សឹង ង៉ុកថាញ់ ភៀសខ្លួនទៅប្រទេសជប៉ុន អាចារ្យហែម ចៀវ សុគតនៅគុកកោះត្រឡាច
S
Sereyphuon Chhim
14 មិថុនា 2021 04:03 AM

ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន

(SBM News)៖ បន្ទាប់ពីជាប់គុកធំក្នុងទីក្រុងព្រៃនគរ អស់រយៈពេលជាង២ខែ និងក្រោយពីត្រូវតុលាការសឹកប្រកាសសាលក្រមផ្តន្ទាទោសរួចមក ប៊ុណ្ណ ចន្ទម៉ុល ជាមួយអ្នកទោសខ្មែរ និងវៀតណាម មួយចំនួនទៀត ត្រូវបានគេដឹកតាមកប៉ាល់មួយគ្រឿង យកទៅដាក់គុកនៅកោះក្រឡាចដែលនៅកណ្តាលសមុទ្រ ឯណោះវិញ។

   ចំណែកលោកគ្រូអាចារ្យហែម ចៀវ, នួន ឌួង និងប៉ាច ឈឺន ត្រូវជាប់នៅក្នុងគុកធំនាទីក្រុព្រៃនគរ បន្តទៀត ដើម្បីរង់ចាំការសម្រេចពីសេនាប្រមុខប៉េតាំង នាយករដ្ឋមន្ត្រីបារាំង តាមការស្នើរសុំរបស់តុលាការសឹកបារាំងនៅក្រុងព្រៃនគរ សិនថា តើត្រូវយកទៅប្រហារជីវិត ឬត្រូវបន្ធូរបន្ថយទោស?។

   ដោយឡែក សឹង ង៉ុកថាញ់ វិញ ពេលពេលបារាំង តាមរកចាប់ខ្លួននោះ គាត់បានរត់គេចខ្លួនទៅដល់ទីក្រុងបាងកក ហើយបានផ្ញើលិខិតមួយទៅនាយករដ្ឋមន្ត្រីជប៉ុន ហ៊ីដឺគី តូហ្សូ ( (Hideki Tojo)ឲ្យជួយធ្វើអន្តរាគមន៍ឱ្យបារាំង ដោះលែងអ្នកទោសខ្មែរដែលបារាំងចាប់ខ្លួន ក្រោយពេលធ្វើបាតុកម្មថ្ងៃទី២០ ខែកក្កដា នោះជាបន្ទាន់ និងសូមឲ្យកងទ័ពព្រះចៅអធិរាជជប៉ុន ជួយរៀបចំប្រទេសកម្ពុជាឡើងវិញ ដោយសហការគ្នាយ៉ាងជិតស្និទ្ធបំផុតលើវិស័យសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ព្រមទាំងសូមឲ្យជប៉ុន ជួយធ្វើការផ្លាស់ប្តូររបៀបរបបដឹកនាំប្រទេស ដោយបង្កើតរដ្ឋាភិបាលថ្មីមួយ។


      ជាមួយគ្នានេះដែរ សឹង ង៉ុកថាញ់ បានផ្ញើលិខិតមួយទៀតមកអគ្គកុងស៊ុលជប៉ុន នៅទីក្រុងភ្នំពេញ មានខ្លឹមសារថា៖ ប្រសិនបើមេដឹកនាំជប៉ុន យល់ព្រមជួយរៀបចំការគ្រប់គ្រងប្រទេសកម្ពុជាឡើងវិញនោះ គាត់នឹងចាប់ផ្តើមធ្វើសង្គ្រាមឈ្លប បង្កភេវរកម្ម និងបាចខិត្តប័ណ្ណ ប្រឆាំងនឹងបារាំងភា្លម។ ប៉ុន្តមេដឹកនាំជប៉ុន មិនបានឆ្លើយតបមកគាត់វិញថា យ៉ាងណានោះទេ។

    នៅថ្ងៃទី២២ ខែមករា ឆ្នាំ១៩៤៣ សឹង ង៉ុកថាញ់ បានជិះយន្តហោះកងទ័ពជប៉ុន ចាកចេញពីទីក្រុងបាងកក ប្រទេសថៃ ទៅដល់ទីក្រុងតូក្យូ ប្រទេសជប៉ុន ។

