បញ្ឈប់ការរើសអើង ឬ Bully បើមិនចង់ឱ្យអ្នកណាម្នាក់ស្លាប់ដោយសារអ្នក (មានវីដេអូ)
ភូមិន្ទ
23 សីហា 2021 02:30 PM

ការរើសអើង ឬ Bully គឺជាប្រធានបទក្ដៅ ដែលសង្គមយើងកំពុងតែជួបប្រទះ ព្រោះថាវាផ្ដល់ផល អាក្រក់ខ្លាំងដែលអាចជាមូលហេតុឱ្យជនរងគ្រោះមានជំងឺផ្លូវចិត្តឬអស់ជីវិតបាន។ ខណៈនេះ នាងខ្ញុំ កញ្ចៈនា អ្នកសម្របសម្រួលក្នុងកម្មវិធី SBM disclosure នឹងបង្ហាញត្រួសៗពីអត្ថន័យ និងប្រភេទ ផ្សេងៗនៃការរើសអើង ឬ Bully រួមជាមួយផលប៉ះពាល់ធ្ងន់ធ្ងរមួយចំនួនដែលបង្កឡើងដោយ ប្រធានបទមួយនេះ។ ការរើសអើង ឬ Bully មានច្រើនប្រភេទខុសៗគ្នាដែលអាចប្រឈមទាំងកុមារនិងមនុស្សពេញវ័យ។ ខាងក្រោមនេះ គឺជាការ Bully ខ្លះៗដែលយើងឃើញកើតមានច្រើននៅក្នុងសង្គម៖

សូមទស្សនាវីដេអូបកស្រាយខាងក្រោម៖ 

១​. ការរំលោភបំពានលើរាងកាយ

ការរំលោភបំពានលើរាងកាយរួមមាន ការវាយ ទាត់ ធាក់ និងការរុញច្រាន ឬបំផ្លាញទ្រព្យសម្បត្តិ ជាដើម។ ការរំលោភបំពានលើរាងកាយបណ្តាលឱ្យមានការប៉ះទង្គិចផ្លូវចិត្តទាំងរាយកាយនិង ប្រាជ្ញា ស្មារតី មានទាំងរយៈពេលខ្លីនិងរយៈពេលវែង។

២. ការគំរាមកំហែងដោយពាក្យសំដី

ការគំរាមកំហែងដោយពាក្យសំដីរួមមានការហៅឈ្មោះក្នុងន័យបង្អាប់លេងសើច ការជេរប្រមាថ ការ ចំអក ការបំភិតបំភ័យ ការនិយាយដើម ឬការរើសអើងជាតិសាសន៍។ល។

៣. ការរំលោភបំពានសង្គម

ការរំលោភបំពាន ឬការសម្លុតគំរាមកំហែងសង្គម គឺសំដៅទៅលើការសម្លុតគំរាមកំហែងដែលធ្វើឡើង នៅពី​ក្រោយខ្នងជនដែលត្រូវគេបំពាន ក្នុងន័យធ្វើឱ្យខូចកេរ្តិ៍ឈ្មោះ ឬបង្កឱ្យមានភាពអាម៉ាស់។ល។ ការរំលោភបំពានសង្គមអាចរួមមាន៖

-        កុហកនិងផ្សព្វផ្សាយពាក្យចចាមអារ៉ាមមិនល្អ

-        ការបង្ហាញទឹកមុខឬកាយវិការអវិជ្ជមាន បង្ហាញពីការគំរាមកំហែងឬមើលងាយ

-        លើកយកបុគ្គលម្នាក់មកនិយាយលេងបែបកំប្លែងអាក្រក់ៗ ដើម្បីឱ្យគេអាម៉ាស់មុខ

-        ការធ្វើត្រាប់តាមបែបម៉ាក់ងាយ។ល។

៤. ការគំរាមកំហែងតាមអ៊ីនធឺណិត

និយមន័យនៃការគំរាមកំហែងតាមអ៊ីនធឺណិគឺមានន័យថា ជាការបង្កគ្រោះថ្នាក់ដោយចេតនា តាមរយៈ ការប្រើប្រាស់កុំព្យូទ័រ ទូរសព្ទ និងឧបករណ៍អេឡិចត្រូនិកផ្សេងទៀត។ ការគំរាមកំហែងតាមអ៊ីនធឺណិត អាចជាអាកប្បកិរិយាគំរាមកំហែងដោយប្រើបច្ចេកវិទ្យាឌីជីថល ដូចជាកុំព្យូទ័រ ស្មាតហ្វូន និងប្រព័ន្ធ ផ្សព្វផ្សាយសង្គម រួមមានការផ្ញើសារ អត្ថបទគេហទំព័រនិងវេទិកាអនឡាញផ្សេងទៀត។ល។

ការគំរាមកំហែងតាមអ៊ីនធឺណិតអាចរួមមាន៖

-        អត្ថបទបែបរំលោភបំពានដែលផ្សព្វផ្សាយទៅធ្វើឱ្យអ្នកដទៃឈឺចាប់ រួមមានរូបភាពឬវីដេអូ

-        ផ្សព្វផ្សាយពាក្យចចាមអារាមអាក្រក់ពីអ្នកដទៃ

-        ធ្វើត្រាប់តាមអ្នកដទៃតាមអ៊ីនធឺណិត​ ឬលួចប្រើប្រាស់គណនីសង្គមរបស់អ្នកដៃ។ល។

លោកអ្នកនាង! ក្រោយពីបានយល់ដឹងខ្លះៗពីអត្ថន័យ និងប្រភេទផ្សេងៗនៃការរើសអើង ឬ Bully នាងខ្ញុំនឹងបង្ហាញពីផលប៉ះពាល់របស់វាវិញម្ដង។ ជាទូទៅផលប៉ះពាល់នៃការរើសអើង ឬ Bully គឺមានរយៈពេលខ្លីនិងវែង។ យោងតាមមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ (CDC) បានបង្ហាញតួលេខ ឱ្យដឹងថា ការសម្លុតគំរាមកំហែងដល់សិស្សវិទ្យាល័យមានចំនួន ២០% ហើយការគំរាមកំហែង តាមអ៊ីនធឺណិតបានប៉ះពាល់ដល់សិស្សវិទ្យាល័យ ១៦% ។ ការស្ទង់មតិដែលចងក្រងដោយ CDC ក៏បានបង្ហាញផងដែរថា ៣៣% នៃសិស្សអាយុ ១២-១៨ បានរាយការណ៍ពីការសម្លុតនៅសាលានិង ២៧% នៃសិស្សអាយុ១២-១៨ ឆ្នាំ បានរាយការណ៍អំពីការគំរាមកំហែងតាមអ៊ីនធឺណិត ដោយពួកគេ ត្រូវបានគេធ្វើបាបយ៉ាងហោចណាស់ម្ដងឬពីរដងក្នុងមួយខែ។ ម្យ៉ាងវិញទៀត ចំពោះសាលាមធ្យម សិក្សាត្រូវបានរាយការណ៍ពីអត្រាខ្ពស់បំផុតនៃការសម្លុតដែលមានរហូតដល់ (២៥%) ដែលយ៉ាងហោច ណាស់ម្ដងក្នុងមួយសប្តាហ៍។

ផលប៉ះពាល់រយៈពេលខ្លី នៃការសម្លុតធ្វើបាបជនរងគ្រោះ

កុមារទាំងអស់មានភាពខុសប្លែកគ្នាហើយទំនងជាបង្ហាញពីអាកប្បកិរិយាខុសប្លែកគ្នាក្នុងអំឡុងពេលឬបន្ទាប់ពីការសម្លុតគំរាមកំហែងពីមិត្តភក្ដិ។ ផលប៉ះពាល់លើជនរងគ្រោះដែលត្រូវគេវាយធ្វើបាបអាចរួម មាន៖

• ផ្ដាច់ខ្លួនចេញពីគេឯង

•អារម្មណ៍ខ្មាស់អៀន

•រំខានដំណេក

•ការផ្លាស់ប្ដូរទម្លាប់នៃការញ៉ាំ

• ផ្ដល់តម្លៃ​ខ្លួនឯង​ទាប

•គេចសាលា

•រោគសញ្ញានៃការថប់បារម្ភ

•ហានិភ័យខ្ពស់នៃជំងឺ

•រោគសញ្ញាផ្លូវចិត្ត (ឈឺពោះ ឈឺក្បាល ឈឺសាច់ដុំ ឬក៏ត្អូញត្អែរពីអាការនៃរាងកាយផ្សេង ទៀតដោយ មិនដឹងពីមូលហេតុវេជ្ជសាស្ត្រ)

•រោគសញ្ញានៃជំងឺធ្លាក់ទឹកចិត្ត

ហានិភ័យរយៈពេលវែងនៃការសម្លុតធ្វើបាបជនរងគ្រោះ

ប្រសិនជាជនរងគ្រោះ ទទួលបានប្រព័ន្ធព្យាបាលនិងថែទាំសុខភាពផ្លូវចិត្តបានត្រឹមត្រូវ នោះជន រងគ្រោះអាចបញ្ចៀសផលវិបាកដែលអាចកើតមានរយៈពេលវែងមួយចំនួននៃការសម្លុតគំរាមកំហែង។ ប៉ុន្តែបើគ្មានការអន្តរាគមន៍ទេ មានហានិភ័យរយៈពេលវែង និងកើតមានដូចខាងក្រោមនេះ៖

•ជំងឺធ្លាក់ទឹកចិត្តរ៉ាំរ៉ៃ

•បង្កើនហានិភ័យនៃគំនិតធ្វើអត្តឃាត ផែនការធ្វើអត្តឃាត និងការប៉ុនប៉ងធ្វើអត្តឃាត

•ជំងឺថប់បារម្ភ

•ជំងឺស្ត្រេសក្រោយពេលប៉ះទង្គិចផ្លូវចិត្ត

•សុខភាពទូទៅខ្សោយ

•បង្ហាញអាកប្បកិរិយាបំផ្លាញខ្លួនឯង ឬធ្វើបាបខ្លួនឯង

•លំបាកក្នុងការបង្កើតទំនុកចិត្តមិត្តភាពនិងទំនាក់ទំនងទៅវិញទៅមក

•ហានិភ័យនៃឥរិយាបថប្រឆាំងសង្គម

លោកអ្នកនាង! ក្រោយពីបានជ្រួតជ្រាបពីផលប៉ះពាល់ទាំងនេះហើយ តើលោកអ្ន្កកនាងនៅតែបន្ដ បង្ហាញ សកម្មភាពបៀតបៀន ឬរើសអើងអ្នកដទៃទៀតឬយ៉ាងណា? សូមចាំចា ទង្វើនិងពាក្យសម្ដី របស់អ្នក គឺអាចសម្លាប់មនុស្សបាន ហើយអ្វីដែលគួរចងចាំបន្ថែមនោះគឺ វាក៏ជាទង្វើខុសច្បាប់ផងដែរ ព្រោះថា យោងតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ត្រង់ជំពូកទី ៣ អំពី សិទ្ធិ និងករណីកិច្ចរបស់ ប្រជាពលរដ្ឋខ្មែរ មាត្រា ៣១ បានចែងថា “ព្រះរាជាណាចក្រកម្ពុជាទទួលស្គាល់ និងគោរពសិទ្ធិ មនុស្ស ដូចមានចែងក្នុងធម្មនុញ្ញនៃអង្គការសហប្រជាជាតិ សេចក្តីប្រកាស ជាសកលស្ដី ពីសិទ្ធិមនុស្ស និងកតិកាសញ្ញា ព្រមទាំងអនុសញ្ញាទាំង ឡាយទាក់ទងទៅនឹងសិទ្ធិមនុស្ស សិទ្ធិនារី និង សិទ្ធិកុមារ ។ ប្រជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ មានសិទ្ធិ សេរីភាពនិងករណីយកិច្ចដូចគ្នា ទាំងអស់ ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា ជំនឿសាសនា និន្នាការនយោបាយ ដើមកំណើត ជាតិ ឋានៈសង្គម ធនធាន ឬស្ថានភាពឯទៀតឡើយ។ ការប្រើសិទ្ធិ សេរីភាពផ្ទាល់ខ្លួនរបស់បុគ្គល ម្នាក់ៗ មិនត្រូវឱ្យ ប៉ះពាល់ដល់សិទ្ធិសេរីភាព អ្នក ដទៃឡើយ ។ ការប្រើសិទ្ធិសេរីភាពនេះ ត្រូវប្រព្រឹត្ត តាមល័ក្ខខ័ណ្ឌ កំណត់ក្នុងច្បាប់”។ ដូច្នេះ ចូរប្រើប្រាស់សិទ្ធិដែលយើងមានហើយគោរពសិទ្ធិអ្នកដទៃ ដើម្បីសេចក្ដីសុខ សេចកក្ដីថ្លៃថ្នូរ និងរស់នៅប្រកបដោយស្នាមញញឹមទាំងអស់គ្នា៕ 

 ប្រភព៖ cchrcambodia. / ncab.psycom.

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត