អបិយជំនឿ និងការពិចារណា​ … (មានវីដេអូ)
ភូមិន្ទ
08 មិថុនា 2021 12:40 AM

ជំនឿ​គឺមានន័យត្រឹមតែជា សេចក្ដីដែលគួរជឿ ឬដំណើរជឿ ប៉ុន្តែប្រសិនជាយើងថែមពាក្យថា អបិយ+ជំនឿ គឺនឹងមានន័យថា ជំនឿមិនគួរឱ្យស្រឡាញ់, ឬមិនគួរឱ្យពេញចិត្ត ពីព្រោះពាក្យថា “អបិយ” គឺក្លាយ មកពីពាក្យ បាលីដែលសរសរថា “អប្រិយ” ដែលមានន័យថា ដែលមិនជាទីស្រឡាញ់, ដែលពុំគួរស្រឡាញ់។

សូមទស្សនាវីដេអូខាងក្រោម៖ 

លោកអ្នកនាង! បងប្អូនជនជាតិខ្មែរយើង ក៏ដូចជាតាមបណ្ដាប្រទេសផ្សេងៗដែលមានវប្បធម៌ ស្រដៀងគ្នា បានប្រកាន់ខ្ជាប់នូវអបិយជំនឿមួយចំនួនតាំងពីសម័យបុរាណកាលរហូតមកទល់បច្ចុប្បន្ននេះ។ ក្នុងនោះរួមមានការជឿទៅលើគ្រូទាយ គ្រូអាគម និងវត្ថុមួយចំនួនដូចជា នាងពួន កូនក្រក យ័ន្ត និងបដិមាផ្សេងៗ ជាដើម ។ ងាកមកបច្ចុប្បន្ននេះ បច្ចេកវិទ្យាកាន់តែទំនើប អបិយជំនឿក៏កាន់តែទំនើបទៅតាមនោះ ក្នុងនោះរាប់ បញ្ចូលទាំងការទស្សទាយតាមប្រព័ន្ធអនឡាញ ការច្នៃរបស់របរតាំងលំអរ និងប្រើប្រាស់ប្រចាំថ្ងៃផ្សេងៗ រួចក៏ សន្មត់ថាវាជាគ្រឿងជួយឱ្យរកស៊ីមានបាន ហើយដាក់លក់លើទីផ្សារក្នុងតម្លៃថ្លៃ។ ភាគច្រើននៃរបស់ដែល បង្កើតឡើងថ្មីៗនេះ គឺច្រើនតែចេញពីគ្រូហុងស៊ុយ និងគ្រូសាសនា ដែលគ្មានប្រភពចំណេះជំនាញច្បាស់លាស់។ ជាក់ស្ដែងក្នុង​រយៈពេល​កន្លងមកយើង​សង្កេតឃើញ​លេចឡើង​នូវ​ជនខិលខូច​មួយចំនួនបានយកបញ្ហាអបិយជំនឿនេះ មកធ្វើរឿងមិនល្អក្នុងសង្គម ដូចជាករណី នេ​ត ខៃ អតីតចៅអធិការ​វត្ត​ស្រះចក តាំងខ្លួន​ជា​គ្រូ​ស្រោច ​ទឹក​ស័​ក្ដ​សិទ្ធិ រួច​លួ​ចថតរូប​អាក្រាត​របស់​អ្នក​មក​ស្រោច​ទឹក​, ករណី ជួន សំអាត នៅ​កំពង់ធំ ដែល​តាំងខ្លួន​ជា ​គ្រូ​ព្យាបាល​ជំងឺ​ស័​ក្ដ​សិទ្ធិ​តាមរយៈ​ការព្យាបាល​ ហើយ​បន្លំ​រួមភេទ​ជាមួយ​អ្នកជំងឺ​។ ក្រៅពីនេះ ប្រភពនៅបរទេស ឯណោះកាលពីថ្ងៃទី ១៨ ខែវិច្ឆិកាឆ្នាំ ១៩៧៨ ក៏មានករណីដែលលោក James Warren Jones ជាមេដឹកនាំ សាសនាមួយរូបបានបញ្ចុះបញ្ចូលនិងបង្ខំមនុស្សរហូតដល់ ៩១៨ នាក់ក្នុងនោះ ៣០៤ នាក់ជាកុមារ ឱ្យធ្វើ អត្តឃាតដើម្បីគេចចេញពីបញ្ហានិងដើម្បីបានឡើងឋានសួគ៌។ នេះគ្រាន់តែជាអំណះអំណាងនៃអបិយជំនឿខ្លះៗ តែប៉ុណ្ណោះ និងនៅមាន​រឿង​រ៉ាវបោកប្រាស់​បែប​អ​បិ​យ​ជំនឿ​ជាច្រើន​ទៀត​ដែលយើងឃើញសព្វថ្ងៃនេះ។​

លោកអ្នកនាង នៅក្នុងប្រធាបទ “អបិយជំនឿ និងការពិចារណា” យើងមានកិច្ចសម្ភាសជាមួយ ព្រះគ្រូបញ្ញាវិសុទ្ធិរង្សី ខាវ សារ៉ាក់ ប្រធានកម្មវិធីសំឡេង ព្រះធម៌អប់រំចិត្តតាមមាគ៌ាព្រះពុទ្ធសាសនា និងជា ព្រះសង្ឃគង់នៅវត្តចាក់អង្រែលើ។ ព្រះអង្គមានសង្ឃដីកាថា ជំនឿមិនសមហេតុផល ឬអបិយជំនឿទាំងនោះ គឺគេហៅថា “មង្គលភ្ញាក់ផ្អើល”។ ព្រះអង្គបានពន្យល់ថា៖ “អបិយជំនឿ” ឬ“មង្គលភ្ញាក់ផ្អើល” គឺមានន័យថា បុគ្គលនោះឯង មិនប្រកបទៅដោយសម្មាទិដ្ឋិ ហើយប្រព្រឹត្តិអំពើកុសលមិនប្រកបដោយ បញ្ញានោះដែរ។ ដែលនិយាយថា អត់ប្រកបដោយបញ្ញានោះទេ គឺ អសទ្ធា។ ដែលហៅថាអសទ្ធានោះគឺ ការជឿ នោះមិនប្រកបដោយបញ្ញា ហើយមិនមានការជឿទៅលើ កម្មនិងផល។ បុគ្គលខ្លះជឿទៅលើដើមចេកដែលដុះមកច្រងេងច្រងាង ជឿទៅលើជ្រូកជើង៥ ជឿទៅលើគោកើត ចេញមកមានក្បាលពីរ ហើយយកធ្វើសក្ការបូជា យកវត្ថុនោះជាទីពឹងជាទីរលឹករបស់គេ ធ្វើពិធីបួងសួង សុំសេចក្ដីសុខ។ ប៉ុន្តែបើគេជឿទៅលើ “មង្គល” គឺឱ្យតែចេញពន្លឺព្រះអាទិត្យមកគឺគេថា មង្គល របស់គេហើយ មិនចាំបាច់អុជធូបអុជទៀននោះទេ។ គឺជាសទ្ធារបស់គេប្រកបទៅដោយបញ្ញា។ ទ្រឹស្ដី ព្រះពុទ្ធសាសនាគឺគេជឿលើកម្មផល។ បើគេធ្វើអំពើល្អគឺបានផលល្អធ្វើអំពើអាក្រក់បានផលអាក្រក់។

លោកអ្នកនាង! បន្ថែមពីលើសេចក្ដីដែលព្រះគ្រូបញ្ញាវិសុទ្ធិរង្សី ខាវ សារ៉ាក់ មានសង្ឃដីកាខាងលើ យើងងាកមកពុទ្ធឱវាទវិញ ព្រះពុទ្ធទ្រង់ត្រាស់សម្ដែងថាកុំអាលជឿនូវរឿងរ៉ាវ ១០ ចំនុចដូចខាងក្រោមនេះ៖

១. កុំអាលជឿព្រោះសេចក្តីរាយការណ៍

២. កុំអាលជឿព្រោះតែវាជាទំនៀមទម្លាប់

៣. កុំអាលជឿព្រោះជាពាក្យចចាមអារ៉ាម

៤. កុំអាលជឿព្រោះការអាងក្បួន ឬ គម្ពីរ

៥. កុំអាលជឿព្រោះតក្កវិជ្ជា

៦. កុំអាលជឿព្រោះអនុមានឬលំនឹកស្មាន

៧. កុំអាលជឿព្រោះតែការស្មានតាមស្ថានភាព

៨. កុំអាលជឿព្រោះត្រូវនឹងទ្រឹស្តីដែលពិនិត្យពិច័យហើយ

៩. កុំអាលជឿព្រោះឃើញទំនងគួរឲ្យជឿ

១០. កុំអាលជឿព្រោះយល់ថា សមណៈឬបុគ្គលរូបនេះជាគ្រូរបស់យើង

លោកអ្នកនាង! យើងឃើញថា មាន​ហេតុផលជាច្រើន ដែលមនុស្សនៅតែបន្ដជឿ លើជំនឿ អរូបិយទាំងនោះ។​ សឲដូច្នេះ យើងឃើញថាបញ្ហាអបិយជំនឿ មិនមែនកើតឡើងក៏ព្រោះតែមានអ្នកជឿតែម្ខាងនោះទេ ប៉ុន្តែវាក៏កើត ឡើងដោយសារតែមានអ្នកធ្វើឱ្យគេជឿ ដែលយើងដឹងថា មួយចំនួនគឺជាបុគ្គលបោកប្រាស់ នោះឯង។ឧទាហរណ៍ជាក់ស្ដែងដូចជា ករណីដែលអ្នកបោកប្រាស់លក់របស់ក្លែងក្លាយក្នុងបណ្ដាញសង្គមដោយបានពពាយនាយថា វាជាមាស ជាប្រាក់ ឬជារបស់មានការប្រសិទ្ធីក្លាយជារបស់ស័ក្ដិសិទ្ធិ ហើយលក់ក្នុងតម្លៃថ្លៃៗជាជាដើម។ ដើម្បីលុបបំបាត់បញ្ហានេះ ក្រៅពីធ្វើការបញ្ច្រាបនូវចំណេះដឹង ពន្យល់ឱ្យមនុស្សជឿលើអ្វីមួយ ប្រកបដោយបញ្ញាហើយនោះ គឺ​យើង​ត្រូវ​រួមគ្នា​លុបបំបាត់​អ្នកបោក​ប្រាស់ផង៕

ដោយ៖ កញ្ខនា/ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត