គ្រាន់តែថើបគ្នាសោះ! ហេតុអ្វីក៏យើងចាំបាច់បិទភ្នែក?
ភូមិន្ទ
5 ឆ្នាំមុន

ថើប គឺជាភាសាកាយវិការដែលបង្ហាញពីសេចក្ដីស្រឡាញ់។  ការថើប មានច្រើនប្រភេទ​និងច្រើនទម្រង់ ប៉ុន្តែបើនិយាយដល់ការថើបដែលរោលរាលស្រើបស្រាលខ្លាំងរហូតដល់បិទភ្នែក ដង្ហើមប្រែជាញាប់រន្ថើនជាងមុននោះ គឺច្បាស់ណាស់ វាជាការថើបបែបអារម្មណ៍ស្នេហា ហើយចំនុចដែលគេពេញនិយមក្នុងការចាប់ផ្ដើមខ្លាំងជាងគេគឺបបូរមាត់។ ការថើបបបូរមាត់ វាគឺជាកាយវិការដ៏ពេញនិយមសម្រាប់បង្ហាញពីសេចក្ដីស្នេហានៅប៉ែកខាងអ៊ឺរ៉ុប តែវាជារឿងដែលគួរឱ្យខ្មាសអៀន បើសិនជាកាយវិការបែបនេះ ត្រូវបានធ្វើឡើងនៅកណ្ដាលចំណោម តួយ៉ាងដូចជានៅកម្ពុជាយើងជាដើម។  ប៉ុន្តែអ្វីដែលជាចម្ងល់នោះ គឺស្ថិតនៅត្រង់ថា តើហេតុអ្វីបានជាមនុស្សតែងតែបិទភ្នែកនៅពេលថើបគ្នា? ខាងក្រោមនេះគឺជាចម្លើយ។

យោងតាមអ្នកស្រាវជ្រាវផ្នែកចិត្តសាស្រ្តបានឱ្យដឹងថា មូលហេតុដែលយើងបិទភ្នែកនៅពេលថើបគ្នាគឺក៏ព្រោះតែចង់ឱ្យខួរក្បាលផ្ដោតទៅលើសកម្មភាពនៃការថើបតែម្យ៉ាងប៉ុណ្ណោះ ព្រោះនៅពេលដែលយើងបើកភ្នែកមើលឃើញទិដ្ឋភាពផ្សេងៗនៅជុំវិញខ្លួន វានឹងធ្វើឱ្យយើងបែកអារម្មណ៍។  មានការសិក្សាថ្មីមួយ ផ្នែកប្រព័ន្ធប្រាសាទ នៅសាកលវិទ្យាល័យ Royal Holloway នៃទីក្រុងឡុងបានសន្និដ្ឋានថាខួរក្បាលមានការពិបាកក្នុងដំណើរការផ្ដោតអារម្មណ៍ បើសិនជាភ្នែកយើងបើកចំហរ  ព្រោះមុខងាររំញោចនៃភ្នែក វានឹងទាញព័ត៌មានមួយចំនួនធំពីខួរក្បាលក្នុងការផ្ចង់ទៅលើអ្វីមួយ។សរុបមកយើងឃើញថា ការបិទភ្នែកពេលកំពុងថើបគ្នា​គឺគ្មានមូលហេតុអ្វីក្រៅតែពីការក្រេបយកនូវអារម្មណ៍នៃរសជាតិស្នេហ៍ដែលដៃគូម្នាក់ៗកំពុងតែផ្ទេរឱ្យគ្នាទៅវិញទៅមកនោះទេ។

សូមចងចាំថា ការបង្ហាញក្ដីស្រឡាញ់ត្រឹមតែបបូរមាត់ គឺមិនគ្រប់គ្រាប់នោះទេ ប៉ុន្តែ តាមរយៈកាយវិការ ឬសកម្មភាពផ្សេងៗ ដូចជាការថើប បបោសអង្អែល លួងលោម គឺជាវិធីសាស្រ្តក៏ល្អក្នុងការរឹតចំណងស្នេហ៍ឱ្យកាន់តែរឹងមាំទ្វេដង។ ប៉ុន្តែ លោកអ្នកត្រូវប្រាកដចិត្តថា ការថើបផ្ដល់នូវក្ដីស្រឡាញ់របស់លោកអ្នកគឺគួរតែធ្វើឡើងចំពោះគូស្វាមីភរិយា ឬដៃគូស្មោះស្ម័គ្រមួយនឹងមួយតែប៉ុណ្ណោះ ចៀសវាងការថើបនោះផ្ដល់នូវទុក្ខទោសត្រឡប់មកវិញដោយប្រការណាមួយដែលយើងមិនអាចស្មានដឹងជាមុន៕

ដោយ៖ ភូមិន្ទ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត