គុណប្រយោជន៍ ៥ យ៉ាងនៃគ្រាប់ឈូកសម្រាប់សុខភាព
ភូមិន្ទ
08 ឧសភា 2021 11:30 PM

ឈូក គឺជារុក្ខជាតិដ៏ល្បីល្បាញដែលបម្រើឱ្យវិស័យសាសនា ហើយវាមានគុណប្រយោជន៍ច្រើនសម្បូរបែបរាប់តាំងពីមើម ដើម ស្លឹក និងផ្លែ។ មើមរបស់វាគេអាចយកទៅធ្វើបន្លែ ឬស្ងោរពិសា។ ដើមរបស់វាគេអាចយកទៅច្នៃចេញជាសរសៃអំបោះ។  ស្លឹកប្រើសម្រាប់ខ្ចប់សម្ភារនានា ហើយផ្ការបស់វាគឺត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងពិធីសាសនា ហើយចំណែកឯគ្រាប់របស់វាវិញ គេអាចបរិភោគបានទាំងនៅពេលនៅខ្ចី និងពេលទុំ។ ដោយហេតុថាវាមានគុណប្រយោជន៍ច្រើនអនេក ពិបាកនឹងរៀបរាប់អស់ ខណៈនេះ SBM News សូមលើកយកតែគុណប្រយោជន៍នៃគ្រាប់ឈូកតែមួយមុខប៉ុណ្ណោះ មកជម្រាបជូនអស់លោកអ្នក៖

១/. បង្កើនការរំលាយអាហារ

គ្រាប់ឈូកសំបូរទៅដោយជាតិសរសៃជួយឱ្យបំពង់រំលាយអាហារមានដំណើរការល្អ។ វាដើរតួនាទីបង្កើតចំណង់អាហារ ហើយក៏មាននាទីជួយសម្រួលដល់តុល្យភាពទម្ងន់ក្នុងរាងកាយផងដែរ។ គ្រាប់ឈូកក៏មានសមត្ថភាពបន្សាបជាតិពុលក្នុងតម្រងនោម និងថ្លើម បំបាត់កាកសំណល់អាហារនិងការពារការកកកុញកាកសំណល់នៅក្នុងពោះវៀន។

២/. សុខភាពបេះដូង

គ្រាប់ឈូកមានផ្ទុកម៉ាញ៉េស្យូមជាច្រើននៅក្នុងនោះ។ ម៉ាញ៉េស្យូមគឺមានសមត្ថភាពធ្វើឱ្យប្រសើរឡើងនូវអុកស៊ីសែនក្នុងឈាម និងលំហូរនៃសារធាតុចិញ្ចឹមផ្សេងទៀតទៅក្នុងបេះដូង។ កម្រិតម៉ាញ៉េស្យូមទាបអាចធ្វើឱ្យរាងកាយអ្នកងាយនឹងគាំងបេះដូង ដូច្នេះគ្រាប់ឈូកគឺជាហារូបត្ថម្ភដ៏អស្ចារ្យទប់ទល់នឹងជំងឺសរសៃឈាមបេះដូង។

៣/. ប្រសិទ្ធភាពប្រឆាំងភាពចាស់

អង់ស៊ីមដែលមាននៅក្នុងគ្រាប់ឈូកត្រូវបានគេសន្មតថារារាំងភាពចាស់បានយ៉ាងមានប្រសិទ្ធភាព។ វាមានសមត្ថភាពជួយជួសជុលនិងថែរក្សាប្រូតេអ៊ីនដែលខូចនិងជម្រុញសំយោគកូឡាជែននៅក្នុងខ្លួន។ គ្រាប់ឈូកនៅក្នុងទំរង់ម្សៅឥឡូវនេះត្រូវបានបន្ថែមទៅក្នុងគ្រឿងសំអាងផ្សេងៗដើម្បីបង្អាក់ដំណើរការនៃស្បែកចាស់ក៏ដូចជាបន្ថយការលេចចេញស្នាមជ្រីវជ្រួញលើស្បែកផងដែរ។

៤/. ជំរុញការគេង

គ្រាប់ឈូកត្រូវបានគេសន្មតថាមានប្រសិទ្ធិភាពខ្ពស់ធ្វើឱ្យសរសៃប្រសាទរបស់អ្នកធូរស្រាលហើយអ្នកគេងលក់ស្រួលជាងមុន។ វាក៏ជួយដល់ដំណើរការរំលាយអាហាររបស់សរសៃឈាមនិងជួយយ៉ាងច្រើនក្នុងការកាត់បន្ថយភាពតានតឹងនិងការថប់បារម្ភ។

៥/. ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែម

គ្រាប់ឈូក មានសន្ទស្សន៍ glycemic ក្នុងកម្រិតទាប។ ដូច្នេះវាមានសមត្ថភាពរឹតត្បិតការកើនឡើងកម្រិតជាតិស្ករក្នុងឈាមភ្លាមៗ។ គ្រាប់ឈូកក៏មានសមត្ថភាពត្រួតពិនិត្យការឆ្លើយតបអាំងស៊ុយលីននៅក្នុងខ្លួន និងរក្សាសារធាតុគ្លុយកូសនៅក្នុងចរន្តឈាមក្នុងកំរិតធម្មតាផងដែរ។ ការទទួលទានគ្រាប់ឈូកស្រស់ឬស្ងួតជាអាហារសម្រន់ពេលល្ងាចគឺល្អសម្រាប់របបអាហារក្នុងការទប់ទល់នឹងជំងឺទឹកនោមផ្អែម។ ដោយសារអ្នកជំងឺទឹកនោមផ្អែមមានហានិភ័យខ្ពស់នៃជំងឺលើសឈាម គ្រាប់ឈូកក៏រួមចំណែកដល់ស្ថេរភាពកម្រិតសម្ពាធឈាមនៅក្នុងខ្លួនផងដែរ។

សេចក្តីសន្និដ្ឋានរួម៖

គ្រាប់ឈូកពិតជាអាហារដែលមានជីវជាតិខ្ពស់ដែលផ្ទុកទៅដោយសមាសធាតុសំខាន់ៗរួមមានប្រូតេអ៊ីន ជាតិសរសៃ វីតាមីន ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាផ្តល់ជូននូវគុណសម្បត្តិជាច្រើនសម្រាប់សុខភាពមនុស្សដូចជាការកែលម្អទម្រង់ដំណេក លើកកម្ពស់ការសម្រកទម្ងន់ ការគ្រប់គ្រងរោគសញ្ញាជំងឺទឹកនោមផ្អែម បង្កើនសកម្មភាពប្រព័ន្ធសរសៃប្រសាទនិងបន្ថយភាពចាស់។ មិនតែប៉ុណ្ណោះ គ្រាប់ឈូកក៏ជាអាហារដ៏ពិសេសមួយទៅក្នុងរបបអាហារដើម្បីជំរុញសុខភាពរាងកាយនិងផ្លូវចិត្តឱ្យកាន់តែប្រសើរឡើងផងដែរ៕

ប្រែសម្រួល៖ ភូមិន្ទ 

ប្រភព៖  Netmeds

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត