ទំនេរៗអាចយំលេងបាន! ដឹងទេ? យំ មានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់...!
ភូមិន្ទ
5 ឆ្នាំមុន

លោកអ្នកប្រហែលជាជ្រាបរួចមកហើយថា ការយំគឺជាការឆ្លើយតបនូវអារម្មណ៍ពីធម្មជាតិរបស់មនុស្សដើម្បីបង្ហាញពីភាពទុក្ខសោក រំភើប និងភាពតានតឹងជាដើម។ ប៉ុន្តែ លោកអ្នកប្រហែលជាមិនទាន់ជ្រាបទេថា ការយំមានអត្ថប្រយោជន៍ច្រើនយ៉ាងណាស់ចំពោះសុខភាព។

យោងតាមការចុះផ្សាយពីសារព័ត៌មាន medicalnewstoday ជាសារព័ត៌មានផ្ដោតលើសុខភាព មានមូលដ្ឋាននៅចក្រភពអង់គ្លេសបានឱ្យដឹងថា៖ ការយំមានអត្ថប្រយោជន៍ជាច្រើនដល់រាងកាយដូចជា៖

១/ .  ធ្វើឱ្យអារម្មណ៍ធូរស្បើយ៖

យំគឺជាសកម្មភាពឆ្លើយតបទៅនឹងអារម្មណ៍។ ដូច្នេះ ការដែលលោកអ្នកព្រលែងឱ្យទឹកភ្នែកហូរចុះតាមអារម្មណ៍ នោះ​គឺវាអាចធ្វើឱ្យយើងរសាយនូវទុក្ខសោកបានខ្លះៗផងដែរ។

២/. ជួយបំបាត់ការឈឺចាប់៖

ការស្រាវជ្រាវបានរកឃើញថាក្រៅពីការធ្វើឱ្យខ្លួនឯងមានអារម្មណ៍ល្អហើយនោះ ការសម្រក់ទឹកភ្នែកក៏បានបញ្ចេញអុកស៊ីតូស៊ីននិងអរម៉ូន endorphins ដែលជាសារធាតុគីមីទាំងនេះធ្វើឱ្យមនុស្សមានអារម្មណ៍ល្អហើយក៏អាចបន្ធូរអារម្មណ៍ឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្តផងដែរ។

៣/. ជំនួយដល់ដំណេក៖

ការសិក្សាតូចមួយក្នុងឆ្នាំ ២០១៥ បានរកឃើញថា ការយំអាចជួយឱ្យមនុស្សគេងលក់ស្រួល។ ព្រោះថា ក្រោយពីបញ្ចេញនូវទឹកភ្នែកតាមអារម្មណ៍ឆេះឆួលហើយនោះ រាងកាយរបស់លោកអ្នកនឹងធូរស្បើយ ហើយដំណេកក៏ល្អទៅតាមនោះដែរ។

៤/. ប្រឆាំងនឹងបាក់តេរី៖

ការសិក្សាស្រាវជ្រាវថ្មីបានឱ្យដឹងថា ការយំជួយសម្លាប់បាក់តេរីនិងធ្វើឱ្យភ្នែកមានសុខភាពល្អ ព្រោះទឹកភ្នែកមានផ្ទុកសារធាតុរាវហៅថាលីសូហ្ស៊ីម ដែលជាសារធាតុមានលក្ខណៈសម្បត្តិប្រឆាំងនឹងមេរោគហើយវាថែមទាំងអាចជួយកាត់បន្ថយហានិភ័យនៃជំងឺភ្នែកផ្សេងៗបានផងដែរ។

៥/. ធ្វើឱ្យប្រសើរឡើងនូវប្រស្រីភ្នែក៖

តាមការសិក្សាបានឱ្យដឹងថា ទឹកភ្នែកដែលត្រូវបានបញ្ចេញគឺអាចជួយធ្វើឱ្យភ្នែកមានសំណើមនិងការពារភ្នាសរំអិលមិនឱ្យស្ងួត។ លើសពីនេះ ប្រសិទ្ធិភាពនៃរំអិលទឹកភ្នែកអាចជួយឱ្យមនុស្សមើលឃើញកាន់តែច្បាស់ទៀតផង៕

ដោយ៖ ភូមិន្ទ 

ប្រភព៖ https://www.medicalnewstoday.com/articles/319631

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត