មកដឹងពីប្រវត្តិ និងគោរមងារមន្ត្រីរដ្ឋបាលខេត្តពោធិ៍សាត់ កាលពីជិត ១០០ឆ្នាំមុន
K
Kosal Por
09 កុម្ភៈ 2021 05:04 AM

ខេត្តពោធិ៍សាត់​ គឺជាខេត្តមួយដែលសិ្ថតនៅក្នុងតំបន់ទនេ្លសាប មានទីតាំងនៅទិសបចិ្ចមនៃប្រទេសកម្ពុជា ។ ខេត្តនេះមានផ្ទៃដី ១២៦៩២ គីឡូម៉ែត្រការ៉េ ត្រូវបានបែងចែកជា ០៦​ ស្រុក និងក្រុងចំនួន ០១ ក្នុងនោះមានដូចជា ស្រុកបាកាន ស្រុកកណ្ដៀង ស្រុកក្រគរ ស្រុកភ្នំក្រវាញ ក្រុងពោធិ៍សាត់ ស្រុកវាលវែង និងស្រុកតាលោកសែនជ័យ ។

ផែនទីខេត្តពោធិ៍សាត់
ផែនទីខេត្តពោធិ៍សាត់

នៅ​ក្នុង​វចនានុក្រម​សម្ដេច​សង្ឃរាជ ជួន ណាត ត្រង់​ទំព័រ ៧៧៩ បញ្ជាក់​ថា ពោធិ៍សាត់ គឺ​ជា​ឈ្មោះ​ខេត្ត​មួយ​ក្នុង​កម្ពុជា​រដ្ឋ នៅ​ជាប់​ខាង​កើត​ខេត្ត​បាត់ដំបង។ តាម​ពាក្យ​ដំណាល​ពី​ព្រេងនាយ​ថា មាន​ដើម​ពោធិ៍​តូច​មួយ​រសាត់​ច្រាស​ទឹក​មក​ជា​អស្ចារ្យ​ប្លែក ហើយ​គេ​បាន​ស្រង់​យក​ទៅ​ដាំ​នៅ​កន្លែង​មួយ។

ដោយ​ហេតុ​ដូច្នេះ ទើប​ឲ្យ​ឈ្មោះ​ភូមិ​ប្រទេស​នោះ​ថា ពោធិ៍សាត់ ព្រោះ​ពាក្យ​ថា រសាត់ និង​សាត់ ជា​ពាក្យ​តែ​មួយ​អាច​ប្រើ​ជួស​គ្នា​បាន។ លុះ​សំណេរ​ជា​យូរ​អង្វែង​មក បាន​ក្លាយ​ជា "ពោធិ៍សាត់" រហូត​ដល់​សព្វថ្ងៃ។

សាលខេត្តពោធិ៍សាត់
សាលខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ក៏ជាប់ទាក់ទងជាមួយរឿងព្រេងបុរាណខ្មែរ ដែលមានសេចក្ដីដំណាលថា តាម​ពាក្យ​ពី​ព្រេងនាយ​ដំណាល​ថា មាន​ដើម​ពោធិ៍​មួយ​ដើម​រសាត់​ច្រាស​ទឹក​ដ៏​ប្លែក​អស្ចារ្យ ឃើញ​ដូច្នេះ​អ្នក​ស្រុក​ក៏​នាំ​គ្នា​យក​ខ្សែ​ពួរ​ទៅ​ទាក់​ចង​តែ​មិន​ជាប់ ហើយ​បន្ត​រសាត់​ដល់​កន្លែង​មួយ​ត្រង់​ខាង​មុខ​ទី​ប្រាសាទ​ព្រះខ័ន។ រសាត់​មក​ដល់​ទី​នេះ ព្រះសង្ឃ និង​អ្នក​ស្រុក បាន​រៀបចំ​គ្រឿង​ពលីការ​បូជា​ទៀន ធូប ផ្កាភ្ញី ដោយ​អធិដ្ឋាន​បួង​សួង​សុំ​យាង​ដើម​ពោធិ៍ ដើម្បី​ប្រតិដ្ឋាន​ដាំ​ទុក​នៅ​ទីតាំង​នោះ។

ព្រះសង្ឃ​បាន​យក​ខ្សែ​អំបោះ ៧​សរសៃ​ទៅ​ចង​ដើម​ពោធិ៍​ រួច​ប្រគំភ្លេង​ពិណពាទ្យ​ថ្វាយ​ដើម​ពោធិ៍ ស្រាប់​តែ​ដើម​ពោធិ៍​នោះ ត្រូវ​បាន​អ្នក​ស្រុក​អូស​តាម​ជម្រាល​ដី​ឡើង​ច្រាំង​ខាង​កើត​ប្រាសាទ​ព្រះខ័ន បាន​ដោយ​ងាយ។ អ្នក​ស្រុក​ក៏​ស្រែក​អឺងកង​ឡើង​ថា "បានការ...បានការ" ហើយ​ទួល​នេះ​បាន​ជាប់​ឈ្មោះ "ទួល​បានការ" ត​រៀង​មក ដែល​បច្ចុប្បន្ន​ទួល​នេះ ស្ថិត​នៅ​ខាង​កើត​វត្ត​បាកាន ក្នុង​ទឹកដី​ស្រុក​បាកាន។

ទិដ្ឋភាពទីរួមខេត្តពោធិ៍សាត់
ទិដ្ឋភាពទីរួមខេត្តពោធិ៍សាត់

ដោយសារ​ប្រាសាទ​ព្រះខ័ន មាន​បារមី​ខ្លាំង​ពូកែ និង​បួងសួង​សុំ​កំណប់​ទ្រព្យ​អ្វី​បាន​នោះ ដំណឹង​បាន​លេច​ឮ​ដល់​កងទ័ព​សៀម ដែល​នៅ​ក្បែរ​ព្រំដែន​ស្វាយដូនកែវ និង​ចង់​មក​ជីក​យក​វត្ថុ​មាន​តម្លៃ​ទាំង​នោះ។ អ្នកស្រុក និង​ព្រះសង្ឃ​ក៏​នាំ​គ្នា​លើក​ដី​ពូន​លុប​ប្រាសាទ ក្នុង​បំណង​លាក់​ទុក​អាថ៌កំបាំង​ដោយ​យក​ដើម​ពោធិ៍​ទៅ​ដាំ​លើ​ចំហៀង​កូន​ភ្នំ និង​ប្ដូរ​ឈ្មោះ​មក​ជា "បាកាន" វិញ ដែល​បច្ចុប្បន្ន​គេ​ហៅ​ថា ស្រុក​បាកាន ។

កាល​ពី​ដើម ខេត្ត​ពោធិ៍សាត់ មាន​សក្ដានុពល​សេដ្ឋកិច្ច​សំខាន់ៗ​ចំនួន​បួន គឺ​វិស័យ​កសិកម្ម នេសាទ ការ​ទាញ​យក​អនុផល​ព្រៃឈើ និង​ធនធាន​ថ្មកែវ។

បើផ្អែកលើឯកសារ ភូមិសាស្ត្រ របស់លោក ឌឹក គាម ក្នុងរជ្ជកាលព្រះបាទ ស៊ីសុវត្ថិ មុនីវង្ស ឆ្នាំ ១៩២៧ ដល់ ១៩៤១ រដ្ឋបាលខេត្តពោធិ៍សាត់ ត្រូវបានបែងចែកជា ៣ស្រុកធំៗ​ និងតំប់ចំនួន ០១ ។ ក្នុងចំណោមស្រុក​ និងតំបន់ទាំងនោះ ក៏ត្រូវបានគ្រប់គ្រងដោយមន្ត្រីអជ្ញាធរដែនដី​ ដែលទទួលបានគោរមងារពីព្រះមហាក្សត្រ ទៅតាមឋានានុក្រម ដែលមានដូចខាងក្រោម៖

ចៅហ្វាយខេត្ត៖ ឧកញ៉ាសួគ៌ាលោកឥន្ទ្រាឫទ្ធិវិជិតសក្ដាមហានិគមធរណិន្ទស័ក្តិអគ្គសេនាមហាមាត្យឧត្ដមក្រមពាហុ

ភូឈួយខេត្ត៖ សុគ៌ាសមសក្តិ

បាឡាត់ខេត្ត៖ ពិភ័ក្ដិរឿងឫទ្ធិ

ចៅហ្វាយស្រុកបាកាន៖ សូគ៌ាធិបតី

បាឡាត់ស្រុកបាកាន៖ ពិនិត្យរឿនរង្គ

ចៅហ្វាយស្រុកភ្នំក្រវាញ៖ អរញ្ញធិបតី

ចៅហ្វាយស្រុកក្រគរ៖ ជំនិះសង្គ្រាម

បាឡាត់ស្រុកក្រគរ៖ ពិជិតសង្គ្រាម

ចៅតំបន់ចំណត់៖ អារញ្ញិកសេនា

ដោយ៖ KS

រូបភាពដោយ៖ រដ្ឋបាលខេត្តពោធិ៍សាត់

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត