
បង្វិលពពិលត្រូវបានគេស្គាល់ថា ជាពិធីដ៏សំខាន់មួយក្នុងចំណោមពិធីផ្សេងៗទៀត នៅក្នុងការរៀបមង្គលការ។ តែបើតាមអ្នកស្រាវជ្រាវផ្នែកជំនឿទំនៀមទម្លាប់ខ្មែរធ្លាប់បានផ្ដល់បទសម្ភាសដល់សារព័ត៌មានក្នុងស្រុកឱ្យដឹងថា បង្វិលពពិលត្រូវខ្មែរប្រើប្រាស់ស្ទើរគ្រប់ពិធីទាំងអស់ដែលទាក់ទងដល់ការឆ្លងវ័យ មិនមែនតែនៅក្នុងពិធីមង្គលការនោះទេ។
សាស្ត្រាចារ្យនៅមហាវិទ្យាល័យបុរាណវិទ្យា លោក អាំង ជូលាន មានប្រសាសន៍ថា បង្វិលពពិលក្នុងគ្រប់ពិធីទាំងអស់ គឺបង្វិលតាមប្រទក្សិណ ហើយមានតែបង្វិលពពិលក្នុងបុណ្យសពទេដែលធ្វើតាមឧត្តរពាត ដែលបញ្ច្រាសនឹងប្រទក្សិណ។ បង្វិលពពិលក្នុងបុណ្យសព គឺគេធ្វើនៅក្រោយពេលបូជា និងរើសធាតុ។

សាស្ត្រាចារ្យ អាំង ជូលាន បន្តថា ចំនួនជុំការបង្វិលពពិលតែងយកចំនួនលេខសេស មាន ៣ជុំ ៥ជុំ និងរហូតដល់ ១៩ជុំ។ លើកលែងតែបង្វិលពពិលក្នុងពិធីបុណ្យពុទ្ធាភិសេក ឬការអភិសេកព្រះ ដែលការបង្វិលពពិលមានច្រើនជុំ គឺរហូតដល់ជាង ១០០ជុំ។
ក្នុងវចនានុក្រមភាសាខ្មែរដែលចងក្រងដោយសម្ដេចព្រះសង្ឃរាជ ជួន ណាត បានឲ្យនិយមន័យពពិលថា ជាប្រដាប់ធ្វើដោយលោហជាតិ មានសណ្ឋានស្រដៀងនឹងស្លឹកពោធិ៍សម្រាប់បិទទៀនអុជកាន់ហុចបន្តគ្នា បង្វិលបក់ផ្សែងចូលជុំវិញមនុស្ស ឬរបស់អ្វី ដើម្បីឲ្យកើតស្រីសួស្ដី។
តាមការស្រាវជ្រាវពពិលនេះ គេអាចធ្វើឡើងដោយសំរិត ស្ពាន់ រឺលោហៈផ្សេងទៀត។ ក្នុងសិលាចារឹកនាសម័យបុរាណ បាននិយាយដល់ពពិលមាស និងប្រាក់ ដែលទំនងថា ពពិលអាចមានធ្វើពីមាស ឬប្រាក់។ ជាទូទៅនៅលើពពិលគឺមានឆ្លាក់ជារូបច្រើនបែបច្រើនយ៉ាង។ ក្នុងនោះគេមានឆ្លាក់ជារូបនាងគង្ហីងច្បូតសក់ រូបតាបសឥសី រូបហនុមាន ដើមចេក រូបពិស្ណុការ ទេពប្រណម្យ ហៅថា “នារីផល“ ពោលគឺស្រីដែលមានតែខ្លួនផុសចេញពីរុក្ខជាតិ មានទងជានាគ ដែលមានមតិខ្លះថា ជានាងនាគ ជាដើម។

សាស្ត្រាចារ្យ អាំង ជូលាន ពន្យល់ថា ការបង្វិលពពិលគឺទាក់ទងនឹងជំនឿលើព្រលឹង។ លោកបន្តថា ពពិលគឺតំណាងយោនី និងលិង្គ ឬកេរភេទមនុស្សប្រុសនិងស្រី បញ្ជាក់ពីការរីកដុះដាលចម្រុងចម្រើនទៅមុខច្រើនផ្អែកលើមូលដ្ឋានរួមភេទ។ លោកប្រសាសន៍បន្ដថា នៅមិនទាន់មានការសន្និដ្ឋានជាក់លាក់ថា តើពាក្យពពិលនេះ មានអត្ថន័យយ៉ាងណាពិតប្រាកដឡើយ គឺគ្រាន់តែដឹងច្បាស់ថា ពពិលត្រូវខ្មែរប្រើប្រាស់តាំងពីបូរាណមក។ ពិធីបង្វិលពពិលក៏មិនខុសពីពិធីជាច្រើនទៀតនៅក្នុងជំនឿរបស់ខ្មែរដែរ គឺជាការលាយឡំគ្នារវាងពុទ្ធសាសនា ព្រហ្មញ្ញសាសនា និងជំនឿជីវចល ឬជំនឿដែលខ្មែរធ្លាប់មានតាំងពីមុនពេលដែលប្រទេសនេះទទួលឥទ្ធិពលវប្បធម៌ សាសនា ពីឥណ្ឌា។ បង្វិលពពិលក្នុងពិធីឆ្លងវ័យទាំងអស់ មិនថា បង្កក់ឆ្មប រៀបមង្គលការ ឬបុណ្យសពទេ គឺគេតែងសូត្រជ័យន្តោតាមបែបព្រះពុទ្ធសាសនា ដែលមានន័យថា សូមឱ្យបានចម្រុងចម្រើនដុះដាលទៅមុខ៕ ដោយ៖ ភូមិន្ទ



