សកម្មភាព ៥ យ៉ាង ធានាថាមិត្តស្រីរបស់អ្នក នឹងឈ្លក់វង្វេងលើអ្នកដកចិត្ត​មិនរួច
ភូមិន្ទ
11 មីនា 2021 03:00 PM

មនុស្សប្រុសមួយចំនួនមានក្ដីកង្វល់ត្រង់ថា ហេតុអ្វីក៏ខ្លួនគ្មានសង្សារ? ហេតុអ្វីក៏នារីៗបដិសេធសំណើរស្នេហារបស់ខ្លួន? ហើយក៏មានបុរសមួយចំនួនទៀតក៏កំពុងតែមានក្ដីកង្វល់ថា ​មិនដឹងថាគួររឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំដោយវិធីណាជាដើម។ មានហេតុផលជាច្រើន ដែលជួយថ្ពក់អន្ទងដួងចិត្តនារីៗ ឬមិត្តស្រីឱ្យស្រឡាញ់លើអ្នកដកចិត្តមិនរួច។ ក្នុងនោះ ក្រៅពីការរៀបចំតុបតែងខ្លួនឱ្យបានសមរម្យ និងមានការងារច្បាស់លាស់ហើយនោះ វិធីសាស្រ្តបែបចិត្តសាស្រ្តបង្ហាញពីការយកចិត្តទុកដាក់មួយចំនួនធំទៀតក៏ជាវិធីសាស្រ្តបឋមក្នុងការចងចំណងស្នេហ៍ឱ្យរឹងមាំផងដែរ៖

១/. ធ្វើជាមនុស្សដែលចាំជួយលើកទឹកចិត្តនាងជានិច្ច៖ ផ្ដល់ការលើកទឹកចិត្ត គឺជាកម្លាំងចលករជម្រុញដ៏ធំមហិមា ក្នុងការជួយឱ្យនាងបានសម្រេចទៅកាន់គោលដៅដែលនាងប៉ង។ ដូច្នេះ ចូរកុំភ្លេចថា វត្តមានរបស់អ្នកគឺសំខាន់​ ហើយក៏កាន់តែសំខាន់នូវពេលដែលអ្នកបង្ហាញវត្តមាននៅក្បែរនាង អមដោយពាក្យលើកទឹកចិត្តពេញដោយក្ដីស្រឡាញ់ រាល់ពេលដែលនាងមានបញ្ហាម្ដងៗ។

២/. ជាមនុស្សម្នាក់ដែលធ្វើឱ្យនាងមានអារម្មណ៍ថាមានសុវត្ថិភាព៖ ដ្បិតថាមនុស្សស្រីទាំងអស់មិនមែនសុទ្ធតែទន់ជ្រាយ ប៉ុន្តែនាងក៏អាចជាមនុស្សដែលមានបេះដូងឆាប់រំជើបរំជួល និងទាមទារការ ការពារពីគូស្នេហ៍ផងដែរ។ ដូច្នេះ មិនថាក្នុងកាលៈទេសៈណាក៏ដោយ ចូរការពារ​និងខ្វល់ខ្វាយចំពោះនាង និងគួរធ្វើឱ្យនាងមានអារម្មណ៍ថាប្រយ័ត្នប្រយ៉ែងឱ្យបានតិចបំផុតនៅពេលនៅក្បែរអ្នក។  

៣/. ជាមនុស្សម្នាក់ដែលស្គាល់នាងមិនត្រឹមតែសម្បក៖ ជាទូទៅ មនុសស្រីជាគូស្នេហ៍ តែងតែបង្ហាញអារម្មណ៍រំភើបនិងភ្ញាក់ផ្អើលនូវពេលដែលគូស្នេហ៍ បង្ហាញសកម្មភាព ឬពាក្យសម្ដីណាមួយដែលបង្ហាញឱ្យដឹងថា គេដឹង​និងយល់ពីអ្វីដែលនាងប្រុងនឹងធ្វើ។ ដូច្នេះ កាផ្ដោតទៅលើចិត្តគំនិតនិងសកម្មភាពរបស់គូស្នេហ៍ គឺបង្ហាញថាអ្នកជាមនុស្សពូកែយកចិត្តទុកដាក់ ហើយស្រឡាញ់នាងមិនព្រោះតែរូបសម្រស់នោះឡើយ។

៤/. ទទួលយកភាពជាខ្លួននាងផ្ទាល់៖ ច្បាស់ណាស់! មនុស្សម្នាក់ៗតែងមានប្រវត្តិ មុខមាត់ ក៏ដូចជា អត្តចរិតផ្សេងៗគ្នាសម្រាប់សម្គាល់បុគ្គលិកលក្ខណៈរបស់នាងផ្ទាល់។ ដូច្នេះ ស្រឡាញ់នូវភាពជាខ្លួននាងផ្ទាល់ គឺអាចធ្វើឱ្យនាងមានអារម្មណ៍ថាមានសេរីភាពពេលជ្រើសអ្នកជាគូ។

៥/. ឱ្យតម្លៃបើទោះបីជាគ្មាននាងនៅក្បែរ៖ មានគូស្នេហ៍មួយចំនួនបានល្អក់កករឈានដល់ផ្លូវបំបែកព្រោះតែគូស្នេហ៍ម្ខាងៗធ្លោយមាត់និយាយពីរឿងមិនល្អរបស់ដៃគូប្រាប់ទៅអ្នកដទៃ។ ដូច្នេះ ចូរឱ្យតម្លៃនាង បើទោះបីជាគ្មាននាងនៅក្បែរក៏ដោយ ព្រោះថា ការធ្វើបែបនះ គឺបង្ហាញពីបេះដូងរបស់អ្នកដែលពិតជាមិនអាចខ្វះនាងបានពិតមែន។ ហើយនេះដ៏ជាអ្វីដែលនាងកាន់តែយល់ច្បាស់ពីទឹកចិត្តអ្នក ហើយលង់ស្រឡាញ់អ្នកកាន់តែខ្លាំងទៀតផង៕ ដោយ៖ ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត