
អស់បណ្ដាអ្នកស្នេហាវណ្ណកម្មអក្សរសិល្ប៍ប្រហែលជាបានស្គាល់ហើយនូវនាមក៏ល្បីល្បាញរបស់លោក យូ សុភា ចារលើក្របសៀវភៅប្រលោមលោកជាច្រើនស្នាដៃ ដែលចេញផ្សាយនិងដាក់តាំងឱ្យអាននៅតាមបណ្ណាល័យធំ-តូចនៅទូទាំងប្រទេស។ ក្រោយពីបានបញ្ចេញគំនិតផ្ដិតជាអក្សរចារជាស្នាដៃជាងម្ភៃឆ្នាំរួចមក រូបលោកច្បាមបានទាំងកេរ្តិ៍ឈ្មោះនិងជ័យលាភីយ៉ាងច្រើនសន្ធឹក រហូតជាប់ឈ្មោះថាជាអ្នកនិពន្ធដែលទទួលបានបានជ័យលាភីក្នុងការតែងនិពន្ធច្រើនជាងគេក្នុងប្រទេសទៀតផង។ ខណៈនេះ SBM News នឹងនាំលោកអ្នកទៅទទួលជ្រាបជាមួយនឹងប្រវត្តិរូបសង្ខេបក៏ដូចជាស្នាដៃជ័យលាភីរបស់អ្នកនិពន្ធរូបនេះដូចតទៅនេះ៖

ប្រវត្តិសង្ខេប៖
លោក យូ សុភា កើតឆ្នាំ ១៩៨០ នៅរាជធានីភ្នំពេញ។ លោកមានឪពុកឈ្មោះ យូ វណ្ណថៃ និងម្ដាយ ឈ្មោះ ជេត វណ្ណបូផា។ ក្នុងនាមជាកូនច្បងលោកមានបងប្អូន ៨នាក់ ក្នុងនោះមាន ប្រុស ៧។ លោកបានរៀបអាពាហ៍ពិពាហ៍និងមានកូនស្រីពីរនាក់នៅក្នុងបន្ទុក។ ក្រៅពីជាអ្នកនិពន្ធល្បីឈ្មោះហើយនោះ បច្ចុប្បន្នលោកជាសាស្រ្តាចារ្យក្នុងដេប៉ាតឺម៉ង់អក្សរសាស្រ្តខ្មែរនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយក៏ជាអ្នកនិពន្ធអត្ថបទភាពយន្ដឱ្យស្ថានីយ៍ទូរទស្សន៍ហង្សមាស ផងដែរ។
ស្នាដៃនិងជ័យលាភី៖
លោកបានចាប់ផ្តើមសរសេរប្រលោមលោក តាំងពីឆ្នាំ២០០០មកម្ល៉េះ ហើយក៏ធ្លាប់ទទួលបានរង្វាន់ ពានរង្វាន់ និងមេដាយជាច្រើន លើការប្រកួតប្រជែងស្នាដៃអក្សរសិល្ប៍។ សម្រាប់ជ័យលាភីដែលលោក យូ សុភា ធ្លាប់ទទួលបានមានចំនួនជាង១០លើក រួមមាន៖
រឿងខ្លី “ជីវិតដែលគេបោះបង់ចោល” ចំណាត់ថ្នាក់លេខ៣ រៀបចំនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងកម្មវិធីទិវាអក្សរសាស្ត្រ។
រឿងខ្លី “ហេតុអ្វីឯងព្រម?” ចំណាត់ថ្នាក់លេខ១ ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រឿង “អំណាចនៃលទ្ធិប្រជាធិបតេយ្យ” ចំណាត់ថ្នាក់លេខ១ លើផ្នែករឿងខ្លី ស្តីពីអនាគតលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
រឿង “កុលស្រ្តី” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់ព្រះនាងឥន្រ្ទទេវី រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
រឿងខ្លី “បរិញ្ញាបត្រខ្ញុំ ឬទុកបរិញ្ញាបត្រឱ្យមេឃមើល” ចំណាត់ថ្នាក់លេខ២ រៀបចំឡើងដោយសមូហកម្មអក្សរសិល្ប៍នូហាចលើកទី២។
រឿង “បំណុលវាសនា” ពានរង្វាន់ព្រះបាទអង្គឌួង ចំណាត់ថ្នាក់លេខ២ (គ្មានចំណាត់ថ្នាក់លេខ១)ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
រឿង “ត្រើយនិស្ស័យ” ពានរង្វាន់ឧកញ៉ាសុត្តន្តប្រីជាឥន្ទ ចំណាត់ថ្នាក់លេខ១ផ្នែកប្រលោមលោក រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
រឿង “ទោះសុរិយានៅតែរះ” ចំណាត់ថ្នាក់លេខ២ ផ្នែកប្រលោមលោក ពានរង្វាន់សម្តេចព្រះសង្ឃរាជ ជួន ណាត (គ្មានចំណាត់ថ្នាក់លេខ១) រៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។
រឿង “គ្មានទៀតឡើយ” ចំណាត់ថ្នាក់លេខ១ ពានរង្វាន់ឧកញ៉ាវិបុលរាជ នូ កន ដែលរៀបចំដោយនាយកដ្ឋានសៀវភៅ និងការអាននៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ។កំណាព្យខ្លី “ម៉ែឈប់ខ្លាចទៅ” រង្វាន់លេខ១ ស្តីពីការបោះឆ្នោត។ ក្រៅពីនេះក៏មានពានរង្វាន់ផ្សេងៗជាច្រើនទៀតផងដែរ។

រឿងប្រលោមលោកដែលបានបោះពុម្ពផ្សាយ៖
ចំពោះប្រលោមលោកយូ សុភា ដែលបានបោះពុម្ពហើយ មានដូចជារឿង “កញ្ញាម្ទេសខ្មាំង” រឿង “រាជកញ្ញា” រឿង “បើបេះដូងជាប់ឈាម” រឿង “បងជាស្វាមីក្រៅបេះដូង” រឿង “ជាកំណប់ស្នេហ៍អូនថែជូនបង” រឿង “សច្ចៈសីលគុណ” រឿង “កុំផ្តាច់និស្ស័យកុំប្រល័យស្នេហ៍បង” រឿង “ទុកបរិញ្ញាប័ត្រឱ្យមេឃមើល” រឿង “ស្ពានកោះពេជ្រផ្តាច់ស្នេហ៍” រឿង “ព្រលឹងខ្មោចស្រីបំបែកក្តីឃាតកម្ម” រឿង “ស្អប់អូនចុះបើបងដឹង” និងរឿងខ្លីៗជាច្រើនទៀត ដែលបានចុះផ្សាយលើទំព័រទស្សនាវដ្ដីក្នុងស្រុកនិងតាមបណ្ដាញប្រព័ន្ធផ្សព្វផ្សាយសង្គមមួយចំនួន។

ស្នាដៃជាភាពយន្ត៖
ក្រៅពីទទួលជ័យលាភី និងមានស្នាដៃជាច្រើនបានបោះពុម្ពផ្សាយហើយនោះ លោកក៏បាននិពន្ធជាអត្ថបទភាពយន្ដជាច្រើនទៀតមានដូចជារឿង “សាកលវិទ្យាល័យកំណើតស្នេហ៍” រឿង “រាជិនីភូមិគ្រឹះ” និងរឿង “ឋានសួគ៌ទារុណ” ដែលទើបតែចាក់បញ្ចាំងចប់ថ្មីៗនៅស្ថានីយ៍ទូរទស្សន៍ ហង្ស មាស ជាដើម៕ ដោយ៖ ភូមិន្ទ


