
ទឹកអប់ជាគ្រឿងសម្អាងប្រភេទម្យ៉ាងបម្រើដល់ឃានវិញ្ញាណឱ្យទទួលបាននូវក្លិនក្រអូបប្រហើរពោរពេញទៅដោយភាពស្រស់ស្រាយ។ បច្ចុប្បន្ន ទឹកអប់បានដើរតួនាទីយ៉ាងសំខាន់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃមិនថាបុរសឬស្រ្តីនោះឡើយ ព្រោះវាជាគ្រឿងកំណត់នូវគុណតម្លៃជីវិតមួយដែលបង្ហាញពីភាពទាក់ទាញនិងជឿជាក់។ តាមការបញ្ជាក់របស់អ្នកជំនាញបានឱ្យដឹងថា ទឹកអប់មាន ៥ ប្រភេទគឺ Perfume, Eau de Perfume, Eau de Toilette, Eau de Cologne និង Eau Fraiche។ ខណៈនេះ SBM News សូមនាំអារម្មណ៍អស់លោកអ្នកទៅស្គាល់ប្រភេទទឹកអប់ធំៗ ចំនួនបីប្រភេទធំៗ ដើម្បីឱ្យជ្រាបថា តើប្រភេទណាមួយដែលឆ្លើយតបនឹងតម្រូវការរបស់លោកអ្នក។
១/ Toilette (Eau de Toilette ឬ EDT )៖
វាជាប្រភេទទឹកអប់មានសមាសធាតុផ្សំពីក្លិនឆួលនៃប្រេងក្រអូបសុទ្ធប្រមាណ 5% ទៅ 15% នៅក្នុងជាតិអាល់កុល។ ជាធម្មតាវាអាចប្រើប្រាស់ និងជាប់ក្លិនបានប្រមាណជា ៣ទៅ ៤ ម៉ោងតែប៉ុណ្ណោះ។ ទឹកអប់ប្រភេទនេះសក្ដិសមជាមួយលោកអ្នកដែលចាញ់នឹងក្លិនឆួលខ្លាំង ហើយចង់ប្រើវាតែនៅពេលណាចាំបាច់ម្ដងម្កាលតែប៉ុណ្ណោះ។ ចំពោះតម្លៃវិញ វាក៏ធូរថ្លៃជាងគេផងដែរ។

២/ Eau de Parfum ( ឬ EDP )៖
ជាប្រភេទទឹកអប់ដែលប្រើបានទូទៅទាំងបុរសនិងស្រ្តី។ ទឹកអប់ប្រភេទនេះមានបរិមាណផ្សំពីប្រេងក្រអូបសុទ្ធប្រមាណ 15 % ទៅ 20 % ហើយវាអាចប្រើប្រាស់ និងជាប់ក្លិនបានរយៈពេលប្រមាណ ៥ ទៅ ៨ ម៉ោងឯណោះ។ ការប្រើប្រាស់របស់ទឹកអប់មួយប្រភេទនេះភាគច្រើនបាញ់នៅលើ សម្លៀកបំពាក់ និងលើសក់ហើយសក្ដិសមជាមួយលោកអ្នកដែលមមាញឹកនឹងការងារពេញម៉ោង។

៣/ Perfume ៖
ទឹកអប់ប្រភេទនេះវាមានតម្លៃថ្លៃបន្ដិច ដោយសារតែវាផ្សំឡើងដោយសារធាតុពិសេសៗនិងមានក្លិនក្រអូបនៃជាតិប្រេងក្រអូបប្រមាណ 20% ទៅ 30% ឯណោះ។ វាជាប្រភេទទឹកអប់តែមួយគត់ដែលអាចប្រើប្រាស់ និងមានក្លិនក្រអូបជាប់បានរហូតដល់ទៅ 24 ម៉ោងលើ24ម៉ោង។ គេប្រើប្រាស់វាដោយបាញ់ទៅលើស្បែក លើចំនុចជីពចរ កញ្ចឹងក គុម្ពត្រចៀក និងកដៃទាំងសងខាង។

ដូច្នេះ! ប្រសិនជាលោកអ្នកចង់ជ្រើសរើសប្រភេទទឹកអប់ទៅតាមក្លិន រយៈពេលនៃការបញ្ចេញក្លិន និងទៅតាមលទ្ធភាពដែលលោកអ្នកមាននោះ លោកអ្នកអាចពិនិត្យមើលនៅលើគម្របដប ឬនៅតាមតួនៃដបទឹកអប់នីមួយៗ ដែលគេតែងតែដាក់បញ្ជាក់ប្រាប់លោកអ្នកថាវាជាប្រភេទនៃទឹកអប់ក្នុងកម្រិតមួយណា៕
ដោយ៖ ភូមិន្ទ


