
“ចេះតែស្រះអួយ” គឺជាចម្រៀងមួយបទដែលកំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា លើកមកច្រៀងសាជាថ្មីម្ដងទៀត ហើយទទួលបានការគាំទ្រខ្លាំងពីមហាជន។ ប៉ុន្តែតើលោកអ្នកជ្រាបទេថា បទចម្រៀងដ៏ពីរោះនិងមានភាពក្រមិចក្រមើមមួយបទនេះគឺជាសំនៀងដើមរបស់តារាចម្រៀងល្បីឈ្មោះអ្នកស្រី សុង សេងហ៊ន។ ខណៈនេះ SBM News នឹងនាំអារម្មណ៍មិត្តអ្នកអានឱ្យទៅស្គាល់ប្រវត្តិនិងស្នាដៃសិល្បៈរបស់លោកស្រីខ្លះៗដែលត្រូវបានចាក់ទុកថាជាសម្បត្តិដ៏មានតម្លៃសម្រាប់សិល្បៈខ្មែរ។

អ្នកស្រីសុង សេងហ៊ន ជាតារាចម្រៀងដ៏មានកេរ្តិ៍ឈ្មោះបោះសម្លេងល្បីល្បាញទូទាំងប្រទេសកម្ពុជាកាលពីអំឡុងទសវត្សរ៍ទី៩០។ អ្នកស្រីមានស្រុកកំណើតនៅក្រុងភ្នំពេញ នាខណ្ឌទួលគោក។ អ្នកស្រី ជាកូនទី២ ក្នុងចំណោមបងប្អូនបង្កើតទាំងអស់៤នាក់ (ស្រី ២នាក់ ប្រុស២នាក់) ។ ចំពោះប្រវត្តិការសិក្សា អ្នកស្រីសុង សេងហ៊ន ធ្លាប់បានសិក្សានៅសាសាបឋម សិក្សាពៅ អ៊ុំ (បច្ចុប្បន្នក្លាយជាសាលាបឋមសិក្សាទួលគោក) ហើយក្រោយមកអ្នកស្រីបានបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ លុះមកដល់របបខ្មែរក្រហម អ្នកស្រីត្រូវបានគេជម្លៀសទៅកាន់ស្រុកភ្នំស្រុក ខេត្តបាត់ដំបង (សព្វថ្ងៃខេត្តបន្ទាយមានជ័យ)។ នៅឆ្នាំ១៩៧៩ ក្រោយរបបខ្មែរក្រហមបានដួលរលំ ក្រុមគ្រួសារអ្នកស្រី សុង សេងហ៊ន បានភៀសខ្លួនទៅរស់នៅសហរដ្ឋអាមេរិក ហើយបានបង្កើតផលិតកម្មមួយឈ្មោះថាសាយណ្ហណារ៉ា ដើម្បីប្រកបអាជីវកម្មថតកាសែតនិងថាសចម្រៀង។ សព្វថ្ងៃអ្នកស្រីសុង សេងហ៊ន កំពុងរស់នៅរដ្ឋផេនស៊ីលវ៉ានីញ៉ា ភាគឦសានសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសារ។

ជីវិតសិល្បៈ និង ស្នាដៃ
អ្នកស្រីបានចាប់អាជីពជាតារាចម្រៀងឱ្យផលិតកម្មសាយណ្ហណារ៉ា នៅឆ្នាំ១៩៨២។ បទចម្រៀងរបស់អ្នកស្រីទាំងអស់ សុទ្ធតែថតឱ្យផលិតកម្មសាយណ្ហណារ៉ា ពោលគឺអ្នកស្រីពុំដែលធ្លាប់បានថតឱ្យផលិតកម្មណាផ្សេងឡើយ សូម្បីតែច្រៀងតាមវេទិកាប្រគំតន្រ្តីនានាឬ ចូលរួមច្រៀងជាកិត្តិយសក្នុងកម្មវិធីណាមួយក៏មិនដែលផង។ បទចម្រៀងរបស់អ្នកស្រីមានលក្ខណៈពិសេសត្រង់ថាបទភាគច្រើនគឺអ្នកស្រីជាអ្នកនិពន្ធដោយខ្លួនឯងផ្ទាល់តែម្ដង។ ក្នុងអំឡុងទ.វទី៩០ បទចម្រៀងរបស់អ្នកស្រីសុង សេងហ៊ន បានទទួលការពេញនិយមគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ចម្រៀងខ្មែរគ្រប់មជ្ឈដ្ឋានទូទាំងប្រទេស។ ជាញឹកញាប់ នៅក្នុងកម្មវិធីសំណូមពរបទចម្រៀងនាសម័យនោះ គេតែងឮប្រិយមិត្តអ្នកស្ដាប់សំណូមពរឱ្យចាក់បទចម្រៀងរបស់អ្នកចម្រៀងរូបនេះទាំងនៅស្ថានីយ៍វិទ្យុនៅក្នុងប្រទេសកម្ពុជាទាំងនៅវិទ្យុសម្លេងសហរដ្ឋអាមេរិក ព្រោះគេយល់ថាទឹកដមសម្លេងអ្នកស្រីពិរោះលន្លង់លន្លោចស្រាលស្រទន់សក្តិសមទាំងបទមនោសញ្ចេតនាទាំងបទញាក់កន្រ្តាក់អារម្មណ៍។ តារាចម្រៀងល្បីៗជំនាន់ស្របាលអ្នកស្រីមានដូចជាគឺលោកកែវ សារ៉ាត់ លោកឈួយ សុភាព លោកទឹង ភិរម្យ អ្នកស្រីឡុង ស៊ីដា អ្នកស្រីដួង ម៉ាឡៃ ជាដើម។ បទចម្រៀងល្បីៗរបស់អ្នកស្រីសុង សេងហ៊នរួមមាន៖

១.បទទឹកភ្នែកសម្ងាត់ (ខ្នើយប៉ាក់)
២.បទវីយូឡុងស្នេហា
៣.បទខ្ញុំបានរូបថតគេបានបង
៤.បទដល់វេលាត្រូវសារភាព
៥.បទសុំបេះដូងមួយចំណែក
៦.បទយកចិញ្ចៀនពេជ្រទៅវិញចុះ
៧.បទស្នេហ៍វ័យកុមារ ... ជាដើម៕

គួរបញ្ជាក់ថា លោកស្រី សុង សេងហ៊ន កើតនៅឆ្នាំ ១៩៥៨ ដែលរហូតមកទល់បច្ចុប្បន្នេះលោកស្រី មានវ័យ ៦២ ឆ្នាំហើយ។ តាមការទម្លាយនូវកម្រងរូបភាពខ្លះពីសំណាក់មិត្តភក្ដិរបស់លោកស្រីផ្ទាល់បានឱ្យដឹងថា សព្វថ្ងៃលោកស្រីនៅមានសុខភាពមាំទាំល្អ រូបសម្រស់ល្អគន់ ហើយរស់នៅក្នុងជីវភាពល្អប្រសើរមួយផងដែរ៕ ដោយ៖ ភូមិន្ទ



