
ក្នុងជីវភាពរស់នៅប្រចាំថ្ងៃ យើងតែងតែឃើញភ្លើងមានពណ៌ជាច្រើនប្រភេទ។ ប៉ុន្តែលោកអ្នកមួយចំនួនប្រហែលជាមិនទាន់ជ្រាបទេថា ពណ៌នៃភ្លើង មិនមែនបញ្ជាក់ប្រាប់តែពីប្រតិកម្មគីមីនៃចំហេះប៉ុណ្ណោះទេ ប៉ុន្តែវាក៏ប្រាប់ពីកម្រិតសីតុណ្ហភាពរបស់ភ្លើងនីមួយៗផងដែរ។
តាមការសិក្សាបានឱ្យដឹងថា ភ្លើងមានពណ៌ខុសៗគ្នាគឺអាស្រ័យទៅលើ ប្រតិកម្មគីមីដែលកើតឡើងបន្ទាប់ពីការឆេះ ដោយម៉ូលេគុលគីមីនិងឧស្ម័នធ្វើអន្តរកម្មជាមួយអុកស៊ីសែន ហើយវាបានបញ្ចេញពណ៌ផ្សេងៗគ្នាដូចជា ក្រហម ពណ៌ទឹកក្រូច លឿង បៃតង ខៀវ ស្វាយ ។ល។
តើពណ៌មួយណាដែលតំណាងឱ្យភ្លើងក្តៅបំផុត?
ការសិក្សាបានបង្ហាញថាពណ៌ភ្លើងដែលក្តៅបំផុតគឺភ្លើងពណ៌ស្វាយ។ ភ្លើងពណ៌ស្វាយអាចមានសីតុណ្ហភាពលើសពី ១.៦៥០ អង្សាសេ។ ខាងក្រោមនេះ គឺជាសីតុណ្ហភាពរបស់ភ្លើងតាមពណ៌របស់វា៖
១. អណ្តាតភ្លើងក្រហម
អណ្តាតភ្លើងក្រហមមានសីតុណ្ហភាពប្រហែល ៦០០ ទៅ ៨០០ អង្សាសេ។ អណ្តាតភ្លើងពណ៌នេះក៏មានសមត្ថភាពអាចរម្លាយសារធាតុដូចជាម៉ាញ៉េស្យូមនៅសីតុណ្ហភាព (៦៥៧ អង្សាសេ) កញ្ចក់ (៧០០ អង្សាសេ) និងបូរ៉ាក់ (៧៤០ អង្សាសេ) លីចូម (១៧៩ អង្សាសេ) សេលេនីញ៉ូម (២២០) អង្សាសេ) សំណប៉ាហាំង (២៣២ អង្សាសេ) អាំប៊ឺរ (៣០០ អង្សាសេ) និងស័ង្កសី (៤១៩ អង្សាសេ) ។

២. អណ្តាតភ្លើងពណ៌ទឹកក្រូច
អណ្តាតភ្លើងពណ៌ទឹកក្រូចមានសីតុណ្ហភាព ១១០០ អង្សាសេ។ អណ្តាតភ្លើងនេះអាចរម្លាយសារធាតុសំរិទ្ធ (៩១០ អង្សាសេ) មាស (១០៦៣ អង្សាសេ) និងទង់ដែង (១០៨៣ អង្សាសេ) ។
៣. អណ្តាតភ្លើងពណ៌លឿង
អណ្តាតភ្លើងពណ៌លឿងមានសីតុណ្ហភាព ១២០០ អង្សាសេ។ អណ្តាតភ្លើងនេះអាចរម្លាយអាសេនិច (៨១៥ អង្សាសេ) កាល់ស្យូម (៨៥០ អង្សាសេ) លង្ហិន (៩០០ អង្សាសេ) ប្រាក់ (៩៦០ អង្សាសេ) និងរ៉ាដ្យូម (៩៦០ អង្សាសេ)។
៤. អណ្តាតភ្លើងពណ៌ខៀវ
អណ្តាតភ្លើងពណ៌ខៀវឆេះនៅសីតុណ្ហភាព ១៤០០ ទៅ ១៦៥០ អង្សាសេ។ អណ្តាតភ្លើងនេះអាចរម្លាយយសារធាតុអាបស្តូស ក្នុងសីតុណ្ហភាព (១៣០០ អង្សាសេ) ដែកថែប (១៤៦០ អង្សាសេ) ប៉ាឡាដ្យូម (១៥៥២ អង្សាសេ) រ៉ែដែកពណ៌ត្នោត ( ១៥៧០ អង្សាសេ) និងអាហ្គេត (១៦០០ អង្សាសេ) ។

៥. អណ្តាតភ្លើងពណ៌ស
ឆេះនៅប្រហែល ១៣០០ ទៅ ១៥០០ អង្សាសេ។ អណ្តាតភ្លើងនេះអាចឆាបឆេះសារធាតុរឹងជាច្រើនរួមមានអ៊ុយរ៉ាញ៉ូម (១១៣៣ អង្សាសេ) នីកែល (១៤៥២ អង្សាសេ) និង cobalt (១៤៩០ អង្សាសេ) ។
៦. អណ្តាតភ្លើងពណ៌ស្វាយ
អណ្តាតភ្លើងពណ៌ស្វាយឆេះលើសពី ១៦៥០ អង្សាសេ។ វាមានអានុភាពគ្រប់គ្រាន់ដើម្បីប្រែក្លាយវត្ថុធាតុដើមរឹងខ្លាំងបំផុតមួយចំនួនឱ្យរលាយដូចជា ដែកធម្មតា (១២០០ អង្សាសេ) ដែកថែប (១៤៦០ អង្សាសេ) ប៉សឺឡែន (១៦៥០ អង្សាសេ) និងទីតានីញ៉ូម (១៦៧០ អង្សាសេ)៕
ប្រភព៖ science


