ធ្លាប់ឆ្ងល់ទេ! តើគេកែច្នៃសំរាមយ៉ាងដូចម្ដេច?(មានវីដេអូ)
ភូមិន្ទ
25 មិថុនា 2021 02:00 PM

ការកែច្នៃសំរាមគឺជាដំណើរការនៃការប្រមូលនិងកែច្នៃវត្ថុធាតុដើមដែលត្រូវបានគេបោះចោលជាសំរាមមកកែច្នៃឡើងវិញ ដើម្បីទទួលបានផលិតផលថ្មីមួយផ្សេងទៀត ហើយវាផ្តល់​ ផលប្រយោជន៍ច្រើនដល់សហគមន៍និងបរិស្ថានរបស់យើង។ ខណៈនេះ សូមលោកអ្នកនាងចូលរួម ឈ្វេងយល់ជាមួយ SBM News ទាំងអស់គ្នា ដើម្បីដឹងពីសង្វាក់នៃការកែច្នៃសំរាមដូចតទៅនេះ៖ 

ជំហានដើម្បីកែច្នៃ

ជាទូទៅ ជំហាននៃការកែច្នៃសំរាមឡើងវិញរួមមានបីជំហានធំៗដូចខាងក្រោមនេះ។ 

សូមទស្សនាវិធីសាស្រ្តនៃការកែច្នៃសំរាមដូចខាងក្រោម៖

ជំហានទី ១ៈ ការប្រមូលកាកសំណល់សំរាម

មានវិធីសាស្រ្តជាច្រើនដើម្បីប្រមូលសំរាមដែលអាចយកមកកែច្នៃឡើងវិញ ​​​ក្នុងនោះមានដូចជា:

១/ វិធីសាស្រ្តប្រមូលសំរាមតាមទីតាំងគំនរសំរាមនានា 

២/​វិធីសាស្រ្តប្រមូលសំរាមដែលបានបែងចែកជាប្រភេទរួចជាស្រេច នៅតាមទីតាំងទិញលក់ អេតចាយផ្សេងៗ 

៣/ វិធីសាស្រ្តប្រមូលសំរាមជាប្រព័ន្ធពីអ្នកប្រើប្រាស់ ក្រោយពេលសម្ភារៈទាំងនោះផុត កាលបរិច្ឆេទឬខូចគុណភាព។ 

បន្ទាប់ពីប្រមូលបានសំរាម ឬឧបករណ៍ដែលអាចកែច្នៃឡើងវិញបានហើយនោះ គឺគេត្រូវបញ្ជូន វាទៅកន្លែងស្តារឡើងវិញ ឬទៅរោងចក្រកៃច្នៃដើម្បីតម្រៀបតាមប្រភេទ សម្អាត និងកែច្នៃ​ ទៅជាវត្ថុធាតុ ដើមដែលអាចប្រើក្នុងការផលិតឡើងវិញទៅតាមប្រភេទនៃវត្ថុធាតុដើមទាំងនោះ។  

ជំហានទី ២ៈ ការកែច្នៃ

ក្រោយពីប្រមូលសំរាមឬកាកសំណល់ដែលអាចកែច្នៃឡើងវិញបានហើយ ជំហានបន្ទាប់គឺ ត្រូវបែងចែកប្រភេទកាកសំណល់ទាំងនោះដោយដាក់ដោយឡែកផ្សេងៗគ្នា ក្នុងនោះមានដូចជា ប្រភេទក្រដាស អាលុយមីញ៉ូម ប្លាស្ទិច កែវ ដែក ។ល។ រួចធ្វើការកែច្នៃវាឱ្យចេញជាផលិតផល ថ្មីមួយផ្សេងទៀត ដែលដំណើរការនេះ គឺមានសង្វាក់ក្នុងការផលិតផ្សេងៗគ្នាទៅតាមប្រភេទនៃវត្ថុ ធាតុដើមនីមួយៗ ហើយវាមានលក្ខណៈលម្អិតជាច្រើនដំណាក់កាលផ្សេងៗគ្នា។ 

ជំហានទី ៣៖ គឺជម្រុញការទិញផលិតផលថ្មីដែលផលិតពីវត្ថុធាតុដើមកែច្នៃ

ដើម្បីមានការកែច្នៃ ឬដំណើរការនៃការកែច្នៃសំរាមប្រព្រឹត្តទៅដោយរលូន យើងក៏ត្រូវជម្រុញ ក៏ដូចជាលើកទឹកចិត្តឱ្យមនុស្សងាកមកប្រើប្រាស់របស់របរដែលអាចកែច្នៃបានផងដែរ ព្រោះថា ប្រសិនជាមនុស្សបដិសេធក្នុងការប្រើប្រាស់របស់ដែលកែច្នៃពីសំរាម នោះក៏មានន័យថា ការកែច្នៃសំរាម គឺនឹងមិនអាចដំណើរការទៅបានរលូននោះទេ។ 

តើមូលហេតុអ្វីទើបតម្រូវឱ្យមានការជម្រុញការទិញផលិតផលដែលបានកែច្នៃពីសំរាម? នេះក៏ព្រោះថា ការកែច្នៃឡើងវិញគឺជាមានអត្ថប្រយោជន៍ជាច្រើនដូចជា៖​ កាត់បន្ថយបរិមាណ សំរាមក្នុងទីក្រុងឬក្នុងមូលដ្ឋាន អភិរក្សធនធានធម្មជាតិដូចជាឈើ ទឹក និងរ៉ែធម្មជាតិ បង្កើនការងារ​ ថ្មីៗក្នុងសហគមន៍ និងការពារការបំពុលបរិដ្ឋាន​ ។ល។

ដូច្នេះសូមចូលរួមកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិក ចូលរួមទុកដាក់សំរាមឲ្យមានសណ្ដាប់ធ្នាប់ ទៅតាមប្រភេទនិងរួមគ្នាចូលរួមប្រើប្រាស់សម្ភារ:ដែលអាចកែច្នៃឡើងវិញដើម្បីលើកកម្ពស់ការថែទាំ បរិដ្ឋាន និងក៏ដើម្បីអាយុជីវិតយើងទាំងអស់គ្នា៕

ប្រភព៖ epa.gov / / document/

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត