ស្គាល់គាត់ទេ! តើលោកចេង ហេង ជានរណា?
S
Sereyphuon Chhim
24 កុម្ភៈ 2021 09:38 AM

ស្រាវជ្រាវដោយ ឈឹម សេរីភួន៖ លោកចេង ហេង កើតនៅថ្ងៃទី ១០ ខែមករា ឆ្នាំ១៩១៦ នៅខេត្តតាកែវ។ បន្ទាប់ពីបញ្ចប់ការសិក្សា មធ្យមសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ លោកបានទៅបន្តការសិក្សានៅសាលាភូមិន្ទរដ្ឋបាល (ERA)។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយកូនស្រីរបស់លោក អ៊ឹង ហ៊ី ជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៨ ខែមីនា ដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៤៥។

លោកបានចូលបម្រើការងាររដ្ឋបាល ជាដំបូងនៅឆ្នាំ ១៩៤០ នៅខេត្តបាត់ដំបង ដែលនៅពេលនោះ ខេត្តនេះស្ថិតនៅក្រោមការត្រួតត្រារបស់សៀម។

  បន្ទាប់មក លោកបានផ្លាស់ទៅបម្រើការងាររដ្ឋបាលជាបន្តបន្ទាប់ នៅខេត្តកំពត ខេត្តព្រៃវែង និងខេត្តកណ្តាល ។

 នៅក្នុងខែសីហា ឆ្នាំ១៩៥៥ លោកត្រូវាបានតែងតាំងជានាយកពន្ធនាគារកណ្តាលក្រុងភ្នំពេញ។

 ក្រៅពីជំនាញខាងរដ្ឋបាល គាលោកចេង ហេង ជាអ្នកជំនាញខាងកសិកម្ម ដោយលោកបានណែនាំឱ្យអភិវឌ្ឍកសិកម្មបែបប្រពៃណី ទៅជាលក្ខណៈកសិឧស្សាហកម្មទំនើប ។

លោកជាម្ចាស់កសិដ្ឋានដំណាំដូង មួយកន្លែងនៅតំបន់ឆ្នេរសមុទ្ររាម កាលនោះស្ថិតនៅក្នុងខេត្តកំពត (បច្ចុប្បន្ន ស្ថិតនៅក្នុងខេត្តព្រះសីហនុ ) ដែលនៅទីនោះ គេច្រើនហៅថា ចម្ការដូងចេង ហេង ។

 ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ១៩៦០ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៦១ គាលោកត្រូវាបានតែងតាំងជារដ្ឋលេខាធិការ ក្រសួងកសិកម្ម។

នៅក្នុងឆ្នាំ១៩៦២ លោកបានជាប់ឆ្នោតជាតំណាងរាស្រ្ត នៅមណ្ឌលតាខ្មៅ។

នៅឆ្នាំ១៩៦៦ លោកបានជាប់ឆ្នោតជាតំណារាស្រ្ត នៅមណ្ឌលភ្នំពេញ និងជាប់ឆ្នោតជាប្រធានសភាជាតិ នៅក្នុងឆ្នាំ១៩៦៩។
ក្រោយពីសម្តេចនរោត្តម សីហនុ ជាប្រមុខរដ្ឋយាងទៅប្រទេសបារាំង ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧០ ដោយសារលោកមានឋានៈជាប្រធានសភាជាតិ លោកត្រូវបានតែងតាំងជាប្រមុខរដ្ឋស្តីទី តាមរដ្ឋធម្មនុញ ។

 ក្រោយរដ្ឋសភាបោះឆ្នោតទម្លាក់សម្តេចសីហនុ ចេញពីតំណែងប្រមុខរដ្ឋ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ លោកត្រូវបានតែងតាំងជាប្រមុខរដ្ឋ រហូតដល់ថ្ងៃទី១០ ខែមីនា ឆ្នាំ១៩៧២ បន្ទាប់ពីសិស្សនិស្សិតធ្វើបាតុកម្មគគ្រឹកគគ្រេង លោកបានលាឈប់តំណែង។ ក្នុងការធ្វើបាតុកម្មគគ្រឹកគគ្រេងនោះ​​ពួកសិស្សនិស្សិតបានស្រែកបន្ទរពាក្យស្លោកប្រឆាំងនឹងមេដឹកនាំរបបសាធារណរដ្ឋខ្មែរ មួយឃ្លាថា៖ សង្ឃឹមលន់ នល់, លន់ នល់ជើងបាក់ សង្ឃឹមសិរិមតៈ សិរិមតៈចាត់ការដូចក្មេង សង្ឃឹមចេង ហេង ដូចសង្ឃឹមផ្កាយលើមេឃ…។

តែក្រោយមក លោកត្រូវបានតែងតាំងជាអនុប្រធានក្រុមប្រឹក្សានយោបាយជាន់ខ្ពស់ ដែលបានបង្កើតឡើងដើម្បីគ្រប់គ្រងប្រទេសជាបណ្ដោះអសន្ន រហូតដល់ថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧២ លោកលន់ នល់ បានជាប់ឆ្នោតជាប្រធានធីបតីទី១ នៃរបបសាធារណរដ្ឋខ្មែរ។

 នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៧៥ ខណៈកងទ័ពខ្មែរក្រហមចូលដល់ជាយក្រុងភ្នំពេញ សម្តេចសីហនុ ប្រធានរណសិរ្សរួបរួមជាតិកម្ពុជា បានប្រកាសពីក្រុងប៉េកាំង ថា នៅពេលកងទ័ពបដិវត្តន៍រំដោះបានទីក្រុងភ្នំពេញ ជនក្បត់៧នាក់ប៉ុណ្ណោះ នឹងត្រូវកាត់ប្រហារជីវិត គឺ៖ លន់ នល់, សិរិមតៈ, អ៊ិន តាំ, ចេង ហេង, សុស្តែន ហ្វែណង់ដេស្ត, លន់ ណុន, និង ឡុង បូរ៉េត ។

ក្នុងខែមេសា ឆ្នាំ១៩៧៥ លោកបានចាកចេញទៅប្រទេសបារាំង ហើយបានរស់នៅប្រទេសនេះ រហូតដល់ឆ្នាំ១៩៩៣ ទើបវិលត្រឡប់ចូលប្រទេសកម្ពុជា វិញ ដើម្បីបង្កើតគណបក្សមួយ ឈ្មោះគណបក្សសម្ព័ន្ធសាធារណរដ្ឋ ដើម្បីប្រកួតប្រជែងយកអាសនៈនៅសភាធម្មនុញ្ញ ដែលរៀបចំឡើងដោយអ៊ុនតាក់(UNTAC) តែមិនបានជាប់ឆ្នោតមួយអាសនៈឡើយ ហើយលោកបានវិលត្រឡប់ទៅរស់នៅប្រទេសបារាំង វិញ និងបានទទួលមរណភាពនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៩៦៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត