រឿងរ៉ាវដ៏សោកសៅនៃប្រវត្តិ​​កសាងរមនីយដ្ឋាន ​ទំនប់​ម្លិច​នៅ​​កំពត
ភូមិន្ទ
24 មេសា 2021 03:43 PM

រមនីយដ្ឋានម្លិច គឺជាទីដ៏មនោរម្យដែលមានផ្ទុកទឹកជារាងបាតខ្ទះដ៏ធំល្វឹងល្វើយ អមដោយភ្នំជុំវិញ រំលេចឱ្យឃើញទេសភាពធម្មជាតិស្រស់ត្រកាលមិនចាញ់រមនីយដ្ឋានធម្មជាតិល្បីៗនៅកម្ពុជាយើងឡើយ។ ម្លិច ឬ​រំលេច ឬទំនប់ទឹកម្លិច ​មាន​ទីតាំង​នៅ​ចន្លោះ​ខេត្ត​តាកែវ និង​កំពត ម្ដុំ​ភ្នំ​នារាយណ៍ ឬ​ភ្នំ​មេអំបៅ ស្ថិត​នៅ​ឃុំ​ជ្រេស ស្រុក​ជុំគិរី ខេត្ត​កំពត។​ អស់បណ្ដាអ្នកទេសចរណ៍ជិតឆ្ងាយ តែងពោលសរសើរមិនដាច់ពីមាត់ពីសម្រស់របស់ទំនប់ម្លិច ប៉ុន្តែក៏ប្រហែលជាមិនបានជ្រាបទេថា ទំនប់ម្លិចបង្កប់នូវរឿងរ៉ាវដ៏ជូរចត់ចារជាប្រវត្តិសាស្រ្តមុនពេលលេចចេញជារូបរាងមក។

តាមប្រសាសន៍របស់ អតីត​អ្នក​ទទួល​ខុស​ត្រូវ​ផ្នែក​សេដ្ឋកិច្ច​ក្នុង​សម័យ​ខ្មែរ​ក្រហម លោក ជា យឿន ធ្លាប់បាន​រៀបរាប់ឱ្យសារព័ត៌មានក្នុងស្រុកមួយឱ្យដឹងថា ទំនប់​ម្លិច​ប្រហែល​កសាង​ឡើង​នៅ​ចុង​ឆ្នាំ​១៩៧៧ ឬ​ដើម​ឆ្នាំ​១៩៧៨ ក្នុង​សម័យ​ខ្មែរ​ក្រហម។ លោក​បន្ត​ថា ការ​សាង​សង់​ទំនប់​ម្លិច គឺ​មេ​ដឹកនាំ​ខ្មែរ​ក្រហម​ទទួល​ខុស​ត្រូវ​តំបន់​នោះ បាន​កេណ្ឌ​ប្រជាជន​មក​ពី​គ្រប់​មជ្ឈដ្ឋាន​ទូទាំង​ខេត្ត​កំពត ជា​ពិសេស​ប្រជាជន​ជម្លៀស​មក​ថ្មី​ឲ្យ​មក​លើក​ទំនប់​នេះ​ទាំង​យប់ ទាំង​ថ្ងៃ ក្នុង​គោល​បំណង​ស្តុក​ទឹក​ទុក​សម្រាប់​ប្រើប្រាស់ និង​ទុក​ធ្វើ​ស្រែ​​ជាដើម។ ការ​កសាង​ទំនប់​ម្លិច​កាល​ជំនាន់​នោះ បាន​បណ្ដាល​ឲ្យ​មាន​ពលរដ្ឋ​ខ្មែរ​ស្លូត​ត្រង់​ឈឺ​បាក់​កម្លាំង និង​ស្លាប់​រាប់​ពាន់​ម៉ឺន​នាក់ ដោយ​ការ​បង្ខំ​ឲ្យ​រែក​ដី​លើក​ទំនប់​ឲ្យ​បាន​តាម​ផែនការ​កំណត់​របស់​អង្គការ ទាំង​មិន​មាន​របប​ហូប​ចុក​គ្រប់គ្រាន់ និង​មិន​មាន​ពេល​សម្រាក។

បច្ចុប្បន្នបើទោះបីជា ទំនប់ម្លិចធ្លាប់ជាកន្លែងដែលបង្កប់នូវរឿងសោកនាដកម្មដ៏មិនអាចបំភ្លេចបានក្ដី ប៉ុន្តែបច្ចុប្បន្ននេះ ទំនប់ម្លិចក៏ក្លាយជារមនីយដ្ឋានល្បីឈ្មោះ ដែលប្រជាពលរដ្ឋនៅក្នុងតំបន់និងតាមបណ្ដាខេត្តជិតឆ្ងាយតែងនាំគ្នាទៅទស្សនានិងសម្រាកលម្ហែកាយមិនដែលដាច់ ជាពិសេសគឺនៅថ្ងៃចុងសប្ដាហ៍និងថ្ងៃសម្រាកពីការងារ។

គួរបញ្ជាក់បន្ថែមថា ទំនប់ម្លិច ជារមណីយដ្ឋានធម្មជាតិមួយកន្លែង មានចម្ងាយប្រមាណ៩០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ ដើម្បីទៅដល់រមណីយដ្ឋាននេះ បើលោកអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៣ ពីរាជធានីភ្នំពេញទៅ ដល់ព្រំប្រទល់រវាងខេត្តតាកែវ និងខេត្តកំពត នៅដើមផ្លូវខាងស្តាំដៃ មានស្លាកអតីតសាកលវិទ្យាល័យ "ភូមិន្ទតាកែវ-កំពត" ដែលសាកលវិទ្យាល័យនេះ នៅសល់តែស្លាកឈ្មោះតែប៉ុណ្ណោះ រួចបត់ស្តាំចូលតាមផ្លូវដីប្រមាណ៦គីឡូម៉ែត្រ នឹងទៅដល់រមណីយដ្ឋានធម្មជាតិទំបន់ម្លេច ដែលស្ថិតនៅក្បែរភ្នំនារាយណ៍ និងភ្នំមេអំបៅជាក់ជាមិនខាន៕

ដោយ៖ ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត