
នៅពេលដែលព្រះបាទជ័យវរ្ម័នទី៧ បានរំដោះប្រទេសពីការឈ្លានពានរបស់ចាម្ប៉ា ដែលបានត្រួតត្រាអាណាចក្រខ្មែរអស់រយៈពេល៤ឆ្នាំ (១១៧៧-១១៨១នៃគ.ស) ព្រះអង្គរៀបចំរាជធានីអង្ករឡើងវិញ ដោយបានកសាងកំពែងយ៉ាងមាំដើម្បីការពារការវាយលុកពីសត្រូវ។ ព្រះអង្គក័បានរៀបចំ ជួសជុល និងកសាងប្រាសាទព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសង្គមជាច្រើននៅក្នុងរាជធានី និងអាណាចក្ររបស់ព្រះអង្គ។

ក្នុងចំណោមប្រាសាទទាំងអស់ មានប្រាសាទបីដែលសំខាន់ជាងគេ និងបានកសាងនៅក្នុងរាជធានីយសោធរបុរៈគឺ ប្រាសាទបាយ័ន្ត ជាប្រាសាទភ្នំសម្រាប់រាជ្យ ប្រាសាទព្រះខ័ន ឧទ្ទឹសដល់ព្រះបិតារបស់ព្រះអង្គគឺ ព្រះបាទធរណិន្ទ្ររវ្ម័នទី២ និង ប្រាសាទតាព្រហ្ម (ជាព្រះរាជវិហារ) ឧទ្ទឹសដល់ព្រះមាតារបស់ព្រះអង្គ
និយាយដល់ប្រសាទតាព្រហ្ម មានទីតាំងនៅតាមផ្លូវវង់តូចទៅតាមទារជ័យគឺ បន្ទាប់ពីប្រាសាទតាកែវ ប្រហែល១គ.ម ហើយមានកំពែងបន្ទាយក្តីផ្នែកពាយ័ព្យ។ ប្រាសាទនេះកសាងឡើយនៅក្នុងឆ្នាំ១១៨៦នៃគ្រឹស្តរាជ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយព្រះមាតារបស់ព្រះអង្គ ព្រះនាម ចូឌា មុន្នី ។

យោងតាមសិលាចារិកបានបង្ហាញថា បរិវេណប្រសាទនេះមាន ៣១៤០ភូមិ និងមានមនុស្ស ៧៩៣៦៥នាក់ មើលថែប្រាសាទរួមមានរាជគ្រូ ១៨នាក់ មន្រ្តី២៧៤០នាក់ ជំនួយការ២២០២នាក់ និងអ្នករាំរបាំ ៦១៥នាក់។ ក្នុងចំនោមទ្រព្យសម្បត្តិរបស់ប្រាសាទនេះមាន ចានមាស ដែលមានទំងន់ជាង៥០០គីឡូក្រាម មានពេជ្រ ៣,៥៣៥ គ្រាប់ គុជខ្យង ៤០,៦២០ គ្រាប់ ត្បូងមានតំលៃ ៤,៥៤០ គ្រាប់ ស្បៃពីប្រទេសចិនចំនួន ៨៧៦ សូត្រ ៥១២ និងក្លស់ ៥២៣។
គួរឲ្យសោកស្ដាយដោយសារតែភ្លើងសង្គ្រាម និងការយាយីពីសំណាក់ប្រទេសជិតខាងទ្រព្យសម្បត្តិ ក៏ដូចជាវត្ថុមានតម្លៃទាំងអស់នេះ ត្រូវបានបាត់បង់គ្មានសល់ ។

បច្ចុប្បន្នប្រាសាទដែលមានអាយុកាលជាង៩០០ឆ្នាំក្នុងរមណីយដ្ឋានអង្គរមួយនេះ បានទាក់ទាញបេះដូងភ្ញៀវជាតិ និងអន្តរជាតិឱ្យស្ងើចសរសើរមិនដាច់ពីមាត់ថាជាប្រាសាទដ៏អស្ចារ្យដែលមានដើមឈើធំៗដុះខាងក្នុងនិងលើកំពូលប្រាសាទ ចាក់ឫសស្អេកស្កះចូលក្នុងគ្រឹះនិងជ្រៀតចូលតាមជញ្ជាំងគួរឱ្យទស្សនា។ លើសពីនោះទៀត ប្រាសាទក៏មានក្បាច់ក្បូរចម្លាក់ដ៏ល្អវិចិត្រផងដែរ ។
សូមបញ្ជាក់ថា ប្រសាទតាព្រហ្ម ក៏មិនខុសគ្នាប៉ុន្មានដែរពីប្រាសាទព្រះខ័ន ដោយចេតនារបស់ព្រះបាទជ័យវរ្ម័នទី៧ គឺសាងសង់ឡើងជាពិសេសដើម្បីឧទ្ទិសថ្វាយ ព្រះមាតារបស់ព្រះអង្គ ព្រះនាម ចូឌា មុន្នី ខណៈដែលប្រាសាទព្រះខ័ន ឧទ្ទិសថ្វាយព្រះបិតា ព្រះនាម ធរណិន្ទវរ្ម័នទី២ ៕

ដោយ៖ KS


