
បុគ្គលដែលទៅរកការស្រោចទឹកមន្ត ព្រោះមានជំនឿថាវាអាច លើករាសី កំចាត់ចង្រៃឧបទ្រព ជួយឱ្យរកស៊ីមានបាន ជួយកំចាត់គ្រោះថ្នាក់ នាំឱ្យមានសិរីសួស្ដី មានលាភមានជ័យ ឡើងបុណ្យឡើងស័ក្ដ នាំសំណាងល្អមកដល់ខ្លួន ឬអ្នកខ្លះកំពុងតែមានភ័យមកគ្របសង្កត់ទើបរកទីពឹងឱ្យជួយ ដែលជាការស្រោចទឹកមន្តនេះឯង។
ជំនឿលើការស្រោចទឹកមន្តនេះមានតាំងពីយូលង់ណាស់មកហើយ ប៉ុន្តែវាមិនមែនជាជំនឿក្នុងទិសដៅស្របគ្នាជាមួយព្រះពុទ្ធសាសនានោះទេ គឺបញ្ចា្រសគ្នាតែម្ដង។ ការស្រោចទឹកមន្តបញ្ជៀសគ្រោះកាចជាការពឹងលើរបស់ក្រៅខ្លួន ធ្វើឱ្យមនុស្សលែងជឿជាក់លើសមត្ថភាពខ្លួនឯងក្នុង ការដោះស្រាយបញ្ហា ការខិតខំរកស៊ីប្រឹងប្រែងធ្វើការ ហើយក៏ធ្វើឱ្យមនុស្សរស់នៅក្នុងអំណាចនៃជំនឿអរូបីយ៍។

ការស្រោចទឹកមន្តនេះមាននៅក្នុងព្រហ្មញ្ញសាសនា ប៉ុន្តែក្នុងព្រះពុទ្ធសាសនាមិនបានបង្រៀនបរិស័ទឱ្យជឿលើទឹកមន្តទេ។ ចំណែកក្នុងពេលបច្ចុប្បន្នដែលមានសង្ឃមួយចំនួនដែលយកការស្រោចទឹកមន្ត ចាត់ទុកជាការជួយដល់ពុទ្ធបរិស័ទនោះ គឺជាការបំផ្លាញខ្លឹមសារនៃព្រះពុទ្ធសាសនាទៅវិញទេ។
ក្នុងព្រះពុទ្ធសាសនាបង្រៀនមនុស្សឱ្យជឿលើកម្មផល អ្នកធ្វើហេតុណារមែងទទួលផលនៃហេតុនោះ។ បុណ្យនិងបាបមិនអាចកាត់កងគ្នាបានទេ គ្រាន់តែកម្មនោះនៅមានកំលាំងខ្សោយមិនទាន់ឱ្យផល ប៉ុន្តែវាមិនបាត់ទៅណាទេ លុះត្រាតែសត្វនោះធ្វើឱ្យអស់ទៅនៃជាតិកំណើត ដោយផ្ដាច់ឫសគល់នៃតណ្ហា និងអវិជ្ជា៕
ដោយ៖ ឥន្ទ្រីយ៍សិល៍១៣៨
ឯកសារយោង៖ លោកម្ចាស់គ្រូ សាន សុជា


