាប្រចាំ ឬការដាក់ពិន្ទុលើស្ថានភាពរាងកាយ អ្នកមើលទៅលើរូបរាងកាយរបស់ឆ្កែអ្នកហើយ "ដាក់ពិន្ទុ" ពួកវាតាមមាត្រដ្ឋានដើម្បីពិនិត្យមើលថាតើវាលើសទម្ងន់ ឬទម្ងន់មានសុខភាពល្អ។ ការប្រើប្រាស់វិធីទាំងពីរនេះជាមួយគ្នា នឹងអនុញ្ញាតឱ្យអ្នកកំណត់ពីការផ្លាស់ប្ដូរទម្ងន់ និងផ្លាស់ប្ដូររបបអាហាររបស់ពួកគេតាមតម្រូវការ។

ប្រើប្រាស់កាលវិភាគអំពីការផ្ដល់អាហារជាចំណុចចាប់ផ្តើមសម្រាប់ការចិញ្ចឹមសត្វឆ្កែរបស់អ្នក ហើយអ្នកក៏ប្រហែលជាត្រូវផ្លាស់ប្ដូរប្រភេទអាហារ ឬបរិមាណដែលអ្នកផ្ដល់ឱ្យពួកគេ ដើម្បីរក្សាទម្ងន់ឱ្យមានសុខភាពល្អ នៅពេលដែលឆ្កែរបស់អ្នកកាន់តែចាស់ ឬអាស្រ័យលើការធ្វើសកម្មភាពប្រចាំថ្ងៃរបស់ពួកគេ ។

យល់ដឹងឱ្យច្បាស់ថា បរិមាណដែលអ្នកកំពុងផ្តល់អាហារដល់ឆ្កែរបស់អ្នក ក៏ជាវិធីសាស្ដ្រក្នុងការគ្រប់គ្រងទម្ងន់ដ៏សំខាន់ផងដែរ ដូច្នេះចូរថ្លឹងទម្ងន់អាហាររបស់ពួកគេជាជាងចាប់វាដោយភ្នែក។

ជាទូទៅ អាហាររូបត្ថម្ភល្អអាចត្រូវបានផ្សារភ្ជាប់ទៅនឹងស្ថានភាពសុខភាពដ៏ល្អទៅតាមអាយុកាល។  អាហាររូបត្ថម្ភ "ល្អ" នឹងប្រែប្រួលទៅតាមប្រភេទនៃឆ្កែនីមួយៗ ប៉ុន្តែត្រូវប្រាកដថារកមើលអាហារដែល មានសុវត្ថិភាព រសជាតិ និងផ្តល់នូវសារធាតុចិញ្ចឹមទាំងអស់ដែលឆ្កែរបស់អ្នកត្រូវការ។

២/ បណ្ដើរសុនករបស់អ្នកឱ្យបានច្រើន

លំហាត់ប្រាណ មានអត្ថប្រយោជន៍ទាំងខាងសរីរៈវិទ្យា និងចិត្តវិទ្យា ទាំងចំពោះឆ្កែរបស់អ្នក (និងអ្នក) ។  សកម្មភាពរាងកាយអាចជួយគ្រប់គ្រងទម្ងន់របស់ឆ្កែ ហើយវាក៏មានឥទ្ធិពលប្រឆាំងភាពចាស់ផងដែរ។

ខណៈពេលដែលការធ្វើលំហាត់ប្រាណតែម្យ៉ាង នឹងមិនអាចធ្វើឱ្យឆ្កែរបស់អ្នកមានអាយុវែងនោះទេ តែវាអាចជួយការពារពីការលើសទម្ងន់។  ការស្រាវជ្រាវមួយបានបង្ហាញថា ការបណ្ដើរឆ្កែដើរលេងដោយ “ភាពរីករាយ” អាចនាំឱ្យទាំងឆ្កែ និងមនុស្សមានភាពស្រស់ស្រាយ ។

៣/ បង្រៀនពួកគេនូវទិចនិចថ្មីៗ

អាយុមិនមែនសម្ដៅតែទៅលើរូបរាងកាយប៉ុណ្ណោះទេ តែការរក្សានូវភាពសកម្មនៃខួរក្បាលរបស់សត្វចិញ្ចឹម ក៏ជារឿងដែរមានប្រយោជន៍ផងដែរ។  មិនខុសអ្វីពីសុភាសិតមួយបាននិយាយថា អ្នកអាចបង្រៀនទិចនិចថ្មីដល់ឆ្កែចាស់ ហើយអ្នកប្រហែលជាអាចរក្សាខួរក្បាល និងរាងកាយរបស់វាឱ្យនៅក្មេងជាងវ័យ។

ទោះបីជាសកម្មភាពរាងកាយត្រូវប្រើប្រាស់ឱ្យមានកំណត់ក៏ដោយ ចូរស្វែងរកហ្គេមដែលប្រើប្រាស់កម្លាំងតិចៗ ដូចជាល្បែងស្រូបក្លិនដែលអ្នក និងឆ្កែរបស់អ្នកអាចលែងជាមួយគ្នាបាន។  ការប្រើច្រមុះរបស់ពួកគេគឺជា ការផ្ដល់រង្វាន់ និងភាពសប្បាយរីករាយដែលសត្វឆ្កែត្រូវធ្វើ ដូច្នេះការបណ្តុះបណ្តាលសត្វឆ្កែឱ្យរករបស់របរដោយប្រើច្រមុះ ដើម្បីស្រូបក្លិននឹងជួយពួកគេទាំងផ្លូវចិត្ត និងរាងកាយ។

លំហាត់ប្រាណផ្សេងទៀតដូចជា ការហែលទឹកក៏អាចជាជម្រើសដ៏ល្អមួយដែរ ជាពិសេសសម្រាប់សត្វឆ្កែដែលមានទំនោរខាងលេងទឹកជាជាងការធ្វើលំហាត់ប្រាណធម្មតា។

៤/ ចំណងមិត្តភាព

ដូចទៅនឹងសត្វចិញ្ចឹមដទៃទៀតដែរ ឆ្កែបង្កើនទំនាក់ទំនងយ៉ាងច្បាស់ជាមួយនឹងអ្នកថែទាំពួកគេ។  ចំណងទំនាក់ទំនងរវាងមនុស្ស និងឆ្កែ ទំនងជាផ្តល់ភាពជាដៃគូនឹងគ្នា ហើយជារឿយៗ អ្នកស្រឡាញ់ឆ្កែតែងតែពិពណ៌នាថា សត្វចិញ្ចឹមរបស់ពួកគេប្រៀបដូចជា សមាជិកគ្រួសារ។

ចំណងទំនាក់ទំនងរវាងអ្នកថែទាំឆ្កែ អាចជួយរក្សាស្ថិរភាពភាពជាដៃគូប្រកបដោយភាពរីករាយ និងផលប្រយោជន៍ទៅវិញទៅមករវាងអ្នកនិងឆ្កែរបស់អ្នក។ វាក៏អាចជួយអ្នកឱ្យដឹងពីការផ្លាស់ប្ដូរអាកប្បកិរិយា ឬចលនាឆ្កែរបស់អ្នក ដែលអាចបង្ហាញនូវកង្វល់ដែលអាចកើតមានមួយចំនួនបានផងដែរ។

ការធ្វើសកម្មភាពរួមគ្នារវាងអ្នកថែទាំ និងឆ្កែនេះ នាំឱ្យមានទំនាក់ទំនងល្អប្រសើរ ហើយថែមទាំងផ្តល់អត្ថប្រយោជន៍ដល់ម្ចាស់ រួមទាំងការបំបាត់ភាពតានតឹងនិងការធ្វើលំហាត់ប្រាណ។  ការចែករំលែកបទពិសោធវិជ្ជមាន សប្បាយ ៗ ជាមួយឆ្កែរបស់អ្នករួមទាំងលេងជាមួយពួកគេ គឺល្អសម្រាប់ពង្រឹងចំណងរបស់អ្នក។

៥/ មិនត្រូវខកខានក្នុងការណាត់ជាមួយពេទ្យសត្វ

ពេទ្យសត្វនាពេលបច្ចុប្បន្ន ត្រូវបានមើលឃើញជួយឱ្យមានភាពប្រសើរឡើងគួរឱ្យកត់សម្គាល់ក្នុងការការពារ និងគ្រប់គ្រងនូវរាល់កង្វល់អំពីសុខភាពសត្វឆ្កែ។  ការចាក់វ៉ាក់សាំង និងកម្មវិធីគ្រប់គ្រងប៉ារ៉ាស៊ីតប្រកបដោយជោគជ័យ បានកាត់បន្ថយអត្រាកើតជំងឺទាំងឆ្កែ និងមនុស្សយ៉ាងមានប្រសិទ្ធភាព រួមទាំង toxocariasis ដែលអាចចម្លងពីលាមកឆ្កែ ទៅមនុស្ស និងជំងឺឆ្កែឆ្កួតដែលអាចចម្លងពីឆ្កែមួយ ទៅឆ្កែមួយ ឬពីឆ្កែ ទៅមនុស្ស។

ការមានទំនាក់ទំនងល្អជាមួយពេទ្យសត្វប្រចាំរបស់អ្នក នឹងអនុញ្ញាតឱ្យអ្នកមានភាពងាយស្រួលការព្យាបាល និងពិភាក្សាអំពីតម្រូវការឆ្កែរបស់អ្នក។  ការពិនិត្យសុខភាពជាទៀងទាត់ ក៏អាចមានប្រយោជន៍ក្នុងការកំណត់បញ្ហា ដែលអាចកើតមាននៅដំណាក់កាលដំបូងៗ ដែលអាចព្យាបាលបាន ដូចជាបញ្ហាធ្មេញ ឬជំងឺរលាកឆ្អឹង ដែលអាចបង្កឱ្យមានការឈឺចាប់ និងផលនូវប៉ះពាល់អវិជ្ជមានដល់សុខុមាលភាពរបស់ឆ្កែ។

នៅទីបញ្ចប់ វាជាការរួមបញ្ចូលគ្នារវាងហ្សែនឆ្កែ និងបរិយាកាសដែលពួកគេរស់នៅដែលជះឥទ្ធិពលដល់អាយុ កាលរបស់វាផងដែរ។  ដូច្នេះខណៈពេលដែលយើងមិនអាចផ្លាស់ប្ដូរហ្សែនរបស់ពួកគេបាន មានរឿងជាច្រើនដែលយើងអាចជួយកែប្រែស្ថានភាពសុខភាពរបស់ពួកគេ ដើម្បីជួយឱ្យពួកគេអាចរស់នៅបានយូរនិងមានសុខភាពល្អបានផងដែរ៕

បកប្រែដោយ៖ កញ្ញា កញ្ចៈនា

ប្រភព ៖ www.sciencealert.com

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត