
ទំនុកចិត្តលើខ្លួនឯងគឺជាអារម្មណ៍នៃការទុកចិត្តលើសមត្ថភាព គុណសម្បត្តិ និងការវិនិច្ឆ័យរបស់ មនុស្សម្នាក់ៗទៅលើខ្លួនឯង។ ទំនុកចិត្តលើខ្លួនឯងមានសារៈសំខាន់ចំពោះសុខភាពផ្លូវកាយ និងសុខុមាលភាពផ្លូវចិត្ត។ ហើយការមានសុខភាពល្អទាំងផ្លូវកាយនិងផ្លូវចិត្តអាចជួយឱ្យយើងទទួល បានជោគជ័យក្នុងជីវិតផ្ទាល់ខ្លួននិងអាជីព។ ខាងក្រោមនេះ គឺជា ៦ វិធីសាស្រ្តដ៏មានប្រសិទ្ធិភាព ដើម្បីកសាងទំនុកចិត្តលើខ្លួនឯង។
១/. ឈប់ប្រៀបធៀបខ្លួនអ្នកទៅអ្នកដទៃ
ប្រហែលជាពេលខ្លះយើងចូលចិត្តប្រៀបធៀបខ្លួនជាមួយនឹងអ្នកដទៃ ដូចជា គ្រួសារ ការសិក្សា ការងារ ប្រាក់ចំណូល និងរូបសម្រស់ជាដើម។ ប៉ុន្តែចូរដឹងថា វាមិនមែនមែនជារឿងល្អប៉ុន្មាននោះឡើយ។ អ្នកស្រាវជ្រាវបានរកឃើញថា មនុស្សដែលប្រៀបធៀបខ្លួននឹងអ្នកដទៃ គឺមានការច្រណែនឈ្នានីស។ ហើយការច្រណែននឹងធ្វើឱ្យអ្នកកាន់តែមានអារម្មណ៍មិនល្អចំពោះខ្លួនឯង។ ដូច្នេះជំនួយឱ្យការ ប្រៀបធៀបអ្នកគួរឈ្វេងយល់ពីភាពខ្លាំង ភាពខ្សោយនិងជោគជ័យរបស់ខ្លួនវិញ ដើម្បីអភិវឌ្ឍខ្លួនទៅ មុខទៀត។

២/. ចំណាយពេលជាមួយមនុស្សវិជ្ជមាន
សូមយកចិត្តទុកដាក់លើរបៀបដែលមិត្តភក្តិរបស់អ្នកធ្វើឱ្យអ្នកមានអារម្មណ៍។ តើមិត្តរបស់អ្នកលើក អ្នកឡើងឬនាំអ្នកឱ្យធ្លាក់ចុះ? តើពួកគេទទួលយកអ្នកថាអ្នកជានរណា ឬទទួលស្គាល់ភាពជាខ្លួនអ្នកទេ? ដូច្នេះ ប្រសិនបើអ្នកតែងតែមានអារម្មណ៍មិនល្អចំពោះខ្លួនឯងបន្ទាប់ពីដើរលេងជាមួយពួកគេ វាប្រហែលជាដល់ពេលដែលត្រូវនិយាយថាលាហើយ។

៣/. ថែរក្សារាងកាយរបស់អ្នក
វាពិបាកក្នុងការមានអារម្មណ៍ល្អចំពោះខ្លួនអ្នក ប្រសិនបើអ្នករំលោភលើរាងកាយរបស់អ្នក ឬមើលថែខ្លួនឯងមិនបានល្អ។ ការមើលថែខ្លួនឯងឱ្យបានល្អ រួមមានដូចជា គិតគូរពីរបបអាហារ ការធ្វើលំហាត់ប្រាណ ការធ្វើសមាធិ ការគេងជាដើម។ វាមានសារសំខាន់ព្រោះថា បើកាលណាអ្នកបណ្ដែតបណ្ដោយខ្លួន ឱ្យមានជំងឺ ឬមានបញ្ហានៅផ្នែកណាមួយ នោះការមានជំនឿចិត្តក៏បាត់បង់ទៅតាមនោះផងដែរ។

៤/. មានចិត្តល្អចំពោះខ្លួនឯង
ការអាណិតអាសូរចំពោះខ្លួនឯងរួមបញ្ចូលការប្រព្រឹត្ដដោយចិត្តខន្តីចំពោះខ្លួនឯង លើកទឹកចិត្តខ្លួនឯង លួងលោមខ្លួនឯងនៅពេលមានបញ្ហា។ វាជាវិធីនៃការអនុញ្ញាតឱ្យអ្នកមានភាពបត់បែនខាងអារម្មណ៍ កាន់តែប្រសើរទាំងជាមួយខ្លួនឯង និងអ្នកដទៃ។ការសិក្សាមួយបានរកឃើញថា ការអាណិតអាសូរ ខ្លួនឯងគឺជួយឱ្យមានទំនុកចិត្តកាន់តែខ្ជាប់ខ្ជួន។

៥/. អនុវត្តការនិយាយវិជ្ជមានចំពោះខ្លួនឯង
ការនិយាយដោយមានសុទិដ្ឋិនិយមអាចជួយអ្នក ជំរុញការអាណិតអាសូរខ្លួនឯង យកឈ្នះលើការ សង្ស័យខ្លួនឯង និងប្រឈមនឹងបញ្ហាថ្មីៗ។ នេះក៏ព្រោះថា បើកាលណា អ្នកនិយាយអវិជ្ជមានលើ ខ្លួនឯង គឺវាអាចដាក់កម្រិតលើសមត្ថភាពរបស់អ្នកនិងបន្ថយទំនុកចិត្តរបស់អ្នកដោយចូលចិត្តគិតថា "មិនអាចដោះស្រាយវាបាន" ឬក៏ថា "វាពិបាកពេក" ហើយអ្នកក៏មិនគួរព្យាយាមវា ជាដើម។ ជំនួសឱ្យការប្រាប់ខ្លួនអ្នកថា "ខ្ញុំមិនអាចធ្វើអ្វីបានត្រឹមត្រូវទេ" នៅពេលអ្នកធ្វើខុសសូម និយាយទៅ កាន់ខ្លួនអ្នកថា "ខ្ញុំអាចធ្វើបានល្អប្រសើរនៅពេលក្រោយ" ឬ "យ៉ាងហោចណាស់ខ្ញុំបានរៀនអ្វីមួយ" ជាដើម។

៦/. ប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នក
វិធីល្អបំផុតដើម្បីកសាងទំនុកចិត្តខ្លួនឯង គឺប្រឈមមុខនឹងការភ័យខ្លាចរបស់អ្នក។ អនុវត្តការប្រឈម មុខនឹងការភ័យខ្លាចមួយចំនួនរបស់អ្នកដែលផ្តើមចេញពីការខ្វះទំនុកចិត្តលើខ្លួនឯង។ ឧទាហរណ៍ ដូចជា នៅពេលអ្នកគិតថាមានអ្វីមួយដេលអ្នកនឹងធ្វើមិនបាន ប៉ុន្តែអ្នកគួរតែជម្នះភាពភ័យខ្លាចនោះ ដោយគ្រាន់តែសាកធ្វើវា ហើយគួរកុំខ្លាចភាពបរាជ័យនោះឡើយ៕

ប្រភព៖ verywellmind


