មកដឹងពីប្រវត្តិសង្ខេប និងគោរមងារមន្ត្រីរដ្ឋបាលខេត្តស្ទឹងត្រែង កាលពីជិត ១០០ឆ្នាំមុន
K
Kosal Por
10 កុម្ភៈ 2021 07:50 AM

ស្ទឹងត្រែង គឺជាខេត្ដមួយ​ដែលស្ថិតនៅភូមិភាគឥសាន្ដ នៃព្រះរាជាណាចក្រកម្ពុជា និង​មាន​ចម្ងាយ​ប្រមាណ​ ៤៨១ ​គី​ឡូ​ម៉ែត្រ​ ពី​រាជ​ធានី​ភ្នំ​ពេញ​។ មានទន្លេ ០៤ហូកាត់ រួមមាន៖ ទន្លេមេគង្គ ទន្លេកុង ទន្លេសាន និងទន្លេស្រែពក ។

ខេត្តនេះមាន ផ្ទៃដី ១១០៩២ ​គីឡូម៉ែត្រការ៉េ មានព្រំប្រទល់ជាប់ខេត្តរតនគិរី មណ្ឌលគិរី ក្រចេះ ព្រះវិហា​រ និងខេត្តកំពង់ធំ ហើយក្នុងនោះក៏មានព្រំប្រទល់ជាប់ខេត្តនៃប្រទេសឡាវ ចំនួនពីរខេត្តផងដែរ គឺខេត្ត​ ចំប៉ាស័ក្ដិ និងអត្តពឺ ។

ខេត្តស្ទឹងត្រែង​មានរឿង​ភ្ជាប់​ទៅ​នឹង​ពង្សាវតា​តាំងពី​យូរលង់​ណាស់​មក​ហើយ រវាង​គ​.​ស​៦០០​ប្លាយ ក្នុង​រាជ​ព្រះបាទ​ឥ​សាន​វ័​រ្ម​ន និង​ព្រះបាទ​ជ័យ​វ័​រ្ម​ន​ក្រុង​កម្ពុជា ចែក​ចេញ​ជា​២​នគរ ។ នគរ​មួយ​មាន​ទីក្រុង​ឈ្មោះ វយ​ធា​បូ​រា (​ភ​វ​បុ​រៈ​) មួយទៀត​ឈ្មោះ​ទីក្រុង ស​ម្ផ​បូ​រា (​ស​ម្ផ​បុ​រៈ​) ខេត្តស្ទឹងត្រែង គឺ​ស្ថិត​ក្នុង​ក្រុង​ទី​២​នេះ ។

នៅ​ឆ្នាំ​១៨១៤ ទ័ព​សៀម​លុកលុយ​ចូល​នគរ​ខ្មែរ​ចាប់តាំងពី​ព្រំ​ខេត្ត​ព្រំ​ទេព​ទៅ​ដល់​ភ្នំ​ដងរែក ទ័ព​សៀម​បន្ត​លុកលុយ​យក​ខេត្ត​ម្លូព្រៃ ខេត្ត​ទន្លេ​ពៅ កាល​នោះទ័ព​សៀម​បាន​ឈ្នះ​សឹក​ដោយ​វាយ​បន្ត​ឆ្លងទន្លេ ហើយ​ចូលលុក​លុយ​យក​ខេត្តស្ទឹងត្រែង​ជា​ថ្មី បញ្ចូល​ទៅ​ក្រុង​សៀម លុះ​ខេត្តស្ទឹងត្រែង​ធ្លាក់​ទៅ​ជា​ខេត្ត​សៀម គ្រានោះ​ព្រះករុណា​ក្រុង​កម្ពុជា​បាន​ផ្តាច់​ការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​លាវ ដោយសារ​ខេត្តស្ទឹងត្រែង​ជារបស់ស្រុក​សៀម ។

បន្ទាប់​ពី​ក្រុង​កម្ពុជា​គំលាត​នៃ​ការ​ទំនាក់ទំនង​ជាមួយ​ប្រទេស​លាវ​យូរ​ឆ្នាំ រហូត​ដល់​ឆ្នាំ​១៨៦៣ គ្រា​ដែល​បារាំង​បាន​មក​តាំង​អាណាព្យាបាល​នៅ​ក្រុង​កម្ពុជា ។ នៅ​ឆ្នាំ​១៨៦៤ ក្រុង​សៀម​ជាប់​សញ្ញា និង​ក្រុង​បារាំងសែស ហើយ​ក្រុង​កម្ពុជា​សៀម​បាន​ប្រគល់​ខេត្ត​ទន្លេ​ពៅ ម្លូព្រៃ ស្ទឹង​ត្រែង​សៀម​ប៉ា​ង ​មក​ឲ្យ​កម្ពុជា​វិញ ទាំងចិត្តមិនចង់ ។

នៅ​ឆ្នាំ​១៨៩៣ បារាំង​បាន​បង្ខំ​សៀម​ បង្វែរ​ខេត្ត​ខ្មែរ​មក​ឲ្យ​ក្រុង​កម្ពុជា​វិញ​ខ្លះ​ដូច​ជា ខេត្តស្ទឹងត្រែង ជាដើម ។ គ្រានោះ​ សៀម​ភិតភ័យ​ចុះ​សិទ្ធិ​សញ្ញា​នៅ​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​១៨៩៣ ដោយ​សុខចិត្ត​លះបង់​ចោល​ដី​ខេត្ត ហើយ​ទឹកដី​ប៉ែក​ត្រើយ​ខាងឆ្វេង​ទន្លេមេគង្គ​ទាំងអស់​ឲ្យ​បារាំងសែស​វិញ ។

ពេល​នោះ​ខេត្តស្ទឹងត្រែង សៀម​ប៉ា​ង ត្រូវ​ចំណុះ​ក្រុង​លាវ ហេតុ​ដូច្នេះ​ក្រុង​សៀម​បាន​ប្រគល់​តែ​ខេត្ត​ទន្លេ​ពៅ និង​ខេត្ត​ម្លូព្រៃ តាម​សិទ្ធិ​សញ្ញា​របស់​បារាំង ចុះ​ថ្ងៃ​ទី​១៣ ខែកុម្ភៈ ឆ្នាំ​១៩០៤ ។ ក្រោយមកមានសន្ធិសញ្ញាបារាំង​ចុះ​ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​១៩១៤ ដាក់​ខេត្តស្ទឹងត្រែង និង​សៀម​ប៉ា​ង​បញ្ចូល​មក​ក្នុង​ក្រុង​កម្ពុជា​វិញ ។ ខេត្ត​ស្ទឹង​ត្រង​ក៏​រើ​កែប្រែ​ថ្មី គឺ​មាន​រាជការ​គ្រប់គ្រង​រដ្ឋបាល​២​ខេត្ត គឺ​ខេត្តស្ទឹងត្រែង​១ និង​ខេត្ត​មូល​ពូ​មោក​១ (​ស្រុក​វ៉ើ​ន​សៃ​) ។

យោងតាមសៀវភៅ​ សាវតារ ទាក់ទងភូមិសាស្ត្រខ្មែរ របស់លោក ឌឹក គាម ឆ្នាំ ១៩៦៨បានឲ្យដឹងថា ក្នុងរជ្ជកាលរបស់ ព្រះបាទ​សម្តេច​ព្រះសិរីមុនី​វរ្ម័ន​ក្រុម​ហ្លួង​ចៅចក្របាងស្ស ស៊ីសុវត្ថិ មុនីវង្ស នាអំឡុងឆ្នាំ ១៩២៧ – ១៩៤១ ដោយមានរៀបរាប់ គោរមងារ របស់សាលាខេត្ត ស្រុកតំបន់ ឃុំ និង ចៅហ្វាយខេត្ត នៃខេត្តព្រៃវែង ដូចតទៅ៖

ចៅហ្វាយខេត្ត៖ ឧកញ៉ាមន្ត្រីជលធារគាមវារិន្ទហិន្ធររដ្ឋវឌ្ឍសក្ដារឿងឫទ្ធិឧត្ដមក្រមពាហុ

ភូឈួយខេត្ត៖ ជកសក្តិសេនា

បាឡាត់ខេត្ត៖ សេនាជលធី

ចៅហ្វាយស្រុកស្ទឹងត្រែង៖ រាជាជលធី

ចៅតំបន់សៀមបូក៖ ភក្ដិសុរិយា

ចៅតំបន់សៀមប៉ាង៖ រក្សាពលខន្ធ

ចៅតំបន់លំផាត់៖ លំផាត់សេនា

ចៅហ្វាយស្រុកវ៉ឺនសៃ៖ អរញ្ញរឿងឫទ្ធិសិទ្ធីសង្គ្រាម

បាឡាត់ស្រុកវ៉ឺនសៃ៖ វិនសៃបរិរក្ស ។

ទាក់ទិន​ទៅ​នឹង​រឿង​ប្រវត្តិសាស្ត្រ​ខាងលើ​ភ្ជាប់​ទៅ​ប្រវត្តិ​ឈ្មោះ​ខេត្ត​មួយ​នេះ​ដែរ ដែល​ពី​ដើម​ឡើយ​គេ​ហៅ​ថា ខេត្ត​សា​ទឹង​ទែង កំណើត​ខេត្ត​នេះ​កើតឡើង​ដោយ​លោក​ស​ង្ឈ​មួយ​អង្គ (​ជា​នេន​លាចាក់​សិក្ខាបទ​) ព្រះ​នាម​ សៀង ប៉េង មក​ពី​ស្រុក​វៀង​ច័ន្ទ បាន​លើក​ដែន​សារ​ទឹង​ទែង​នេះ​ថ្វាយ​មក​ព្រះករុណា​ក្រុង​កម្ពុជា ។ ព្រះករុណា​ក្រុង​កម្ពុជា​ទ្រង់​ទទួល​ដ​ង្វា​យ​នេះ ហើយ​ទ្រង់​បាន​តែងតាំង​លោក ប៉េង ជា​ចៅហ្វាយខេត្ត នៅ​ក្នុង​អំណាច​ព្រះ​ចៅ​ក្រុង​កម្ពុជា ។ ឧកញ៉ា ប៉េង បាន​នាំ​សួយ​សារ​អា​រក​ទៅ​ថ្វាយ​ព្រះ​ចៅ​ក្រុង​កម្ពុជា​បាន​រយៈពេល​៣​ឆ្នាំ ទើប​គិត​ដោះខ្លួន​ចេញពី​អំណាច​ខ្មែរ​បាន​រត់​ចាក់ចោល​ដែន​សារ​ទឹង​ទែង​ទៅ​រស់នៅ​ស្រុក​វ៉ើ​ន​សៃ ។

ក្រោយមក​លើក​ងារ​ចៅហ្វាយខេត្ត​នោះ​បន្ត​ឲ្យ​ទៅ​កូន​ឈ្មោះ ជា ប៉េង​ញ៉ា​សំ ។ ជា ប៉េង​ញ៉ា​សំ ជា​កូន​ឧ​ញ៉ា ប៉េង បាន​រួមគំនិត​ឃុបឃិត​ជាមួយ​រាស្ត្រ​ក្នុង​ខេត្ត​របស់​ខ្លួន​ចូល​ទៅ​ជ្រកកោន​ក្រោម​ម្លប់​ព្រះ​ចៅ​នគរ​សៀម សៀម​បាន​តែងតាំង​ងារ ជា ប៉េង​ញ៉ា​សំ ទៅ​ជា​ចៅ​មឿង សៀង​ទែង ។

ដូច្នេះ​ឈ្មោះ សៀង​ទែង ជា​ភាសា​ឡាវ​ប្រែ​ថា លោក​នេន​ដែល​លាចាក​សិក្ខាបទ​ បាន​កសាង​ឡើង ។ យូរ​មក​ប្រជាជន​ខ្មែរ​យើង​ហៅ​ក្លាយ​នាម​សៀង​ទែង​នោះ​ទៅ​ជា ឈ្មោះ​ស្ទឹង​ត្រែង​វិញ រហូត​មក​ដល់​បច្ចុប្បន្ន គឺ​មាន​ន័យ​ថា ស្រុក​មាន​ស្ទឹង​ដុះ​ស្មៅ​ត្រែង ៕

ដោយ៖ KS

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត