
ទឹកដក់ថ្លាឈ្វេងខៀវស្រងាត់បង្កើតបានជាផ្ទាំងទស្សនីយភាព ធម្មជាតិដ៏ស្រស់ស្រកាលនាកណ្ដាលជ្រលងភ្នំនៅភូមិត្នោត ឃុំត្នោត ស្រុកបាទី ខេត្តតាកែវ បែរជាត្រូវបានអាជ្ញាធរស្រុកបាទីប្រកាសបិទមិនឱ្យចូលលេងកម្សាន្តទៅវិញ ក្រោមមូលហេតុថាទឹកនោះមានសារធាតុបង្កគ្រោះថ្នាក់។ ប៉ុន្តែផ្ទុយទៅវិញ ប្រជាពលរដ្ឋនៅក្នុងតំបន់នោះនិងមកពីតាមបណ្ដាខេត្តផ្សេងៗបែរជាមានជំនឿថាទឹកនោះអាចព្យាបាលជំងឺផ្សេងៗបានទៅវិញ។

យោងតាមការបញ្ជាក់ប្រាប់របស់អ្នកស្រី អ.ប ដែលជាអាជីវករលក់ដូរនៅក្បែរទីតាំងនោះបានផ្ដល់ព័ត៌មានដល់ SBM News ឱ្យដឹងថា ទឹកក្នុងជ្រលងភ្នំនេះ គឺកើតឡើងជិត ១០ ឆ្នាំមកហើយ គឺក្រោយពេលដែលមានក្រុមហ៊ុនមួយបានមកបំផ្ទុះរំសេវយកថ្មចេញពីទីនោះ។ ប៉ុន្តែលោកស្រីបន្ដថា កន្លែងនេះទើបតែល្បីល្បាញប្រមាណពីរឆ្នាំចុងក្រោយនេះប៉ុណ្ណោះ។ អាជីវកររូបនេះបន្ដឱ្យដឹងទៀតថា មានអ្នកខ្លះមកតាំងពីខេត្តបាត់ដំបង បន្ទាយមានជ័យ ដើម្បីមកងូតទឹកនេះក្នុងបំណងកម្សាន្តនិងព្យាបាលជំងឺ ហើយក៏មានអ្នកខ្លះអះអាងថាបានសមប្រកបហើយនាំបងប្អូនកូនចៅមកងូត និងសែនព្រែនសុំសេចក្ដីសុខជាហូរហែរទៀតផង។ ប៉ុន្តែមួយរយៈចុងក្រោយនេះ គឺពុំសូវមានមនុស្សទៅទស្សនា ឬងូតទឹកកម្សាន្តដូចមុនទេ ព្រោះតែបញ្ហាការឆ្លងរាតត្បាតនៃមេរោគកូវីដ-១៩។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០១៩ កន្លងទៅ លោក ភួន ឈីម អភិបាលស្រុកបាទី បានចុះពិនិត្យមើលទឹកល្អាងភ្នំចំបាប់ ដែលអះអាងថាមានផ្ទុកដោយសារធាតុរំសេវ ដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពដល់អ្នកមកលេងទីនេះ។ ការចុះត្រួតពិនិត្យនេះលោកក៏បានបញ្ជាក់ និងផ្ដល់ដំណឹងដល់ប្រជាពលរដ្ឋមិនឱ្យមកងូតទឹកលេងនៅទីនេះទៀត ដោយសារទឹកមានសារធាតុគីមី ធ្វើឱ្យប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ។ ទោះបីជាយ៉ាងណា ក្នុងឆ្នាំ ២០២០-២០២១ នេះ នៅតែមានប្រជាពលរដ្ឋក្នុងនិងតាមបណ្ដាខេត្តផ្សេងៗ ទៅទស្សនានិងកម្សាន្តជាហូរហែ៕



រូបភាព៖ ភូមិន្ទ


