
ជប៉ុនគឺជាប្រទេសមួយដែលមានជំនឿទៅលើខ្មោចព្រាយបិសាចមិនខុសគ្នាប៉ុន្មានពីកម្ពុជាយើងដែរ។ មានរឿងរ៉ាវបែបជាព្រេងនិទានជាច្រើនត្រូវបានប្រជាពលរដ្ឋនៅតាមតំបន់មួយចំនួនចងចាំ និងនិទានជារឿងភ័យរន្ធត់បែបនិទានកថាប្រាប់ដល់កូនចៅជាហូរហែ។ តួយ៉ាងដូចជាខ្មោចស្រីរយះមាត់ដល់គុម្ពត្រចៀកមានឈ្មោះថា Kuchisake Onna ជាដើម។

រឿងព្រេងនិទាននោះបានដំណាលឱ្យដឹងថានាង Kuchisake Onna គ្រានៅរស់ប្តីរបស់នាងបានដាក់ទណ្ឌកម្មនាងពីអំពើផិតក្បត់ដោយទះមាត់របស់នាង ទះហើយទះទៀត រហូតរហែករបើកពីត្រចៀកមួយទៅត្រចៀកមួយតែម្ដង។ ក្រោយពេលស្លាប់ទៅ ខ្មោចស្រីនេះក៏ចេញលងបន្លាច ដោយប្លែងខ្លួនជានារីវ័យក្មេងស្រស់ស្អាតម្នាក់ពាក់ម៉ាស ហើយកាន់អាវុធមុតដូចកន្ត្រៃមួយគូនៅក្នុងដៃ។ រាល់រាត្រីស្ងាត់ នាងតែងទៅជិតមនុស្សម្នាហើយសួរពួកគេនូវសំណួរចាក់ដោតដែលពិបាកនឹងឆ្លើយពន់ពេក។

សំណួរដែលខ្មោចស្រីតែងតែសួរនោះគឺ "តើខ្ញុំស្អាតទេ?" ហើយប្រសិនបើអ្នកឆ្លើយថា “មិនស្អាតទេ” នោះនាងនឹងសម្លាប់អ្នកភ្លាមៗ។ ប៉ុន្តែប្រសិនបើអ្នកនិយាយថានាងស្អាត នោះនាងនឹងដកម៉ាសរបាំងវះកាត់មុខនាងចេញបង្ហាញពីមាត់ដ៏គួរឱ្យខ្លាចរបស់នាង។ ហើយស្រែកសួរបន្ដថា តើឥឡូវនាងនៅតែស្អាតទៀតទេ? ដល់ដំណាក់កាលនេះ បើអ្នកហ៊ានតែឆ្លើយថានាងស្អាត នោះនាងនឹងយកកន្ត្រៃវះមាត់របស់អ្នកឱ្យរយះដូចនាងដែរជាក់ជាមិនខាន។ ក្រោយមក រឿងរ៉ាវខ្មោចស្រីនេះ ក៏ត្រូវបានគេកែច្នៃចេញជាសាច់រឿងក្នុងខ្សែភាពយន្តមួយដែលផលិតឆ្នាំ ១៩៨៤ និងក៏មានខ្សែភាពយន្តបែបភ័យរន្ធត់របស់ជប៉ុនជាច្រើនត្រូវបានផលិតឡើងដោយភ្ជាប់ជាមួយនឹងរឿងរ៉ាវរបស់នាងក្នុងនោះមានដូចជារឿង “The Slit-Mouthed Woman” ជាដើម៕

ដោយ៖ ភូមិន្ទ
ប្រភព៖ https://blog.gaijinpot.com/7-scariest-japanese-ghosts-and-ghouls-to-haunt-your-dreams/


