
“ខ្មោចព្រាយអសុរកាយ” គឺជាកម្រងស្នាដៃសាច់រឿងខ្លីៗបែបភ័យរន្ធត់មួយ បរិយាយពីរឿងរ៉ាវអបិយជំនឿផ្សេងៗបង្កប់ទៅដោយតម្លៃទស្សនៈវិទ្យានិងភាសារូបារម្មណ៍ដ៏រស់រវើករបស់លោក ជុត ខៃ។ ដ្បិតថាសៀវភៅមួយចំណងជើងនេះបោះពុម្ពផ្សាយតាំងតែពីឆ្នាំ ១៩៧៣ ប៉ុន្តែតម្លៃនៃស្នាដៃអក្សរសិល្ប៍មួយនេះនៅតែមានការពេញនិយមបំផុតសម្រាប់មិត្តអ្នកអាននាពេលបច្ចុប្បន្នរហូតដល់មានការរៀបចំបោះពុម្ពផ្សាយជាថ្មីម្ដងហើយម្ដងទៀតគួរឱ្យមោទនៈជាទីបំផុត។ ក្រៅពីស្នាដៃដ៏ល្អវិសេសវិសាលមួយចំណងជើងនេះ លោកក៏បាននិពន្ធសៀវភៅជាច្រើនក្បាល និងច្រើនប្រភេទផ្សេងទៀតហើយក៏ទទួលបានការគាំទ្រដ៏ខ្លាំងក្លាផងដែរ។ ខណៈនេះ SBM News នឹងផ្ដល់នូវចំណីចក្ខុថ្មីដល់មិត្តអ្នកអានឱ្យទៅស្គាល់ប្រវត្តិក៏ដូចជាស្នាដៃរបស់អ្នកនិពន្ធល្បីឈ្មោះរូបនេះ ដូចតទៅនេះ៖

ប្រវត្តិអ្នកនិពន្ធ ជុត ខៃ ៖
អ្នកនិពន្ធ ជុត ខៃ កើតនៅថ្ងៃទី៣០ខែតុលា ឆ្នាំ១៩៤០ នៅក្នុងខេត្តកំពង់ចាម។ លោកបានរៀនសូត្រនៅសាលាបឋមសិក្សានិងមធ្យមសិក្សានៅទីរួមខេត្តកំណើតរបស់លោក។ បើលោកអ្នកបានអានសៀវភៅ «ក្មេងវត្តសម័យបារាំង» យើងនឹងស្គាល់ទីកន្លែងកំណើត ការធ្វើដំណើរតាមដងទន្លេ ជីវភាពក្នុងវត្តរបស់ក្មេងវត្តសម័យបារាំងនិងទស្សនៈមនុស្សសម័យនោះកាន់តែច្រើន។
នៅឆ្នាំ១៩៦៦ លោក ជុត ខៃ បានបញ្ចប់ការសិក្សានៅសាលាគរុវិជ្ជាជាន់ខ្ពស់ហើយបានក្លាយជា សាស្ត្រាចារ្យនៅអនុវិទ្យាល័យឈូកក្នុងខេត្តកំពត។ ទន្ទឹមនឹងមុខងារជាសាស្ត្រាចារ្យ លោកឆ្លៀតបន្តការសិក្សានៅមហាវិទ្យាល័យនីតិសាស្ត្ររហូតដល់ទទួលបរិញ្ញាបត្រនៅឆ្នាំ១៩៦៨។ ក្នុងឆ្នាំដដែលនេះ លោកបានផ្លាស់ទៅវិទ្យាល័យសន្តិភាពនៅក្នុងខេត្តកំពង់ស្ពឺវិញ។
ក្រោយរដ្ឋប្រហាររបស់លោកសេនាប្រមុខ លន់ នល់ ១៨ មីនា ១៩៧០ អ្នកនិពន្ធ ជុត ខៃ បានចូលធ្វើទាហាន ដោយបានទទួលឋានន្តរស័ក្ដិជាអនុសេនីយ៍ឯក។ ក្រោយមកនៅឆ្នាំ១៩៧១ លោកបានផ្លាស់ទៅធ្វើជាប្រធានរដ្ឋបាលនៅក្នុងតុលាការសឹក (តុលាការយោធា)។លោកបានទទួលការតែងតាំងជាព្រឹទ្ធបុរសស្ដីទីនៃមហាវិទ្យាល័យនីតិសាស្ត្រនិងវិទ្យាសាស្ត្រសេដ្ឋកិច្ចនៅក្នុងឆ្នាំសិក្សា ១៩៧៣-១៩៧៤។
ភាពខ្ពង់ខ្ពស់បែបនេះ ទើបក្នុងរបបខ្មែរក្រហម លោករស់នៅយ៉ាងវេទនា(១៩៧៥-១៩៧៩) ប៉ុន្តែជាកុសលផលល្អ លោក ជិត ខៃ បានរួចផុតពីការសម្លាប់ក្នុងរបបវាលពិឃាដនេះ។ លោកបានភៀសខ្លួនជាមួយគ្រួសារមកដល់ជំរុំខាវអ៊ីដាង ប្រទេសថៃ នៅឆ្នាំ១៩៧៩។ បន្ទាប់មកលោកទទួលបានសិទ្ធិជ្រកកោននយោបាយនៅប្រទេសបារាំងក្នុងឆ្នាំ១៩៨០ ហើយសព្វថ្ងៃលោករស់នៅជាយក្រុងប៉ារីស។
នៅទីនោះ លោកបានទទួលសញ្ជាតិបារាំង ហើយប្ដូរឈ្មោះទៅជា Khay Chance។ លោកជាអតីតអ្នកនិពន្ធកាសែត "នគរធំ" ហើយលោកបានទុកស្នាដៃនានា ជាប្រលោមលោកផ្ទាល់ខ្លួន និងប្រលោមលោកបកប្រែ មានដូចជា៖
១/. រឿងខ្មោចព្រាយអសុរកាយ បោះពុម្ពនៅឆ្នាំ១៩៧៣

២/. រឿងមេម៉ាយប្ដីប្រាំ បោះពុម្ពនៅឆ្នាំ១៩៧៣
៣/. អស្ដង្គតនៃប្រជាជាតិ ជីវប្រវត្តិផ្ទាល់
៤/.បុត្រឆ្នើមនៃសង្គ្រាម បកប្រែ បោះពុម្ពនៅឆ្នាំ១៩៧១
៥/.ជញ្ជាំង ស្នាដៃបកប្រែ បោះពុម្ពនៅឆ្នាំ១៩៧២
៦/.លោកឯកអគ្គរដ្ឋទូត បោះពុម្ពនៅឆ្នាំ១៩៧៣
៧/.ក្មេងវត្តសម័យបារាំង បោះពុម្ពនៅឆ្នាំ២០០៥

៨/.វិប្បដិសារី បោះពុម្ពនៅឆ្នាំ២០០៨
៩/.ក្មេងវត្តសាលាបារាំង បោះពុម្ពនៅឆ្នាំ២០១០
១០/.កូនក្របីមនោសញ្ចេតនា បោះពុម្ពនៅឆ្នាំ២០១០

១១/. ៣២ឆ្នាំក្រោយមក បោះពុម្ពនៅឆ្នាំ២០១៨ ៕
(សម្រង់ចាក"អក្សរសិល្ប៍ខ្មែរ សតវត្សទី២០ កវីនិពន្ធ និងកម្រងអត្ថបទ" របស់លោកបណ្ឌិតសភាចារ្យ ឃីង ហុកឌី ទំព័រទី ៣០៨-៣០៩និង "អក្សរសិល្ប៍ខ្មែរឆ្នាំ១៩៧០-១៩៧៥" របស់លោកបណ្ឌិត ហាក់ វ៉ាន់ដារ៉ា ទំព័រទី១៧៨-១៧៩)៕
ដោយ៖ ភូមិន្ទ


