
សត្វ គឺជាផ្នែកមួយនៃធម្មជាតិ មិនខុសគ្នាប៉ុន្មានពីមនុស្សយើងដែរ។ ប្រការនេះយើងអាចយល់បានថា ដោយសារតែក្នុងធម្មជាតិនេះ យើងមិនអាចស្រាវជ្រាវដឹងអស់ថាវាមានរឿងអ្វីកើតឡើង ទើបបណ្ដាលឱ្យបុព្វបុរសយើងពីជំនាន់មុនៗ យកប្រភេទសត្វមួយចំនួនភ្ជាប់ទៅនឹងរឿងរ៉ាវបែបអរូបិយផ្សេងៗ រហូតវាបានក្លាយជាជំនឿចាក់ឫសយ៉ាងជ្រៅនៅក្នុងផ្នត់គំនិតប្រជាជនខ្មែរយើងនាពេលបច្ចុប្បន្ន។ ក្នុងនោះមានដូចជា ជំនឿអំពីខ្លែងស្រាកយំលើដំបូលផ្ទះ ជំនឿនាពេលសត្វកុតកែយំ និងជំនឿអំពីសត្វពស់ជាដើម។
យោងតាមកម្រងឯកសារស្ដីពីប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ ដែលជាការៀបរៀងដោយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ បានបញ្ជាក់អំពីជំនឿផ្សេងៗនៃសត្វក្នុងសង្គមខ្មែរឱ្យដឹងថា៖
១- សម្រែកខ្លែងស្រាក៖
ខ្មែរយើងធ្លាប់ជឿថា ខ្លែងស្រាក មៀម លលកខ្មោច សុទ្ធសឹងជាអ្នកបំរើ ឬជាអ្នកនាំសាររបស់ខ្មោច ព្រាយ បិសាច ។ សម្រែកសត្វទាំងនេះនៅពេលយប់ ច្រើនតែធ្វើឲ្យមនុស្សម្នាក្មេងចាស់ ភ័យ ខ្លាចញ័ររន្ធត់។ គេធ្លាប់ចំណាំថា បើកាលណាខ្លែងស្រាកទំយំនៅលើដំបូលផ្ទះណា ឬក៏ទំនៅលើមែកឈើជិតផ្ទះណា មនុស្សក្នុងផ្ទះនោះនឹងឈឺធ្ងន់ ឬស្លាប់ផងក៏សឹងមាន ។

២- ក្អែកបូល៖
ក្អែកជាបក្សីសម្បុរខ្មៅរលើប ។ សត្វនេះ រស់នៅមិនឆ្ងាយពីស្រុកភូមិទេ ព្រោះវាចូលចិត្តឆាប ឆក់ ពងមាន់ កូនមាន់ ឬត្រី សាច់ ដែលអ្នកស្រុក អ្នកភូមិហាលនៅតាមស្នួរក្បែរផ្ទះ ។ សត្វនេះមានចរិតផ្អើល ខ្លាច ភ័យសស្លើតសស្លក់ ។ សត្វនេះថ្វីបើវាផ្អើលខ្លាចមនុស្ស តែវារស់នៅមិនដាច់ឆ្ងាយពីមនុស្សទេ ។ ដូច្នេះហើយបានជាធ្លាប់មានរឿងដំណាលផ្សេង ៗ និយាយដល់រឿងក្អែក ដូចជារឿងល្បើកលោកឡាហ្វុនតែន ដំណាលអំពី "ក្អែក និងកញ្ជ្រោង... " ចំរៀងខ្មែរបុរាណ មានចំណងជើងថា "បង្គងក្អែក" ដែលមានអត្ថន័យកំសត់ស្រងេះស្រងោច សឹងជាចំរៀងបកស្រាយអំពីទុក្ខចំបែងនៃការនិរាសបែកបាក់គ្នា ។ តាមជំនឿតៗ គ្នាមក កាលណាគេឮក្អែកបូល អកវ៉ូវៗ ! ឡូវ ៗ ! ក្រវ៉ាក ៗ ! គេតែជឿថា បងប្អូនគ្រួសារដែលឃ្លាតទៅឆ្ងាយនោះ និងវិល ត្រឡប់មកវិញ ។ ម្យ៉ាងទៀត បើវាបន្លឺសូរថា អកវ៉ូវ ! អកវ៉ូវ ! អកវ៉ូវ ! ញាប់រន្ថើនដដែល ៗ ច្រើនដងនោះ គេជឿថាមានមនុស្សជាភ្ញៀវ ឬជាសាច់ញាតិមកដល់ភ្លាម ៗ ឥឡូវនេះហើយ ។ ប៉ុន្តែ គួរឲ្យស្ដាយពន់ពេកណាស់ បច្ចុប្បន្ននេះ ក្មេងៗសាក្រោយមួយចំនួនពុំស្គាល់ក្អែកទាល់តែសោះ ព្រោះតាំងពីស្រុកយើងកើតមានសង្គ្រាម ក្អែកនៅស្រុកខ្មែរទាំងប៉ុន្មាន ត្រូវគេចខ្លួនហើរទៅបាត់អស់ ដើម្បីទៅរស់នៅទីតំបន់ណា ដែលមានសេចក្ដីសុខស្ងប់ ។

៣- ពស់ ឬថ្លាន់ចូលផ្ទះ៖
សត្វលូនទាំងពីរបែបនេះ ជាធម្មតាមិនសូវចូលចិត្តនិងមនុស្សម្នា ឬមិនដែលរស់នៅក្នុងផ្ទះមនុស្សទេ លើកលែងតែពស់សង់សឿ ដែលវាចូលមកលំនៅស្ថានមនុស្សម្ដងម្កាល ដើម្បីចាប់កណ្ដុរស៊ីជាអាហារ ។ ពស់ដែលគេធ្លាប់ឃើញចូលផ្ទះ ដោយចៃដន្យនោះ គឺពស់ព្រៃ និងពស់ថ្លាន់ ។ ពស់ទាំងពីរប្រភេទនេះ មានចរិតស្លូតបូត មិនសាហាវដូចពស់អសិរពិសផ្សេង ៗ ទៀតឡើយ ។ បើកាលណាវាចូលមកនៅលើផ្ទះ ក្រោមផ្ទះនោះ ចាស់ពីបុរាណកំណត់ថាវាមកឲ្យសុខសប្បាយទេ មិនបង្កនូវភ័យអន្តរាយបែបណាមួយឡើយ ។ កាលណាឃើញវាចូលមក គេត្រូវចាប់វាថ្នម ៗ ហើយបបោសអង្អែលលាបប្រេង លាបម្សៅរួចដុតធូប និយាយដូចនេះថា "ឯងចូលមកផ្ទះយើងនេះ សូមឯងនាំយកមកនូវលាភជ័យ សេចក្ដីសុខ សេចក្ដីចំរើន សុភមង្គលដល់យើង យើងលែងឯងឲ្យមានសេរីភាព ចូរឯងទៅរស់នៅក្នុងព្រៃឲ្យបានសេចក្ដីសុខចុះ " ។

៤- តុកកែយំ៖
តុកកែជាសត្វមួយប្រភេទ ដែលរស់នៅតាមដើមឈើឬក្នុងលំនៅឋានរបស់មនុស្ស ត្រាច់ចរតាមសសរ តាមផ្លាន ផ្ទោង ដើម្បីស្វែងរកចាប់ចំណីស៊ីជាអាហារ ។ វាក៏ពងហើយភ្ញាស់កូនបន្តពូជពង្សនៅទីនោះផងដែរ ។ ចាស់ ៗ ធ្លាប់ប្រាប់ត ៗ គ្នាមកថា បើតុកកែណាយំតិចជាង ៧ ម៉ាត់ នោះពុំល្អឡើយព្រោះវាបកស្រាយនូវឋានមពលខ្សោយ (រាសីដាក់, វាសនាតិច) ដែលចាស់ ៗ ប្រាប់ឲ្យដេញវាចេញពីផ្ទះ ។ បើតុកកែ ណាដែលយំចាប់ពីប្រាំពីរម៉ាត់ រហូតទៅដល់ ១៥ ឬ ១៨ ម៉ាត់នោះ លោកទាយថា ល្អពន់ពេកណាស់ គួរលៃថែរក្សាវាឲ្យនៅជាប្រចាំនៅក្នុងផ្ទះ ព្រោះតាមរយៈចំនួនម៉ាត់ដែលវាយំបានច្រើនយ៉ាងនេះ វាជាការបកស្រាយនូវឋាមពលខ្លាំងក្លា (រាសីខ្ពស់ ជោគជតាល្អវិសេស)។

ទោះបីជាយ៉ាង នេះគ្រាន់តែជាសិក្សាស្រាវជ្រាវ ចងក្រងអំពីជំនឿទាំងនេះទុកជាមេរៀន ឫជាឯកសារសម្រាប់បង្ហាញដល់កូនខ្មែរជំនាន់ក្រោយតែប៉ុណ្ណោះ។ ដូច្នេះមិនមែនមានន័យថា តម្រូវឱ្យមិត្តអ្នកអាននិងអ្នកស្ដាប់ត្រងត្រាប់និងជឿតាមជំនឿទាំងនេះ នោះឡើយ៕
ដោយ៖ ភូមិន្ទ
ឯកសារយោង៖ ប្រពៃណី និង ទំនៀមទម្លាប់ខ្មែរ រៀបរៀងដោយព្រឹទ្ធាចារ្យ មៀច ប៉ុណ្ណ


