
ម្នាស់ គឺជាប្រភេទដំណាំហូបផ្លែ ដែលទាមទារដីដាំដុះមានជីជាតិខ្ពស់ដូចជាប្រភេទ ដីកណ្ដេង ដីជើងភ្នំ និងដីមាត់ទន្លេជាដើម។ ដើម្បីឱ្យដំណាំម្នាស់ទទួលបានទិន្នផលល្អនិងស្របតាមការណែនាំរបស់ ក្រសួងកសិកម្ម SBM News នឹងពាំនាំនូវចំណេះដឹងថ្មី ជូនអស់លោកអ្នកដូចតទៅនេះ៖

១/. ការរៀបចំរង៖
យើងត្រូវភ្ជួរដីឱ្យបានស្អាតទុកចោល ១សប្តាហ៍បន្ទាប់មកកាយចង្អូរឬព្យួរឆូតដែលមានបណ្ដោយ ២០ ម៉ែត្រនិងចន្លោះចង្អូរប្រវែងមួយម៉ែត្ររួចដាក់ជីអាចម៍គោតាមចង្អូរហើយលប់ដីពីលើ។

២/.ការដាំម្នាស់៖
យើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជីអាចម៍គោ មានចន្លោះពីគុម្ពមួយទៅគុម្ពមួយប្រវែង ៣ ទៅ ៤ តឹកនិងចន្លោះរងប្រវែងពី ៦ ទៅ ៨ តឹក។ យើងត្រូវកប់គល់កូនម្នាស់ចូលទៅក្នុងដីប្រមាណមួយតឹក។
៣/. ការសំអាតស្មៅ ពូនគល់ និងការគ្របរង៖
ស្មៅនឹងដុះក្រោយយើងដាំរួចរយៈពេលមួយខែ យើងត្រូវត្រួតពិនិត្យមើល បើឃើញថាមានស្មៅដុះ កម្ពស់កូនម្នាស់ យើងចាំបាច់ត្រូវធ្វើការជម្រះស្មៅចេញ រួចពូនរងនិងយកស្មៅងាប់ឬដើមឈើ កន្ត្រាំងខេត្ត ឬអង្កាមដាក់ពីលើរងឱ្យបានច្រើនដើម្បីឱ្យកើតជាជីនិងបន្ថយការលូតលាស់របស់ស្មៅ។

៤/. ការដាក់ជី៖
-ការដាក់ជីទ្រាប់បាត
យើងដាក់ជីលាមកសត្វប្រមាណ ៣ ការុងឬ ៣០ គីឡូក្រាមពីលើចង្អូររងប្រវែង ២០ ម៉ែត្រ រួចកាប់ជ្រោយឱ្យបានសព្វមុនពេលដាំ។
-ការដាក់ជីបំប៉ន
យើងប្រើជីអ៊ុយរ៉េ ២ដងសម្រាប់បំប៉នដើមម្នាស់ឱ្យលូតលាស់ល្អ។ ត្រូវសំអាត ស្មៅឱ្យបានស្អាតជាមុន សិននិងត្រូវដាក់ជីក្រោយភ្លៀងធ្លាក់សម្រាប់រដូវវស្សា។ នៅរដូវប្រាំងយើងត្រូវយកជីអ៊ុយរ៉េចំនួនកន្លះ គីឡូក្រាមលាយទឹក ១ ធុងចំណុះ ២០ លីត្រសម្រាប់កូនម្នាស់មួយរយដើម។ ត្រូវចាក់ស្រោចតាមគល់ កុំឱ្យទឹកជ្រាបចូលក្នុងបណ្ដូលដើមម្នាស់។

៥/. ស្រោចស្រព៖
បើយើងដាំកូនម្នាស់នៅរដូវប្រាំងយើងត្រូវស្រោចទឹកពន្លិចរងក្រោយពីដាំរួចនិងត្រូវស្រោចរៀងរាល់មួយខែម្ដងរហូតដល់ភ្លៀងធ្លាក់។
៦/.កាច់សំអាតខ្នែង៖
ជាធម្មតាពូជម្នាស់ស្រុកយើងពុំសូវឃើញមានខ្នែងកូននៅពេលដែលម្នាស់កំពុងលូតលាស់ទេ។ ប៉ុន្តែយើងត្រូវតែត្រួតពិនិត្យមើលបើឃើញមានខ្នែងត្រូវកាត់ចេញដោយទុកតែដើមមេមួយប៉ុណ្ណោះដើម្បីឱ្យបានផ្លែធំ។
៧/.ជំរុញផ្កា៖
ដើមម្នាស់ អាចចាក់ថ្មស្អុយបានលុះត្រាតែវាមានដើមធំល្អដែលមានស្លឹកលើសពី ២០ ឡើងទៅ។ យកថ្មស្អុយលេខ ១ ចំនួន ៣ខាំលាយជាមួយទឹក១ ធុងចំណុះ ២០ លីត្រ រួចយកទឹកល្បាយ ទាំងនេះចាក់ចូលក្នុងបណ្ដូលដើមម្នាស់ទាល់តែពេញ។ ជាធម្មតាល្បាយទឹកថ្មស្អុយ ២០លីត្រ អាចចាក់ បានបីរងប្រវែង ២០ ម៉ែត្រ ។ក្រោយចាក់ថ្មស្អុយរយៈពេល ៤ ខែ ២០ ថ្ងៃទើបម្នាស់ទុំអាចកាត់ យកលក់បាន៕ សម្រួលអត្ថបទពី៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ៖ ចុះផ្សាយដោយ៖ ភូមិន្ទ