    រយៈពេល៤ថ្ងៃក្រោយមក គាត់បានផ្ញើសារមកអ្នកគាំទ្រគាត់នៅក្នុងប្រទេសថា ពួកយើងមានតែរង់ចាំជ័យជម្នះរបស់កងទ័ពជប៉ុន នៅអាស៊ីនេះទេ ទើបអាចដោះស្រាយបញ្ហាកម្ពុជាយើងបាន។

    នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៤៣ សឹង ង៉ុកថាញ់ បានសរសេរលិខិតមួយទៀតផ្ញើមកសហការីរបស់គាត់ដែលកំពុងតស៊ូនៅក្នុងប្រទេសថា យើងត្រូវសហការគ្រប់ផ្នែកជាមួយកងទ័ពជប៉ុន ដែលនៅក្នុងប្រទេស។ យើងត្រូវបង្ហាញឲ្យជប៉ុន ឃើញថា សត្រូវរបស់យើង ម្ខាងគឺបារាំង និងម្ខាងទៀត គឺថៃ ហើយអ្នកដែលគាំទ្រយើង ឬអ្នកជួយរំដោះយើង មានតែជប៉ុន ប៉ុណ្ណោះ។ យើងចង់ឲ្យជប៉ុនជួយ ព្រោះគោលនយោបាយជប៉ុន គឺជាសហប្រតិបត្តិការដោយស្មើភាពគ្នា មិនមែនធ្វើអាណានិគម ឬធ្វើអាណាព្យាបាលដោយអាវុធដូចរបៀបរបបចាស់គំរិលរបស់ពួកចក្រពត្តិនិយមបារាំង នោះទេ។

    ជាមួយគ្នានេះ សឹង ង៉ុកថាញ់ បានដាស់តឿនអ្នកដឹកនាំចលនាតស៊ូរបស់គាត់នៅខេត្តបាត់ដំបង ឲ្យធ្វើការទំនាក់ទំនងឲ្យបានល្អ និងជិតស្និទ្ធបំផុតជាមួយមន្ត្រីស្ថានអគ្គកុងស៊ុលជប៉ុននៅទីនោះ និបង្កើតក្រុមចលនាតស៊ូមួយ ដោយយកអគ្គកុងស៊ុលនោះ ធ្វើជាខ្នងបង្អែក។

    ក្រោយពេល សេនាប្រមុខប៉េតាំង នាយករដ្ឋមន្ត្រីបារាំង សម្រេចបន្ធូរបន្ថយទោសពីការប្រហាជីវិត ឲ្យមកនៅត្រឹមជាប់គុកអស់មួយជីវិតវិញ នៅក្នុងខែមិថុនា ឆ្នាំ១៩៤៣ គ្រូអាចារ្យហែម ចៀវ, នួន ឌួង និងប៉ាច ឈឺន ត្រូវអាជ្ញាធរបារាំង បញ្ជូនចេញពីគុកធំនៅទីក្រុងនគរ យកទៅដាក់គុកកោះត្រឡាច ដែលបារាំង ឱ្យឈ្មោះថា កោះពូឡូកុងឌ័រ (Poulo Condore) ហើយវៀតណាម ហៅថា កោះកុងសុង (Con son)។

អ្នកទោសនៅគុកកោះត្រឡាច
អ្នកទោសនៅគុកកោះត្រឡាច

     គុកកោះត្រឡាចនេះ ត្រូវបានអាជ្ញាធរបារាំង បង្កើតឡើងចាប់តាំងពីឆ្នាំ១៨៦១ មកម្ល៉េះ។

 អ្នកទោសនយោបាយខ្មែរទាំង៣នាក់នេះ ត្រូវបានគេយកទៅដាក់នៅក្នុងអគារលេខ៤ ដែលជាអគារដាក់អ្នកទោសឧក្រិដ្ឋ ដោយមិនអនុញ្ញាតឲ្យអ្នកទោសផ្សេងៗទៀត ចូលសួរសុខទុក្ខឡើយ។

   ដូច្នេះហើយ ទើបបានជារយៈពេលប្រហែលមួយខែក្រោយមក ទើបប៊ុណ្ណ ចន្ទម៉ុល ដឹងថា លោកគ្រូអាចារ្យហែម ចៀវ,​ នួន ឌួង និងប៉ាច ឈឺន ត្រូវគេបញ្ជូនទៅដាក់គុកនៅទីនោះដែរ។

   ប៉ុន្តែបើទោះបីមិនមានលទ្ធភាពទៅជួបសួរសុខទុក្ខលោកទាំង៣ដោយផ្ទាល់ ក៏ពិតមែន ក៏ប៊ុណ្ណ ចន្ទ ម៉ុល បានដឹងសុខទុក្ខពីលោកទាំង៣តាមរយៈអ្នកទោសផ្សេងៗទៀតដែលគេបញ្ជូនឱ្យទៅធ្វើការនៅទីនោះខ្លះៗដែរ ហើយប៊ុណ្ណ ចន្ទម៉ុល ក៏បានលួចផ្ញើម្ហូបចំណីបន្តិចបន្តូចទៅឲ្យលោកទាំង៣ ម្តងម្កាល ព្រោះប៊ុណ្ណ ចន្ទម៉ុល មានទោសស្រាលជាងលោកទាំង៣ ត្រូវគេបញ្ចេញឲ្យដើរធ្វើពាសពេញលើដីកោះទាំងមូល អាចរកសត្វព្រៃ ឬសត្វសមុទ្រមកធ្វើជាម្ហូបអាហារបានខ្លះដែរ។

    ប៊ុណ្ណ ចន្ទ ម៉ុល បានឱ្យដឹងថា អ្នកទោសវៀតណាម ដែលមានទោសឧក្រិដ្ឋ ត្រូវគេបញ្ជូនទៅដាក់គុកកោះត្រឡាច មុននេះទៅទៀតនោះ ភាគច្រើនគឺពួកមេដឹកនាំចលនាតស៊ូវៀតមិញ ដែលជាអ្នកប្រឆាំងបារាំង យ៉ាងប្តូរផ្តាច់បំផុតនោះ រួមមាន៖ តុង ឌឹកថាំង និងផាំ វ៉ាន់ដុង ព្រមទាំងអ្នកផ្សេងៗមួយចំនួនទៀត ក៏ជាប់គុកនៅអគារលេខ៤នោះដែរ ហើយក្រោយមក អ្នកទាំងអស់នោះ ក៏បានក្លាយជាមេដឹកនាំរបបសាធារណរដ្ឋសង្គមនិយមវៀតណាម ផងដែរ។

អ្នកទោសនៅគុកកោះត្រឡាច
អ្នកទោសនៅគុកកោះត្រឡាច

    នៅទីនោះ អ្នកទោសជាពួកតស៊ូវៀតមិញ បានពង្រឹងសាមគ្គីភាព និងតែងតែជួយឈឺឆ្អាលជួយយកអាសារអ្នកទោសខ្មែរជានិច្ច។

   ប៊ុណ្ណ ចន្ទម៉ុល បានធ្វើការកត់សម្គាល់ថា ជាអ្នកទោសជាពួកមេដឹកនាំចលនាតស៊ូវៀតមិញ បានជួយបង្ហាត់បង្រៀនភាសាអង់គ្លេស ឬបារាំង ឲ្យពួកគេជាក្រុមៗ ដោយយកកំបោរសសរសេរលើកម្រាលឥដ្ឋ ដែលជាកន្លែងពួកគេដេកនោះតែម្តង និងអប់រំសតិអារម្មណ៍ពួកគេទាំងអស់ មិនឲ្យអស់សង្ឃឹមក្នុងការតស៊ូ ដើម្បីដណ្តើមឯករាជ្យពីពួកបារាំង ឡើយ។

   នៅគុកកោះត្រឡាចនោះ មានអ្នកទោសវៀតមិញមួយចំនួនដែលមានការរឹងទទឹងខ្លាំងពេក ក៏ត្រូវគេយកទៅប្រហាជីវិតដែរ។

   អ្នកទោសវៀតមិញ ដែលត្រូវគេយកចេញពីកន្លែងឃុំឃាំងទៅប្រហារជីវិតនោះ គឺធ្វើឡើងនៅវេលាម៉ោង៥ភ្លឺស្រាងៗ ហើយពេលពួកឆ្មាំគុកបណ្តើរពួកគេណាម្នាក់ចេញទៅ ពួកគេតែងតែស្រែកលាគ្នា និងផ្តាំផ្ញើអ្នកដែលនៅកន្លែងឃុំឃាំងទាំងប៉ុន្មាននោះ ឲ្យខំប្រឹងតស៊ូបន្តទៀត ដោយកុំតក់ស្លុតនឹងសេចក្តីស្លាប់ឲ្យសោះ ហើយមិត្តភក្តិគេក៏នាំគ្នាក្រោកឈរតាមចម្រឹងទ្វារបន្ទប់ឃុំឃាំងស្រែកច្រៀងចម្រៀងបដិវត្តន៍ និងស្រែកខ្លាំងៗព្រមៗគ្នាថា៖ “ជយោ ! អ៊ុំហូៗៗ” រហូតដល់ពួកគេដែលឆ្មាំគុកបណ្ដើរយកទៅប្រហាជីវិតនោះទៅផុតឆ្ងាយពីបន្ទប់ឃុំឃាំងស្រែកលែងឮ។

     បើតាមឯកសាររបស់ប៊ុណ្ណ ចន្ទម៉ុល បានឱ្យដឹងបន្តថា ក្រោយពេលទៅជាប់គុកនៅកោះត្រឡាចបានប្រមាណ៤ខែ លោកគ្រូអាចារ្យហែម ចៀវ និងនួន ឌួង ធ្លាក់ខ្លួនមានជំងឺជាទម្ងន់ដោយសារមានរោគរាកមូល។

  ឯនួន ឌួង មានជំងឺស្ពឹកដៃជើង ត្រូវចាក់ថ្នាំច្រើនម្ជុល រហូតដល់អាប់សែនៅត្រង់ត្រកៀកហើមប៉ោងធំ ត្រូវគ្រូពេទ្យវះយកខ្ទុះចេញ បណ្តាលឲ្យស្រែកឈឺចុកចាប់វេទនាបំផុត។

   នៅពេលជំងឺរបស់់លោកគ្រូអាចារ្យហែម ចៀវ និងនួន ឌួង កាន់តែធ្ងន់ធ្ងរដុនដាបទៅៗ ពួកឆ្មាំគុកក៏បញ្ជូនទៅដាក់នៅកន្លែងព្យាបាលជំងឺដែលនៅក្នុងបរិវេណកន្លែងឃុំឃាំងនោះដែរ។

   ពេលនោះហើយ ដែលគាត់មានឱកាសទៅសួរសុខទុក្ខលោកទាំង២ដោយផ្ទាល់។ គ្រាន់តែឃើញសភាពជំងឺភ្លាម ធ្វើឲ្យគាត់អស់សង្ឃឹមបាត់ទៅហើយ។

   គាត់បានទាក់ទងកាប៉ូរ៉ាល់ និងអ្នកទោសម្នាក់ដែលគេឲ្យធ្វើជាអ្នកសម្អាតកន្លែងព្យាបាលជំងឺអ្នកទោស ឲ្យជួយមើលលោកគ្រូអាចារ្យហែម ចៀវ និងនួន ឌួង ផង ដោយបានលុយខ្លះទៅអ្នកទោសម្នាក់នោះផងដែរ។

   លុយនោះ គាត់បានមកពីក្រុមគ្រួសារគាត់នៅភ្នំពេញ ផ្ញើមកឲ្យ៦០០រៀល តាមរយៈអ្នកបកប្រែភាសាម្នាក់ ឈ្មោះអង់ដ្រេ ដកម៉ៃ កាលពីប៉ុន្មានខែមុន។

  ជាមួយគ្នានោះ គាត់បានផ្តាំផ្ញើកាប៉ូរ៉ាល់ និងអ្នកទោសនោះទៀតថា បើអ្នកជំងឺទាំង២នាក់នេះស្លាប់ ពេលឲ្យគេយកទៅកប់ សូមមេត្តាកប់ឲ្យបានស្រួលបួលផង កុំកប់លាយឡំជាមួយខ្មោចអ្នកទោសផ្សេងទៀត។
      ក្រោយមក ពេលឮដំណឹងថា លោកគ្រូអាចារ្យហែម ចៀវ បានទទួលមរណភាពហើយ គាត់ក៏ឆ្លៀតឱកាសទៅកាន់កន្លែងព្យាបាលជំងឺអ្នកទោសនោះជាថ្មីម្តងទៀត ឃើញនួន ឌួង យំខ្សឹកខ្សួលអួលដើមក ប្រាប់គាត់ថា លោកគ្រូអាចារ្យហែម ចៀវ ខូច(ស្លាប់)កាលពីម្សិលមិញ ហើយត្រូវគេរុំនឹងកន្ទេលស្អាតបាត និងមានចងខ្សែត្រឹមត្រូវ ដាក់រទេះរុញយកទៅបញ្ចុះហើយ។

   ប៊ុណ្ណ ចន្ទម៉ុល បានអះអាងថា បន្តិចក្រោយមក គាត់ក៏សុំឲ្យកាប៉ូរ៉ាលដែលនៅកន្លែងព្យាបាលនោះ ជួយនាំគាត់ទៅមើលផ្នូរលោកគ្រូអាចារ្យហែម ចៀវ ដែលស្ថិតនៅលើវាលខ្សាច់ដ៏ធំមួយ មានផ្នូរកប់អ្នកទោសរាប់ពាន់នាក់។

    នៅមុខផ្នូរលោកគ្រូអាចារ្យហែម ចៀវ មានបន្ទះក្តារតូចមួយសរសេរលេខ១១១៣ ។ លុះ២-៣ ថ្ងៃក្រោយមក គាត់ក៏នាំមិត្តភក្តិជាអ្នកទោសដូចគ្នា៣នាក់ទៀតទៅមើលផ្នូរនោះ និងបានយកដុំធំៗជាង២០ដុំ ទៅដាក់លើផ្នូរនោះ ដើម្បីទុកជាសញ្ញាសម្គាល់ទៅថ្ងៃក្រោយទៀតផង។

       លុះមកដល់របបសាធារណរដ្ឋខ្មែរ នៅក្នុងឆ្នាំ១៩៧២ សេនាប្រមុខលន់ នល់ បានបញ្ជាឲ្យប៊ុណ្ណ

 ចន្ទម៉ុល ទាក់ទងទៅអាជ្ញាធរវៀតណាមខាងត្បួង ដើម្បីជិះឧទ្ធម្ភាគចក្រទៅយកអដ្ធិធាតុលោកគ្រូអាចារ្យហែម ចៀវ ពីកោះត្រឡាច មកធ្វើពិធីបូជាតាមប្រពៃណីព្រះពុទ្ធសាសនា នៅលើទីធ្លាសួនច្បារមុខវត្តឧណ្ណាលោម យ៉ាងអធិកអធម។

   ពេលនោះ សឺង ង៉ុកថាញ់ កំពុងកាន់តំណែងជារដ្ឋមន្រ្តីទី១ (នាយករដ្ឋមន្រ្តី) ក៍បានចូលរួមក្នុងពិធីបុណ្យនោះដែរ ។

    ពេលនោះដែរ ក៏មានកាសែតមួយចំនួនបានសរសេររិះគន់ថា អដ្ធិធាតុដែលប៊ុណ្ណ ចន្ទម៉ុល ទៅយក ពីកោះត្រឡាច មកនោះ មិនប្រាកដថាជាអដ្ធិធាតុរបស់លោកគ្រូអាចារ្យហែម ចៀវ នោះទេ ហើយ ប៊ុណ្ណ ចន្ទម៉ុល អាចយកឆ្អឹងអ្នកទោសណាផ្សេងទៀត មកធ្វើបុណ្យនេះ ក៍អាចថាបាន ។

 ប៊ុណ្ណ ចន្ទម៉ុល
 ប៊ុណ្ណ ចន្ទម៉ុល

       ក្រោយពីមានកាសែតមួយចំនួនបានសរសេររិះគន់បែបនេះ ប៊ុណ្ណ ចន្ទម៉ុល មានការខឹងសម្បារយ៉ាងខ្លាំង ហើយគាត់បានឡើងប្រកាសបំភ្លឺតាមកញ្ចក់ទូរទស្សន៍ជាតិ ដោយយំស្រែកខឹងនឹងកាសែតទាំងឡាយដែលបានសរសេររិះគន់នោះថា អដ្ធិធាតុនេះច្បាស់ជារបស់អដ្ធិធាតុលោកគ្រូអាចារ្យហែម ចៀវ ពិតប្រាកដមែន ព្រោះកាលនោះ គាត់បាននាំមិត្តភក្តិជាអ្នកទោសដូចគ្នា៣នាក់ទៀតទៅមើលផ្នូរនោះ និងបានយកដុំធំៗជាង២០ដុំ ទៅដាក់លើផ្នូរនោះ ដើម្បីទុកជាសញ្ញាសម្គាល់ទៀតផង ម៉េចក៍មានអ្នកកាសែតខ្លះចោទប្រកាន់ថា គាត់ទៅយកឆ្អឹងអ្នកទោសណាផ្សេងទៀត ទៅវិញ ? ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត