រឿង៖ ចចក និង ចៀម
S
Sunly Chhun
12 មីនា 2021 08:32 AM

ជាយូរលង់ណាស់មកហើយ មានហ្វូងសត្វចៀមជាច្រើន នៅអាស្រ័យក្នុងគុហារក្បែរភ្នំទៀបហេមវន្តប្រទេស។ ក្នុងចំណោមសត្វទាំងឡាយមានមេចៀម១ឈ្មោះ មេណ្ឌមាតា ជាសត្វវាងវៃប៉ិនប្រសប់ក្នុងឧបាយគ្រប់យ៉ាង។ ក្នុងទីមិនឆ្ងាយពីគុហា ជាលំនៅរបស់សត្វចចក១ឈ្មោះបូតិមំសៈ និងភរិយាឈ្មោះវេណីយា ចចកទាំងពីរនាក់ប្ដីប្រពន្ធនោះមានមធ្យោបាយដ៏ប្រពៃខាងការប្រវ័ញ្ចន៍ បោកសម្លាប់សត្វចៀមទាំងឡាយស៊ីអស់ជាច្រើន ហើយចង់ស៊ីសាច់មេចៀមឈ្មោះមេណ្ឌមាតានោះទៀត។

ចចកជាប្ដីប្រាប់ទៅប្រពន្ធថា ចូរនាងយកមេចៀមឈ្មោះមេណ្ឌមាតាជាសម្លាញ់ចុះ! កាលបើសេចក្ដីស្រឡាញ់កើតមានរវាងនាងនិងមេចៀមនោះហើយ អញនឹងដេកធ្វើពុធជាស្លាប់ នាងចូលទៅជិតចៀមពោលប្រាប់ថា “ ហ៊ី! ប្ដីខ្ញុំស្លាប់ទៅហើយ ឯខ្ញុំវៀរតែនាងចេញគ្មានញាតិណាមួយសោះ សូមអញ្ជើញនាងទៅជួយធ្វើពិធីសរីរកិច្ចដល់ប្ដីខ្ញុំ តាមសេចក្ដីអង្វរនិងសង្គហកិច្ចរបស់នាងរវាងប្ដីខ្ញុំ” លុះពោលយ៉ាងនេះហើយ ចូរនាំមេណ្ឌមាតានោះមក។ បើមេចៀមនោះលុះក្នុងកិច្ចកលរបស់នាងមែន អញនឹងលោតទៅខាំវាត្រង់កឱ្យស្លាប់តែម្ដង។

មេចចកធ្វើតាមប្ដីរបស់ខ្លួនសព្វគ្រប់ ក៏បាននាងមេណ្ឌមាតានោះធ្វើជាសំឡាញ់មែន ហើយពោលប្រាប់រឿងរ៉ាវតាមលំអានពាក្យស្វាមី។ មេចៀមពោលថា ប្ដីនាងស៊ីញាតិរបស់ខ្ញុំអស់ច្រើនគ្នាហើយ ឥឡូវចង់ស៊ីខ្ញុំទៀតឬ? ខ្ញុំខ្លាចណាស់មិនហ៊ានទៅទេ។ មេចចកថា កុំខ្លាចអី មិនដែលល្បីថាសត្វស្លាប់ហើយអាចធ្វើឱ្យគេភ័យទៀតទេ ហើយនាំនាងមេណ្ឌមាតានោះមក។ ចចកបូតិមំសៈ ឮសូរជើងសត្វទាំងពីរនោះមក គិតថា យី! អស្ចារ្យណាស់ មីចៀមនេះ លុះក្នុងអំណាចល្បិចប្រពន្ធអញហើយតើ ហើយអើតក្បាលរមិលមើល។ មេចៀមឃើញអាការៈចចកធ្វើដូច្នោះ ទើបស្រែក “ អាចង្រៃនេះ វាពុតធ្វើស្លាប់ ប្រុងបញ្ឆោតសម្លាប់អញធ្វើជាអាហារ បើកុំតែអញឃើញទាន់ ម្ល៉េះសមឆ្ងាញ់មាត់វាហើយ” ថាហើយក៏ស្ទុះបោលយ៉ាងលឿនទៅបាត់។

ចចកជាប្រពន្ធអស់សង្ឃឹម ស្ដីបន្ទោសប្ដីថា នែ! អ្នកចង្រៃ អ្នកណាធ្វើពុតជាស្លាប់ រមិលមើលខុសកាល អ្នកនោះជាសត្វឆ្កួត មានគំនិតអាក្រក់ មិនចេះពិចារណា។ ចចកជាប្ដីទាល់បុច្ឆ ក៏នៅស្ងៀមបើកភ្នែកសំឡឹងមើលប្រពន្ធមឹសៗ៕

ដកស្រង់និងសម្រួលដោយ៖ ឥន្ទ្រីយ៍សិល៌្ប១៣៨

ឯកសារយោង៖

សៀវភៅប្រជុំនិទានជាតក រៀបរៀងដោយ សិទ្ធត្ថបណ្ឌិត សុង ស៊ីវ និង ព្រះមហា សំ សុខ សាស្ត្រាចារ្យសាលាបាលីវត្តលង្កា បោះពុម្ពលើកទី២(ព.ស ២៥០៥ / គ.ស ១៩៦២) ផ្សាយចេញពីបណ្ណាគារត្រៃរតន៍។

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត