
នៅកម្ពុជាបច្ចុប្បន្ន ផ្កាដែលប្រជាពលរដ្ឋនិយមចូលចិត្តប្រើទូទៅ គឺមានផ្កាម្លិះ ផ្កាឈូក ផ្កាកុលាប ជាដើម។ ប៉ុន្តែ ចំពោះប្រភេទផ្កាដែលបានចាត់ទុកជាផ្កាតំណាងឱ្យប្រទេសទាំងមូលគឺជាផ្កា រំដួល ។ តើផ្ការំដួល មានតម្លៃក្នុងវប្បធម៌ខ្មែរបែបណា ទើបអាចក្លាយជាផ្កាតំណាងប្រទេស? ខណៈនេះ SBM News នឹងផ្ដល់ជូននូវអំណះអំណាងដូចតទៅនេះ៖
យោងតាមការចុះផ្សាយរបស់ យសោធរ ជាគេហទំព័រផ្សព្វផ្សាយពីសិល្បៈវប្បធម៌ខ្មែរ ដែលប្រមូលផ្ដុំទៅដោយការចងក្រងស្នាដៃពីអ្នកប្រាជ្ញខ្មែរល្បីៗបានឱ្យដឹងថា៖

១/.ទូទៅភាព នៃផ្ការំដួល៖
រំដួលជារុក្ខជាតិ ដែលគេនិយមរាប់អានខ្លាំងណាស់នៅប្រទេសកម្ពុជានិងនៅប្រទេសជិតខាង។ វាមានឈ្មោះជារុក្ខជាតិវិទ្យាជាភាសាអង់គ្លេសគឺ Popowia aberrans។ រំដួលជារុក្ខជាតិដែលគេនិយមដាំនៅក្នុងដីភូមិ ផ្ទះ ហើយយើងក៏អាចឃើញនៅតាមសួនច្បារសាធារណៈនានាផងដែរ។ មូលហេតុដែលគេនិយមខ្លាំងនោះគឺមកពីផ្កាមានក្លិនក្រអូបឈ្ងុយឈ្ងប់ ជាពិសេសនៅពេលថ្ងៃបាក់រសៀលនិងពេលល្ងាច។ ផ្កានេះមានពណ៌លឿងស្រាល ហើយជាទូទៅច្រើនរីកនៅរវាងខែមាឃ ផល្គុន និងចេត្រ ពោលគឺនៅខែក្តៅ។ ផ្លែវាពណ៌ស្វាយក្រម៉ៅដូចពណ៌ព្រីងទុំដែរ ហើយមានរសជាតិផ្អែមពេលដែលទទួលទានទៅ។

តាមពិតរំដួលជាប្រភេទឈើព្រៃ ហើយបើនិយាយពីព្រៃអង្គរក្នុងខេត្តសៀមរាបផងគឺពីមុនមកសម្បូណ៌ណាស់ សូម្បីតែសព្វថ្ងៃក៏នៅសេសសល់គួរសមដែរ។ សូមកុំភ្លេចថាមានចម្រៀងជាច្រើនដែលមានពាក្យ «រំដួល» នៅក្នុងនោះឬនៅចំណងជើងតែម្តង ហើយដែលតែងតែសម្តៅលើមនុស្សស្រី ដោយសារស្រីតែងយកផ្ការំដួលមកចងសក់ជាលំអផង នាំឲ្យក្រអូបផង។ ក្រៅពីនេះគេយកសម្បកមែករំដួលមក ដុសក្អែលនៅពេលងូតទឹក។

២/. ផ្ការំដួលក្នុងសម័យបុរាណកាល៖
ឥឡូវគួរយើងក្រឡេកមកបុរាណកាលម្តង។ ពាក្យរំដួលមានឃើញនៅតាមសិលាចារឹកមួយចំនួន ដែលសរសេរជា រំត្វល ។ ជួនកាលសម្តៅលើដើមឬក្រុមដើមរំដួល ៖ តេំរំត្វល (ដើមរំដួល), វ្រៃរំត្វល (ព្រៃរំដួល), ជួនកាលជាឈ្មោះស្រីម្នាក់ ៖ តេងរំត្វល (នាងរំដួល)។ ប្រការដែលគេយកមកដាក់ជាឈ្មោះមនុស្សនេះសឲ្យឃើញថាគេនិយមនិងឲ្យតម្លៃលើផ្ការំដួលនេះទៅហើយ។ ម្យ៉ាងទៀតយើងឃើញគេឆ្លាក់រូបស្រីស្នំដែលយកផ្ការំដួលមកចងសក់ជាលំអទៀតផង។ ឃើញថាការយកផ្ការំដួល មកចងសក់នៅសម័យថ្មីនេះគឺគ្រាន់តែជាទម្លាប់ដែលមានតាំងពីបុរាណកាលតែប៉ុណ្ណោះ។ ពុំគ្រាន់តែដូច្នេះឡើយ ក្បាច់លំអនៅតាមប្រាសាទបុរាណខ្លះមានចម្លាក់រូបផ្ការំដួលជាជួរៗ ដូចជានៅតាមសសរ និងតាមឃឿនជាដើម។ នៅរូបទាំងនេះយើងឃើញថាគេឆ្លាក់ក្បាច់ផ្ការំដួលក្រពុំដូចក្នុងធម្មជាតិដូច្នោះមែន ពោលគឺស្រទាប់ឬត្របកនីមួយៗចែកចេញជាបីផ្នែក។

សរុបមក យើងឃើញថា ដោយសារតែបង្កប់តម្លៃជាប្រវត្តិសាស្រ្តក្នុងការប្រើប្រាស់ ដោយដូនតាខ្មែរថែមទាំងបានចារក្នុងសិលាចារឹក និងមានឆ្លាក់ជាក្បាច់នៅតាមជញ្ជាំងប្រាសាទខ្មែរបុរាណផ្សេងៗផងនោះ ទើបបណ្ដាលឱ្យផ្ការរំដួលមានតម្លៃគ្រប់គ្រាន់ក្នុងនាមជាផ្កាតំណាងឱ្យកម្ពុជា៕
ប្រភព៖ https://www.yosothor.org
ចុះផ្សាយដោយ៖ ភូមិន្ទ





