អាថ៌កំបាំងដ៏អស្ចារ្យមួយនៃប្រសាទព្រះខ័ន ដែលកម្រមានអ្នកដឹង
K
Kosal Por
11 កុម្ភៈ 2021 10:09 AM

ប្រាសាទ​ព្រះខ័ន​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​ក្រុម​ ប្រាសាទ​វង់​ធំ​ក្នុង​ទឹក​ដី​នៃ​ខេត្ដ​សៀមរាប​ មាន​ចម្ងាយ​៣​គីឡូម៉ែត្រ ពី​ប្រាសាទ​បាយ័ន និង​១,៥​គីឡូម៉ែត្រ ពី​ទ្វារ​ដីឆ្នាំង​(ទ្វារ​អង្គរធំ​ទិស​ខាង​ជើង) ។ ប្រាសាទនេះកសាងឡើងនៅសតវត្យរ៍ទី១២ ក្នុងឆ្នាំ១១៩១ ដោយព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រះវររាជបិតារបស់ព្រះអង្គ។ ប្រាសាទនេះ មានទំហំ ៥៦ ហិចតា។ តាមសិលាចារឹកថា ប្រាសាទនេះសាងសង់នៅសមរភូមិចុងក្រោយ ដែលព្រះបាទជ័យវរ្ម័នទី៧ បានផ្តួលរំលំពួកចាម។

ប្រាសាទព្រះខ័ន មានកំពែងបួនជាន់ ដែលជាទីតាំងមានអត្ថន័យផ្សេងៗគ្នា ដូចជា កំពែងខាងក្រៅ ដែលបច្ចុប្បន្នរុំព័ទ្ធទៅដោយព្រៃ គឺជាកន្លែងដែលព្រះសង្ឃ និងសិស្សស្នាក់នៅក្នុងប្រាសាទនេះ។ ​នៅកំពែងជាន់ទីពីរ គឺជាកន្លែងគោរពសាសនា។ ប្រាសាទកណ្តាលជាកន្លែងព្រះពុទ្ធសាសនា ឯភាគខាងជើង និងខាងលិច គឺសម្រាប់ឧទ្ទិសដល់ព្រហ្មមញ្ញសាសនា គឺព្រះនារាយណ៍ (ព្រះវិស្ណុ) (ខាងលិច) និងព្រះឥសូរ (ព្រះសិវៈ) (ខាងជើង)។ នៅផ្នែកខាងត្បូង ជាកន្លែងសម្រាប់គោរពបុព្វជន។

តាមរយៈសិលាចារិកបានឱ្យដឹងថា មានបដិមានៃរូបព្រះពុទ្ធ ព្រះឥសូរ និងព្រះវិស្ណុ ដែលត្រូវបានតម្កល់នៅក្នុងប្រាសាទនេះចំនួនដល់ទៅ ២០,៤០០ អង្គ ធ្វើអំពីមាស ប្រាក់ សំរិទ្ធ និងថ្ម និងភូមិចំនួន ១៣,៥០០ ភូមិ ដែលមានតួនាទីជួយថែរក្សាផ្គត់ផ្គង់មូលនិធិសាសនាឱ្យមានដំណើរការល្អនៅប្រាសាទនេះ ។ សិលាចារិកបានបង្ហាញទៀតថា មានបដិមាចំនួន ២៨៣ ត្រូវបានតម្កល់ជុំវិញបដិមាព្រះពោធិសត្វលោកេស្វរៈ ដែលតំណាងឱ្យដួងប្រលឹងព្រះបិតាព្រះរាជា។ មានសំណង់ប៉មចំនួន ៨៥សម្រាប់តម្កល់ព្រះបដិមាដល់ទៅ ៥២៥អង្គជាចំណុះប្រាសាទដ៏ធំនេះ។

តាម​ឯកសារ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ប្រាសាទ​ព្រះខ័ន​គឺ​ជា​មណ្ឌល​ពុទ្ធសាសនា​ដ៏​ធំ​មាន​ព្រះសង្ឃ​ប្រមាណ​១.០០០​ អង្គ​គង់​នៅ​សំណាក់​ធម៌ និង​មាន​សាកលវិទ្យាល័យ​មួយ​កសាង​ដោយ​ព្រះនាង​ជ័យរាជទេវី ជា​មហេសី​ទី​១​របស់​ព្រះបាទ​ជ័យវរ្ម័ន​ទី​៧ ។

ទាក់ទងជាមួយប្រាសាទ​ ព្រះខ័ន នេះផងដែរ ក៏មានកូនខ្មែរជំនាន់ក្រោយជាច្រើនឆ្ងល់ថា "ហេតុអ្វីបានជានៅលើផ្ទាំងថ្មប្រាសាទខាងក្នុង សុទ្ធតែចោះប្រហោងតូចៗ និងរាក់ៗ ដូច្នេះ?"

ត្បិតតែគ្មានតឹកតាងរឹងមាំ តែបើយោងតាមឯសារជាច្រើនបានឲ្យដឹងថា នៅលើជញ្ជាំងក្នុងប្រសាទព្រះខ័ន សុទ្ធតែត្រូវបានលម្អដោយត្បូង ពេជ្រ មានតម្លៃ រាប់ម៉ឺនគ្រាប់ ហើយប្រហោងតូចៗ រាក់ៗ ទាំងនោះ​គឺសម្រាប់បញ្ចុះត្បូងទាំងនោះឯង ។

នៅពេលយើងធ្វើដំណើរទៅទស្សនាប្រាសាទ ព្រះខ័ន គួរតម្រង់ទៅរកទីចំ កណ្តាលនៃប្រាសាទដែលជាបេះដូងដែល ស្ថិតចំអ័ក្សនៃប្រាសាទ លោកអ្នក នឹង ប្រទះឃើញរន្ធលើថ្មតូចទំហំ ប៉ុន ពែង អាកោ ប៉ុនមេជើង ចំនួន រាប់ម៉ឺនដែល បន្សល់ទុក ។

អ្នកប្រវត្តិវិទូ និងអ្នកស្រាវជ្រាវ ប្រវត្តិសាស្ត្រ អះអាងថារន្ធ ទាំងនោះគឺព្រះបាទជ័យវរ្ម័នទី ៧ បញ្ជាឲ្យក្រុមជាងចោះដើម្បីទុកបំពាក់ត្បូងធម្មជាតិដ៏មានតម្លៃជាច្រើនប្រភេទ ដើម្បីបង្ហាញពីទឹកព្រះទ័យ ចំពោះព្រះ អ្នកដ៏មានមហាឧបការ គុណ ដ៏មិនមានអ្វីមកប្រៀបផ្ទឹមបាន គឺ ព្រះបាទ ធរណិន្ទវរ្ម័នទី ២ ជាព្រះបិតា ។

ប៉ុន្តែគួរឲ្យសោកស្ដាយត្បូង ពេជ្រវត្ថុមានតម្លៃទាំងអស់ត្រូវបានបាត់បង់ ដោយសារសង្គ្រាមឈ្លានពានពីប្រទេសជិតខាង និង ក្រុមចោរដែលលួចលក់បំផ្លាញ ដោយគ្មានស្ដាយស្រណោះ ៕

ដោយ៖ KS

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត