
ជីវប្រវត្តិ :
លោក យូ បូ កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ១៩៤២ នៅសង្កាត់ដង្កោ ស្រុកដង្កោរ ខេត្តកណ្ដាល។ បិតាលោកនាម តាន់ យូនិងមាតានាម ឆាយ វួច។ លោកបានបញ្ចប់ការសិក្សាត្រឹមបាក់ឌុប(BacII) រួចលោកធ្វើជាសាស្រ្ដាចារ្យមធ្យមសិក្សាផ្នែកអក្សរសាស្រ្ដខ្មែរ។ នៅឆ្នាំ១៩៦២ លោកបានចូលរៀនវគ្គបណ្ដុះបណ្ដាលអ្នកនិពន្ធខ្មែរ ជំនាន់ទី១ រយៈពេល៩ខែ នៅវិទ្យាស្ថាន«បណ្ដុះបណ្ដាលអក្សរសាស្រ្ដ» (Institute of Literary Training) នៃសមាគមអ្នកនិពន្ធខ្មែរនិងចូលបានរៀនវគ្គ សរសេរ«Scenario»អត្ថបទសម្រាប់ថតភាពយន្ដ ចំនួន៦ខែ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនជំនាញឯកទេសនៃក្រសួងឃោសនាការ ក្រោមការបង្ហាត់បង្រៀនរបស់លោក អៀវ បណ្ណាការ រហូតទទួលបានវិញ្ញាបណ្ណប័ត្រ«សម្បទាខាងវិជ្ជាជីវៈនិពន្ធរឿងភាពយន្ដ»។ ក្នុងឆ្នាំនោះផងដែរ លោកបានបោះពុម្ពកម្រងកំណាព្យមួយមានចំណងជើងថា«មាគ៌ាសុខ»ដើម្បីមានសិទ្ធិសុំចូលជាសមាគមអ្នកនិពន្ធខ្មែរ។
លោកបានចូលជាសមាជិកសមាគមអ្នកនិពន្ធខ្មែរ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ១៩៦៣។ នៅឆ្នាំ១៩៦៤-១៩៦៦ លោកធ្វើជាអ្នកនិពន្ធកាសែតមាតុភូមិដែលមានលោក សឺង ភឿកថ ជាចាងហ្វាង។ នៅឆ្នាំ១៩៦៧ លោកធ្វើជានិពន្ធនាយកសារព័ត៌មាន«សុភមិត្ត»។ នៅឆ្នាំ១៩៦៩ លោកធ្វើជាចាងហ្វាងការផ្សាយសារព័ត៌មាន«រាស្រ្ដនិយម»។ នៅឆ្នាំ១៩៧០-១៩៧៣ លោកធ្វើជាអ្នកនិពន្ធសារព័ត៌មាន«ខ្មែរឯករាជ្យ»របស់លោក ស៊ឹម វ៉ាដែលមានលោក លី អេង ជាចាងហ្វាងនិងអ្នកនិពន្ធ នួន ឃឿន-ឃុន ស្រ៊ុនជានិពន្ធនាយក។ នៅឆ្នាំ១៩៧៤ លោកធ្វើជានិពន្ធរងកាសែត«ខេមរាធិបតី»ជាមួយលោក វ៉ាន់ឌី កាអុន។ នៅឆ្នាំ១៩៧៥ លោកធ្វើជាអ្នកនិពន្ធកាសែត«អរិយធម៌»របស់លោក សាំង ហ៊ែល។

ព្រឹត្តិការណ៍ ថ្ងៃ១៧ មេសា ឆ្នាំ១៩៧៥ កងទ័ពអាវខ្មៅនៃរបបកម្ពុជាប្រជាធិបតេយ្យបានបណ្ដេញប្រជាពលរដ្ឋដែលរស់នៅទីក្រុងភ្នំពេញឲ្យទៅរស់នៅជនបទស្រែចម្ការ។ លោកត្រូវពួកវាជម្លៀសឲ្យនៅតំបន់ភ្នំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ហើយត្រូវពួកអង្គការខ្មែរក្រហមធ្វើបាបឲ្យរស់រងទុក្ខវេទនាយ៉ាងខ្លាំង។ ក្រោយឆ្នាំ១៩៧៩ លោកជាបុគ្គិលិកបម្រើការនាយកដ្ឋានភាពយន្ដនៃក្រសួងវប្បធម៌និងព័ត៌មាន ក្នុងឋានៈជាអ្នកនិពន្ធនិងបណ្ណាសារ Archiviste បកប្រែភាសាបារាំង រៀនភាសាវៀតណាមក្រោយមកជាអ្នកបកប្រែភាសាវៀតណាម។ នៅឆ្នាំ១៩៨៤ លោកធ្វើជាអ្នករៀបរៀងសៀវភៅប្រលោមលោកនៅអគារបោះពុម្ពផ្សាយ«វប្បធម៌»នៃក្រសួងវប្បធម៌ដែលមានលោក យី ធន់ជាប្រធាន។ នៅឆ្នាំ១៩៩០ លោកបានឈប់ធ្វើការងាររដ្ឋដោយងាកមកធ្វើជាចាហ្វាងផលិតកម្មមួយឈ្មោះថា«ឈូករតន៍ភាពយន្ដ» ហើយថតបានវីដេអូ(VIDEO)ចំនួន៣រឿង គឺរឿង«ភ្លើងស្នេហ៍ភក្ដី»ជាស្នាដៃនិពន្ធផ្ទាល់របស់លោក រឿង«រកាំដួងចិត្ត» និពន្ធដោយអ្នកស្រី ប៉ាល់ វណ្ណារីរក្ស រឿង«ដួងស្នេហ៍កាមទេព» និពន្ធដោយអ្នកស្រី ម៉ៅ សំណាង។ នៅឆ្នាំ១៩៩៣ លោកបានធ្វើជាអ្នកបកប្រែភាសាឲ្យ អ៊ុនតាក់ (UNTAC) នៅខេត្ដបន្ទាយមានជ័យ។ នៅឆ្នាំនោះដែរ លោកបានធ្វើជាចាងហ្វាងសារព័ត៌ាម«យុត្តិធម៌»។ ហើយបន្ទាប់មក នៅឆ្នាំ១៩៩៣នេះ លោកបានបង្កើតសមាគមអ្នកនិពន្ធខ្មែរឡើងវិញ ដោយសុំច្បាប់ពីព្រះករុណាជាអម្ចាស់ជីវិតលើត្បូងក្នុងឋានៈព្រះអង្គជាព្រះប្រធាន SNC សុំច្បាប់ពីអ៊ុនតាក់ (UNTAC)និងពីរដ្ឋអំណាច«រដ្ឋកម្ពុជា»។ ហើយតាមសេចក្ដីស្នើសុំពីគណៈកម្មាធិការកណ្ដាលនៃសមាគមអ្នកនិពន្ធខ្មែរបានសុំយាងព្រះករុណាព្រះបាទនរោត្តម សីហនុ ព្រះបរមកោដ្ឋមកគង់ប្រថាប់ជាព្រះប្រធានកិត្តិយសនៃសមាគមអ្នកនិពន្ធខ្មែរឡើងវិញ ដូចកាលពីសម័យសង្គមរាស្រ្ដនិយម។ ព្រះករុណាសម្ដេចឪ ក៏ទ្រង់សព្វព្រះរាជហឫទ័យបង្កើតពានរង្វាន់អក្សរសិល្ប៍«ព្រះសីហនុរាជ»ក្រោមការរៀបចំរបស់សមាគមអ្នកនិពន្ធខ្មែរ។ នៅឆ្នាំ១៩៩៤-១៩៩៦ លោកធ្វើជា សាស្រ្ដាចារ្យអក្សរសាស្រ្ដខ្មែរនៅពុទ្ធិកវិទ្យាល័យព្រះសុរាម្រិតនៃក្រសួងធម្មការ។ នៅឆ្នាំ១៩៩៤-១៩៩៦ លោកធ្វើជាប្រធានសមាគមអ្នកនិពន្ធខ្មែរ។
នៅឆ្នាំ១៩៩៧-១៩៩៨ លោកជាអនុប្រធានសមាគមអ្នកនិពន្ធខ្មែរ ហើយឯកឧត្តម ជ័យ ចាប ជាប្រធាន។ ប៉ុន្ដែដោយឯកឧត្តម ជ័យ ចាបជាប់រវល់ការងារជាអនុរដ្ឋលេខាធិការនៃក្រសួងអប់រំយុវជននិងកីឡានោះ លោកទទួលតួនាទីជាអ្នកដឹកនាំការងារជំនួសប្រធាន។ នៅឆ្នាំ១៩៩៩-២០០៥ លោកធ្វើជាប្រធានសមាគមអ្នកនិពន្ធខ្មែរនិងជាសាស្រ្ដាចារ្យនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ នៅឆ្នាំ២០០៦ លោកជាអនុប្រធានទី១នៃសមាគមអ្នកនិពន្ធខ្មែរដែលមានឯកឧត្តម ស៊ីម វណ្ណាជាប្រធាន។ ក្រោយមក ជាអកុសល លោកជួបនឹងឧបទ្ទវហេតុដោយត្រូវរថយន្ដពារម៉ូតូរបស់លោកដែលលោកកំពុងធ្វើដំណើរទៅគេហដ្ឋានរបស់លោកធ្វើឲ្យលោកមានភាពទុរុនទុរាលែងសរសេរប្រលោមលោកអ្វីបានទៀតហើយ។ ក្រោយមកលោកក៏ទទួលមរណភាព នៅម៉ោង ១១ និង១១នាទី ព្រឹក នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ។

២. ស្នាដៃ :
២.១. ស្នាដៃនិពន្ធផ្ទាស់ខ្លួន :
-មាគ៌ាសុខ កម្រងកំណាព្យ ភ្នំពេញ ឆ្នាំ១៩៦២
-គ្រូពេទ្យអាយុ១៩៥ឆ្នាំ ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៦៤
-ការបាត់ខ្លួននៃតារាពីររូប ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៦៧
-នារីបាត់ខ្លួន ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៧១
-បុរសឈើចាក់ធ្មេញ ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៧២
-ប្រាំជំហ៊ានដេញព្រលឹង ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៧២
-ទេពធីតាកោះចេនឡា ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៧២
-ដាវដោះក្រមុំ ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៧២
-ស្នេហាភក្ដី ប្រលោមលោក ភ្នំពេញ ឆ្នាំ១៩៧៣
-ក្រុមកុមារឃ្លោកទិព្វ កម្រងរឿងព្រេង ភ្នំពេញ ឆ្នាំ១៩៨៤
-ភក្ដីស្នេហ៍ វីដេអូ ផលិតកម្ម«ឈូករតន៍ភាពយន្ដ» ឆ្នាំ១៩៩០
-២០ឆ្នាំចាំស្នេហ៍ រឿងខ្លី ផ្សាយក្នុងសៀវភៅ«កម្រងផ្កាចំណងមេត្រី» បោះពុម្ពដោយការិយាល័យសិល្បៈវប្បធម៌សហសម័យនៃក្រសួងវប្បធម៌ ប្រទេសថៃ ឆ្នាំ២០០៥ និងផ្សាយក្នុងសៀវភៅ«ការតែងនិពន្ធ» របស់លោក ជួរ គារី» ភ្នំពេញ ឆ្នាំ២០០៦ បោះពុម្ពផ្សាយដោយបណ្ណាគារអង្គរធំ។
-នារីរដ្ឋកម្ចាត់គ្រឿងញៀន ប្រលោមលោក ភ្នំពេញ ឆ្នាំ២០០៧
-រឿងខ្លីជាច្រើនចុះផ្សាយក្នុងសារព័ត៌មាន«មាតុភូមិ» ឆ្នាំ១៩៦៤-១៩៦៥ -រឿងខ្លីមួយចំនួនផ្សាយក្នុងសារព័មាន«ពលករ» ឆ្នាំ១៩៨៤
២.២. ស្នាដៃបកប្រែពីបរទេស :
-រឿងព្រេងបរទេស ប្រែពីភាសាបារាំង (ច្រើនរឿង)
-«ភ្នំរតនៈ» រឿងព្រេងសូវៀត ប្រែពីភាសាបារាំង (ច្រើនរឿង)
-ប្រលោមលោកបារាំង ប្រែពីភាសាបារាំង (ច្រើនរឿង ចុះផ្សាយក្នុងសារព័ត៌មាន)
-ភាពយន្ដសូវៀតនិងវៀតណាម ប្រែពីភាសាវៀតណាម (ច្រើនរឿង)
-ង្វៀន ម៉ាញ់ត្វិន អ្នកឈរយាមនៅផ្លូវបំបែក ភ្នំពេញ ឆ្នាំ១៩៨៦ -ង្វៀន ម៉ាញ់ត្វិន មាត់ច្រកដ៏ចង្អៀត ភ្នំពេញ ឆ្នាំ១៩៨៦
សិក្សាចងក្រងដោយ៖ ស៊ុយ វ៉ាន់សាក់ សមាជិកសមាគមអ្នកនិពន្ធខ្មែរ
ចុះផ្សាយដោយ៖ ភូមិន្ទ


