លម្អិតពីរឿង "ពស់កេងកង"​ ខ្សែភាពយន្តខ្មែរល្បីកក្រើកអាស៊ី
ភូមិន្ទ
5 ឆ្នាំមុន

រឿង ពស់កេងកង ជាដំណើររឿងព្រេងបុរាណមួយដ៏ចម្លែក ដែលនិយាយអំពីស្នេហារវាងនាងនី និងពស់កេងកង។ រឿងព្រេងបុរាណមួយនេះ ត្រូវផលិតករ ទា លឹមគុណ យកមកផលិតជាខ្សែភាពយន្តយ៉ាងសម្រិតសម្រាំងប្រកបដោយគុណភាពខ្ពស់ ជាមួយនឹងនិពន្ធបន្ថែមនៅសាច់រឿងបន្ត បន្ទាប់ពីប្តីនាងនី យកនាងនីទៅវះពស់ ហើយធ្លាយចេញកូនពស់រាប់រយ តែពស់ទាំងនោះត្រូវប្តីនាងនីប្រហារចោលស្ទើរគ្មានសល់ ជាសំណាងនៅសេសសល់កូនពស់មួយវារួចពីការប្រហារនោះ ហើយទៅជួបព្រះមុនីឥសី ហើយបន្តជីវិតជាមនុស្សវិញ ទៅរួមរស់ស្នេហាជាមួយនាងសុរិយា កូនសេដ្ឋីពោះម៉ាយ។

ខ្សែភាពយន្តនេះបានថតនៅស្ទូឌីយ៉ូរបស់ផលិតកម្មតារារដ្ឋភាពយន្ត នាតំបន់ព្រែកឯង តាំងពីដើមដល់ចប់។ ខ្សែភាពយន្តរឿងពស់កេងកងនេះ បានផលិតនៅឆ្នាំ១៩៦៩ ហើយបានបញ្ចាំងនៅចុងឆ្នាំ១៩៦៩នោះតែម្តងគឺមុនព្រឹត្តិការណ៍រដ្ឋប្រហារ១៨ មីនា ឆ្នាំ១៩៧០។ គ្រាន់តែដាក់បញ្ចាំងភា្លម កាសែតនិងទូរទស្សនាវដ្តីក្នុងស្រុកជាច្រើននាំគ្នាសរសើរដោយក្តីមោទកចំពោះស្នាដៃដ៏វិសេសវិសាលមួយនេះ។

ក្រុមព្រះសុរិយា ដែលជាក្រុមមួយដែលធ្វើស្រាវជ្រាវ​ អភិវឌ្ឍន៍ និងអភិរក្សសិល្បៈភាពយន្ត និងតន្ត្រីខ្មែរ នាទសវត្សឆ្នាំ ៦០ និង ៧០ បានរកឃើញអត្ថបទមួយក្នុងទស្សនាវដ្តីស្រ្តី ដែលបានលើកសរសើរអំពីខ្សែភាពយន្តមួយនេះផងដែរ ដោយបានរៀបរាប់ថា ខ្សែភាពយន្តនេះជាខ្សែភាពយន្តដ៏ជក់ចិត្តមួយ មានដំណើរដើមទងពីរឿងព្រេងបុរាណខ្មែរ ត្រូវបានផលិតករដ៏ជំនាញយកមកច្នៃឱ្យមានរសនិយមគួរអោយចង់ទស្សនាជាខ្លាំង ពិសេសគឺការសម្តែងដ៏រស់រវើក និងរូបភាពដ៏ស្រស់ស្រទន់ក្នុងភាពយន្តនេះ។ ខ្សែភាពយន្តរឿងពស់កេងកងនេះ សម្តែងដោយ តារាភាពយន្តកំពូលៗប្រាំដួងនៃកម្ពុជាគឺ លោក ជា យុទ្ធថន , លោកស្រី ឌី សាវ៉េត , លោកស្រី សាក់ស៊ី ស្បោង , លោក ឳ ឌុំ , នាងកញ្ញា សុខ កន្នរី រួមទាំងផ្កាយកំប្លែងល្បីៗនៃកម្ពុជាដូចជា លោក ម៉ុង ដូលីន , លោកស្រី ម៉ែ ម៉ឺន , លោក ប៉ី សាលួត , លោកស្រី មុត សំអឿន , លោក កន្តុល គ្រុន , នាងម៉ាប់ណូយ៉ា , លោក ឡូតូ , នាយ ស៊ុយ ជាដើម។ នៅឆ្នាំ១៩៧០ លោក ទា លឹមគុណ បាននាំចេញភាពយន្តនេះទៅបញ្ចាំងនៅប្រទេសថៃ ធ្វើឱ្យកក្រើក វិស័យសិល្បៈភាពយន្តនៅប្រទេសថៃ។ មកដល់នៅឆ្នាំ១៩៧១ លោក ទា លឹមគុណ បាននាំយកស្នាដៃរបស់លោកមួយនេះ មកចូលរួមក្នុងមហោស្រពភាពយន្តអាស៊ីប៉ាស៊ីហ្វិចលើកទី១៧ នាទីក្រុងតៃប៉ិ កោះតៃវ៉ាន់ ហើយទទួលបានពានរង្វាន់កិត្តិយសពិសេសពីគណមេប្រយោគ។

យោងតាមការស្រាវជ្រាវរបស់ ក្រុមព្រះសុរិយា បានឱ្យដឹងថា ភាពយន្តនេះបានបង្ហាញវត្តមាននៅលើទីផ្សារភាពយន្តនៅអាស៊ី ដោយប្រទេសធំៗជាច្រើននៅអាស៊ី បានទិញសិទ្ធិយកទៅបញ្ចាំង តួយ៉ាងដូចជា ប្រទេសថៃ , ឥណ្ឌូនេស៊ី , ម៉ាឡេស៊ី , ហុងកុង , តៃវ៉ាន់ , វៀតណាមខាងត្បូង , ឡាវ ជាដើម ដែលនេះគឺជាប្រវត្តិសាស្រ្តដ៏សំខាន់បំផុតដែលយើងត្រូវដឹងថា ភាពយន្តពស់កេងកង ជាភាពយន្តខ្មែរទី១ដែលបានបោះជំហានចូលទៅទីផ្សារភាពយន្តអាស៊ីមុនគេ។ មរតកស្នាដៃរឿងពស់កេងកងនេះ ក៏នៅតែមានឥទ្ធិពលដល់សព្វថ្ងៃ ដោយកាលពីឆ្នាំ២០១២កន្លងទៅ ភាពយន្តនេះបានដាក់បញ្ចាំងជាកិតិ្តយសក្នុងមហោស្រពអន្តរជាតិនាក្រុងប៉ែឡាំង ប្រទេសអាឡឺម៉ង់។ នៅ ឆ្នាំ២០១៦ ភាពយន្តនេះក៏បានដាក់បញ្ចាំងជាកិត្តិយសនៅក្នុងមហោស្រពភាពយន្តតូត្យូប្រទេសជប៉ុនផងដែរ។ សូមជម្រាបផងដែរថាកំពូលផលិតករ ទា លឹមគុណ សព្វថ្ងៃកំពុងរស់នៅយ៉ាងស្ងៀមស្ងាត់ក្នុងប្រទេសកាណាដា ហើយលោកបានរក្សាហ្វីលនេះបានយ៉ាងល្អក្នុងគេហដ្ឋានរបស់លោក ជាមួយនិងការថែទាំជារៀងរាល់ថ្ងៃផងដែរ៕

ស្រាវជ្រាវដោយ៖​ ក្រុមព្រះសុរិយា

ចុះផ្សាយដោយ៖ ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត