ប្រវត្តិសង្ខេបរបស់លោកស្រីអ៊ុង​សាន ស៊ូ​ជី វីរនារីភូមា ….
S
Sereyphuon Chhim
26 មីនា 2021 08:58 AM

លោកស្រីអ៊ុង​សាន ស៊ូ​ជី (Aung San Suu Kyi) ​កើត​នៅ​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​១៩៤៥ នៅក្នុង​ទីក្រុង​រ៉ង់​ហ្គួ​ន​(Rangoon) ​ដែល​បច្ចុប្បន្ន​ត្រូវដូរ​ឈ្មោះមកជា យ៉ាង​ហ្គួ​ន​(Yangon)​។ ​លោកស្រីមានឪពុក​ឈ្មោះ ​អ៊ុង​សាន(Aung San)  និងម្តាយ​ឈ្មោះ​​ឃី​ន ឃ្យី​(KhinKyi)។

  លោក​អ៊ុង​សាន(Aung San) ឪពុកលោកស្រី​អ៊ុង​សាន ស៊ូ​ជី
  លោក​អ៊ុង​សាន(Aung San) ឪពុកលោកស្រី​អ៊ុង​សាន ស៊ូ​ជី

​ឪពុកលោកស្រី​ជា​មេដឹកនាំតស៊ូយ៉ាងសកម្មក្នុងការទាមទារ​ឯករាជ្យ​ជាតិ​ពី​ចក្រភព​អង់គ្លេស​ ឲ្យ​ប្រទេ​សមី​យ៉ាន់​ម៉ា ​ ។ តែលោក​ត្រូវបានគេលួច​ធ្វើឃាត​ក្នុង​ឆ្នាំ​១៩៤៧​ គឺនៅពេលលោកស្រីអ៊ុង​សាន ស៊ូ​ជី ទើបមានអាយុ២ឆ្នាំប៉ុណ្ណោះ។

លោកស្រី ​មាន​បងប្អូន​ប្រុស​ពីរ​នាក់ ​ក្នុងនោះមាន​ម្នាក់​ស្លាប់​ដោយសារ​លង់ទឹក និង​ម្នាក់ទៀត​បាន​ទៅ​រស់នៅ​រដ្ឋ​កាលីហ្វ​ញ៉ា ​និងទទួលបាន​សញ្ជាតិ​អាមេ​រិក​។

ក្នុង​ឆ្នាំ​១៩៦០ ម្តាយ​លោកស្រី​ដែលជាអ្នក​នយោបាយ​ដ៏​សំខាន់ម្នាក់ដែរនោះ​ ​ត្រូវបានតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ប្រចាំ​នៅ​ប្រទេស​ឥណ្ឌា។ លោកស្រី​បាន​សិក្សា​នៅ​សាលា​ក្នុង​ទីក្រុង​ញូវដេលី​(New Delhi)​ប្រទេស​ឥណ្ឌា និង​បានបញ្ចប់​ការសិក្សា​នៅ​មហា​វិទ្យា​ក្នុងប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ​១៩៦៤​ រួចបាន​បន្ដ​កា​សិក្សា​នៅ​សាកលវិទ្យាល័យ​Oxford​ក្នុង​ចក្រភព​អង់គ្លេស រហូតទទួលបាន​សញ្ញាបត្រ​បរិញ្ញាបត្រ​ផ្នែកទ​ស្សន​វិជ្ជា នយោបាយ និង​សេដ្ឋកិច្ច​ក្នុង​ឆ្នាំ​១៩៦៧ ។

ក្នុង​ឆ្នាំ​១៩៦៨ ​លោកស្រី​បាន​បញ្ចប់​ថ្នាក់អនុបណ្ឌិត​វិទ្យាសាស្ដ្រ​នយោបាយ​។

ក្រោយ​បញ្ចប់​ការសិក្សានៅចក្រភព​អង់គ្លេស ​លោកស្រី​បាន​ទៅ​រស់នៅក្នុង​ទីក្រុង​ញូវយ៉ក ​និងបានបម្រើការងារ​នៅ​អង្គការសហប្រជាជាតិ​ បាន​បី​ឆ្នាំ ​ផងដែរ​។​

​នៅ​ថ្ងៃទី​០១ ខែ​មករា ឆ្នាំ​១៩៧២ ​លោកស្រី​អ៊ុង​សាន ​ស៊ូ​ជី ​បាន​រៀប​ការ​ជា​មួយលោ​កបណ្ឌិត ​ម៉ៃ​ខ​ល អា​រី​ស​(Dr Michael Aris) ​ជនជាតិ​អង់គ្លេស ​ដែលមានជំនាញខាង​វប្បធម៌ ​និង​អក្សរសិល្ប៍​ទី​បេ​។

 ចំណងអាពាហ៍ពិពាហ៍​លោកស្រី ​និង​ស្វាមី ​ទទួលបានកូនប្រុស​ពីរ​នាក់​។

ក្រោយពី បម្រើ​ការងារ​នៅ​ក្រៅប្រទេស​ជាច្រើន​ឆ្នាំ នៅ​ឆ្នាំ​១៩៨៨ ​លោកស្រី​បាន​វិលត្រឡប់​មក​មាតុប្រទេស​វិញ ​ ដើម្បីមើលថែម្តាយឈឺ ស្របពេលប្រជាជនមីយ៉ាន់ម៉ា កំពុងធ្វើបាតុកម្មប្រឆាំងនឹងរបបយោធាដែលដឹកនាំដោយឧត្តមសេនីយ៍ ណេ វិន ដែលបានធ្វើរដ្ឋប្រហារយោធា ទម្លាក់រដ្ឋាភិបាល អ៊ូ នូ តាំងពីឆ្នាំ១៩៦២មកនោះ ។ បាតុកម្ម នោះ កើតឡើងដោយសារឧត្តមសេនីយ៍ ណេ វិន បានសម្រេចលុបចោលក្រដាសប្រាក់មួយចំនួនរបស់មីយ៉ាន់ម៉ា។  លោកស្រីអ៊ុង​សាន ស៊ូ​ជី ក៏បានចូលរួមក្នុងបាតុកម្មនោះដែរ ធ្វើឱ្យឥទ្ធិពល និងប្រជាប្រិយរបស់លោកស្រីចាប់ផ្ដើមល្បីរន្ទឺជាបន្តបន្ទាប់នៅក្នុងចំណោមក្រុមបាតុករ។

ឧត្តមសេនីយ៍ ណេ វិន
ឧត្តមសេនីយ៍ ណេ វិន

 នៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៨៨ ប្រជាជនមីយ៉ាន់ម៉ា ជាច្រើនម៉ឺននាក់ ដែលចេញមកពីគ្រប់ស្រទាប់វណ្ណៈ បានចេញមកបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលយោធា។ ក្នុងថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៨៨ លោកស្រីបានថ្លែងសុន្ទរកថាជាសាធារណៈលើកដំបូងនៅមុខមហាជនជាច្រើនម៉ឺននាក់ ក្នុងទីក្រុងយ៉ាំងហ្គោន ដោយបានលើកឡើងពីបញ្ហាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប្រកបដោយអត្ថន័យពីរោះជក់ចិត្តបំផុត។

នៅពាក់កណ្តាលខែកញ្ញា ឆ្នាំ១៩៨៨  រដ្ឋាភិបាលយោធា បានចាប់ផ្តើមបង្រ្កាបលើក្រុមបាតុករយ៉ាងសាហាវឃោរឃៅ ដែលបង្កឱ្យមានមនុស្សស្លាប់ជាច្រើនពាន់នាក់នៅក្នុងប្រទេស។

នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៨៨ ឈ្មោះគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង លោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតែងតាំងជាអគ្គលេខាធិការ។

នៅក្នុងក្នុងឆ្នាំ១៩៨៩ រដ្ឋាភិបាលយោធា បានដាក់ឃុំលោកស្រីឱ្យនៅតែក្នុងផ្ទះ។ ក្នុងឆ្នាំដដែលនេះ រដ្ឋាភិបាលយោធា ក៏បានប្តូរឈ្មោះប្រទេសភូមា ទៅជាសហភាពមីយ៉ាន់ម៉ា វិញផងដែរ។

នៅ​ថ្ងៃទី​២៧ ខែ​មីនា ឆ្នាំ​១៩៩៩ ស្វាមី​លោកស្រី​ គឺលោក​ម៉ៃ​ខ​ល អា​រី​ស​(Michael Aris) បានស្លាប់បាត់​បង់ជីវិតដោយសារ​ជំងឺ​។

ក្នុងឆ្នាំ១៩៩១ ស៊ូជី បានឈ្នះពានរង្វាន់សន្តិភាព។ ដោយសារកំពុងជាប់ឃុំនៅក្នុងផ្ទះ ស៊ូជី មិនអាចទៅទទួលពាននោះឡើយ ដោយកូនប្រុសច្បង លោក Alexander Aris ជាអ្នកទៅទទួលជំនួស។

នៅក្នុងឆ្នាំ១៩៩៥  លោកស្រីស៊ូជី ត្រូវបានរដ្ឋាភិបាលយោធា ដោះលែងវិញ ។ លុះដល់ឆ្នាំ២០០០ រដ្ឋាភិបាលយោធា បានដាក់ឃុំលោកស្រីឱ្យនៅតែក្នុងផ្ទះវិញដដែល។ រហូតឆ្នាំ២០០២ ទើបរដ្ឋាភិបាលយោធា ដោះលែងជាថ្មីម្ដងទៀត។

 នៅក្នុងឆ្នាំ២០០៣ បន្ទាប់ពីមានការប៉ះទង្គិចរបស់ក្រុមបាតុករគាំទ្ររដ្ឋាភិបាលយោធា ជាមួយអ្នកគាំទ្របក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ លោកស្រីក៏ត្រូវបានរដ្ឋាភិបាលយោធា ដាក់ឃុំក្នុងផ្ទះជាថ្មីម្ដងទៀត ហើយក្រោយពីរដ្ឋាភិបាលយោធា ត្រូវបានសហគមន៍អន្តរជាតិ ថ្កោលទោសជាបន្តបន្ទាប់ លោកស្រីត្រូវបានដោះលែងនៅក្នុងខែវិច្ឆិកា ឆ្នាំ២០១០ ដោយសារផុតកំណត់នៃការជាប់ឃុំលើបទចោទទៀតផង។

ក្នុងឆ្នាំ២០១០ នោះដែរ រដ្ឋាភិបាលយោធា បានរៀបចំការបោះឆ្នោតថ្នាក់ជាតិជាថ្មី គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ធ្វើពហិការ មិនចូលរួម ព្រោះលោកស្រីស៊ូជី កំពុងជាប់ឃុំ។ កាលនោះ គណបក្សសហភាពបង្រួបបង្រួម និងអភិវឌ្ឍន៍ របស់ពួកយោធា បានឈ្នះអាសនៈនៅក្នុងសភា ច្រើនលើសលុប។ 

ក្នុងឆ្នាំ២០១៥ បក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ បានចូលរួមការបោះឆ្នោតវិញ ហើយបានឈ្នះអាសនៈភាគច្រើននៅក្នុងសភា។ ប៉ុន្តែលោកស្រីស៊ូជី មិនអាចឡើងជាប្រធានាធិបតីបានទេ ដោយសាររដ្ឋធម្មនុញ្ញឆ្នាំ២០០៨ ដែលតាក់តែងដោយក្រុមយោធា បានហាមឃាត់អ្នកមានប្តីឬប្រពន្ធសញ្ជាតិបរទេស មិនអនុញ្ញាតឱ្យធ្វើជាប្រធានាធិបតី បានជាដាច់ខាត។

នៅដើមឆ្នាំ២០១៦ សភា បានជ្រើសលោកហ្តិន ក្វាវ(Htin Kyaw) ជាប្រធានាធិបតីមីយ៉ាន់ម៉ា ។

នៅក្នុងខែមេសា ឆ្នាំ២០១៦ នោះដែរ លោកស្រីស៊ូ ជី បានកាន់តំណែងជាទីប្រឹក្សារដ្ឋ ដែលមានស្មើនឹងឋានៈប្រធានាធិបតីដែរ។

ដោយសារពួកយោធាប្រកាន់ពូជសាសន៍ និងសាសនា បានធ្វើការកាប់សម្លាប់សហគមន៍រ៉ូហ៊ីងយ៉ា កាន់សាសនាម៉ូស្លីម បណ្ដាលឱ្យស្លាប់ជាច្រើនពាន់នាក់ និង ៤៣ពាន់នាក់ទៀត រត់ភៀសខ្លួនទៅប្រតេសជិតខាង លោកស្រីស៊ូជី ត្រូវបានដកពានរង្វាន់ជាច្រើន ក្នុងនោះរួមទាំងរង្វាន់សិទ្ធិមនុស្សពីអង្គការលើកលែងទោសអន្តរជាតិផងដែរ។

លើសពីនេះ នៅចុងឆ្នាំ២០១៩ លោកស្រីបានការពារក្តីនៅអង្គការយុត្តិធម៌អន្តរជាតិថែមទៀត ដែលកាលនោះប្រទេសហ្កំប៊ី បានដាក់ពាក្យបណ្តឹងជុំវិញបញ្ហាកាប់សម្លាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដោយមានការគាំទ្រពីប្រទេសផ្សេងៗទៀតជាច្រើន ។ 

នៅក្នុងការបោះឆ្នោតសកលនាថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២០ គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ ទទួលជ័យជម្នះ បាន៣៩៦ អាសនៈលើចំនួនអាសនៈសរុប ៤៧៦ នៅក្នុងសភា គឺជាជ័យជម្នះដ៏លើសលប់ជាងការបោះឆ្នោតពីឆ្នាំ២០១៥នោះទៅទៀត។ រីឯគណបក្សសាមគ្គីភាព និងអភិវឌ្ឍន៍សហភាព ដែលជាគណបក្សតំណាងពួកយោធា ទទួលបានតែ ៣៣ អាសនៈប៉ុណ្ណោះ។

 តែនៅដើមខែកុម្ភៈ ឆ្នាំ២០២១ ក្រុមយោធាមីយ៉ាន់ម៉ា បានធ្វើរដ្ឋប្រហារជាថ្មីម្ដតទៀត ដោយបានចាប់ឃុំលោកស្រីស៊ូជី ជាថ្មីម្តងទៀត ហើយចោទថា ការបោះឆ្នោតក្នុងខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅ មានភាពមិនប្រក្រតី និងប្រកាសដាក់ប្រទេសក្នុងស្ថានភាពអាសន្នរយៈពេល ១ឆ្នាំ បណ្ដាលឱ្យមានការផ្ទុះបាតុកម្ម នៅក្រុងធំៗចំនួន៣ក្នុងប្រទេសភូមាគឺ យ៉ង់ហ្គោន ម៉ានឌឺឡេ និង ណៃពិដោ និងឆ្លងរាលដាលទៅខេត្តផ្សេងៗទៀតជាច្រើន ហើយបើរាប់ចាប់តាំងពីថ្ងៃរដ្ឋប្រហារមក មានមនុស្សប្រមាណ២៥០នាក់ហើយដែលបានស្លាប់បាត់បង់ជីវិត ដោយសារការបង្រ្កាបរបស់ក្រុមយោធា៕  (ស្រាវជ្រាវដោយ៖ ឈឹម សេរីភួន)

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត