ប្រវត្តិឧកញ៉ា ទេព ផន អតីតចៅហ្វាយក្រុងភ្នំពេញ
S
Sereyphuon Chhim
15 កុម្ភៈ 2021 02:51 AM

ស្រាវជ្រាវដោយឈឹម សេរីភួន ៖

  លោកទេព ផន កើតនៅក្នុងឆ្នាំ១៩០៥ នៅស្រុកកណ្តាលស្ទឹង ជាកូនរបស់លោក ទេព កែវ ចៅហ្វាយស្រុកកណ្តាលស្ទឹង និងអ្នកស្រី ចាន់ ។
នៅក្នុងឆ្នាំ១៩២៣ លោកបានទទួលសញ្ញាបត្របញ្ចប់សាលាបឋមសិក្សា ដែលជាសញ្ញាបត្រខ្ពស់បំផុតនៅក្នុងប្រទេសកម្ពុជាជំនាន់នោះ។ លោកត្រូវបានជ្រើសរើសធ្វើជាលេខាបកប្រែ ឱ្យទេសាភិបាលបារាំងប្រចាំខេត្តកណ្ដាល រហូតឆ្នាំ១៩៣១ លោកបានបន្តការសិក្សានៅសាលាភូមិន្ទរដ្ឋបាល។

ឆ្នាំ១៩៣២ លោកបានប្រឡងជាប់ជាមន្រ្តីថ្នាក់មធ្យម និងថ្នាក់ខ្ពស់ ក្នុងរដ្ឋបាលនៃរាជរដ្ឋាភិបាលកម្ពុជាជាបន្តបន្ទាប់ រហូតបានឡើងជាអភិបាលខេត្ត, ប្រតិភូរដ្ឋាភិបាល និងអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ ក្នុងឆ្នាំ១៩៥៣។
ក្នុងឆ្នាំ១៩៥៤ ព្រះមហាក្សត្រនរោត្តម សីហនុ បានតែងតាំងលោកទេព ផន ធ្វើជាប្រធានគណៈប្រតិភូកម្ពុជា ទៅចូលរួមក្នុងសន្និសីទ ដើម្បីរកដំណោះស្រាយសន្តិភាពនៅឥណ្ឌូចិន នាក្រុងសឺណែវ ។

រូបថត COLORISE
រូបថត COLORISE

ពីថ្ងៃទី២៦កក្កដា ឆ្នាំ១៩៥៧ ដល់ថ្ងៃទី២១មករា ឆ្នាំ១៩៥៨ លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកបោសសម្អាតទូទៅ និងសេដ្ឋកិច្ចជាតិ។
ពីថ្ងៃទី១៩មេសា ឆ្នាំ១៩៦០ ដល់ថ្ងៃទី២៨មករា ឆ្នាំ១៩៦១ លោកត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្រ្តីទី២ និងជារដ្ឋមន្រ្តីការបរទេស។
ពីថ្ងៃទី២៨មករា ឆ្នាំ១៩៦១ ដល់ថ្ងៃទី៦សីហា ឆ្នាំ១៩៦២ លោកត្រូវបានតែងតាំងជារដ្ឋមន្រ្តីទទួលបន្ទុកផែនការ និងជាចៅហ្វាយក្រុងភ្នំពេញ។

ដោយសារតែលោកមានស្នាដៃក្នុងការរៀបចំទីក្រុងភ្នំពេញ គេបានបង្កើតវិថីមួយនៅក្នុងទីក្រុងភ្នំពេញ ដោយបានដាក់ឈ្មោះផ្លូវនោះថា វិថីឧកញ៉ាទេព ផន (ផ្លូវ១៨២) ដែលបានបន្សល់ទុករហូតដល់សព្វថ្ងៃនេះ។

នៅក្នុងឆ្នាំ១៩៦៧ លោកបានបញ្ចប់អាជីពជាមន្រ្តីរាជការ និងអាជីពជាអ្នកនយោបាយ ។

 នៅក្នុងឆ្នាំ១៩៧៨ លោកបានទទួលមរណភាពក្នុងជន្មាយុ៧៣ឆ្នាំ នៅ NOGENT-SUR-MARNE ជាយក្រុងប៉ារីស ប្រទេសបារាំង ៕

សាលាក្រុងភ្នំពេញ កាលឆ្នាំ១៩២៥<br>
សាលាក្រុងភ្នំពេញ កាលឆ្នាំ១៩២៥
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត