មកដឹងពីប្រវត្តិ និងគោរមងារមន្ត្រីរដ្ឋបាលខេត្តកំពង់ស្ពឺ កាលពី ១០០ឆ្នាំមុន
K
Kosal Por
06 កុម្ភៈ 2021 06:42 AM

ខេត្តកំពង់សឺ្ព គឺជាខេត្តមួយនៃប្រទេសកម្ពុជា ដែលសិ្ថតនៅក្នុងតំបន់ខ្ពង់រាប មានផ្ទៃដី ៧០១៧ គីឡូម៉ែត្រការ៉េ និងមានព្រំប្រទល់ជាប់ខេត្តចំនួន ០៦ គឺ ខាងជើង ជាប់ខេត្តពោធិ៍សាត់ និង កំពង់ឆ្នាំង ខាងកើងជាប់ខេត្តកណ្ដាល ភាគអាគ្នេយ៍ ជាប់ខេត្តតាកែវ ខាងត្បូងជាប់ខេត្តកំពត និងខាងលិចជាប់ខេត្តកោះកុង ។

យោងតាមឯកសារសាវតានៃខេត្តកំពង់ស្ពឺ ដែលបានរៀបរៀងដោយ រដ្ឋបាលខេត្តបានឲ្យដឹងថា កាលពីដើមឡើយខេត្តកំពង់ស្ពឺ មានឈ្មោះថា «សំរោងទង» ប៉ុន្តែក្រោយមកបានប្តូរជាឈ្មោះ «កំពង់ស្ពឺ» ជាប់រហូតដល់សព្វថ្ងៃ ។ ខេត្ត​កំពង់ស្ពឺ ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​សម័យ​សង្គម​រាស្ត្រ​និយម​នៃ​រជ្ជកាល ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សុរាម្រឹត ដោយ​ព្រះ​រាជ​ក្រម​លេខ ២៤៦ ន.ស. ចុះ​ថ្ងៃ​ទី​១៣ ខែ​មករា ឆ្នាំ​១៩៥៨ ដែល​​បាន​កាត់​ចេញ​ពី​ខេត្ត​កំពត និង​​តាំង​នៅ​កន្លែង​មួយ​ហៅ​ថា «ចាំយាម» ក្នុង​ឃុំ​កោះប៉ោ មាន​ផ្ទៃ​ដី​ទំហំ ៦០៦.៦៤០ ហិកតា និង​មាន​ស្រុក​ចំនួន ២ កាល​ជំនាន់​នោះ គឺ កំពង់សោម និង​កោះកុង។

ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សុរាម្រឹត
ព្រះ​បាទ​សម្តេច​ព្រះ​នរោត្តម សុរាម្រឹត

គេមិនសូវឃើញមានប្រវត្តិលម្អិតអំពីខេត្តកំពង់ស្ពឺប៉ុន្មានឡើយ តែយ៉ាងណាមិញបើតាមការសិក្សាពីចាស់ទុំ ព្រឹទ្ធាចារ្យនៅខេត្តនេះ បានឲ្យដឹងថា មុនសម័យបារាំងដាក់នឹមអាណានិគមត្រួតត្រាប្រទេសកម្ពុជា ខេត្តកំពង់ស្ពឺមានឈ្មោះថា «ខេត្តសំរោងទង» ស្ថិតនៅចំភូមិសំរោងទងសព្វថ្ងៃ និងមានព្រំប្រទល់ខាងកើតត្រឹមថ្នល់បំបែកចោមចៅ ខាងលិចត្រឹមស្ទឹងស្រែខ្លុង ខាងត្បូងត្រឹមស្ទឹងស្លាគូនៃស្រុកត្រាំកក់ ខេត្តតាកែវ និងខាងជើងត្រឹមស្ទឹងក្រាំងពន្លៃ ។

ក្រោយមកពួកបារាំងយល់ឃើញថា ទីតាំងខេត្តសំរោងទងតូចចង្អៀត ដីទំនាបទឹកលិចនៅរដូវវស្សា រីឯរដូវប្រាំងខ្វះទឹកប្រើប្រាស់​ក៏ផ្លាស់ទីតាំងខេត្តទៅតាំងនៅត្រង់​បន្ទាយ​ភូមិភាគ៣សព្វថ្ងៃ​ ​។ បារាំងបានកសាងផ្លូវក្រាលកៅស៊ូមួយខ្សែពីសាលាខេត្តសំរោងទងទៅត្បូងឆ្ពោះទៅផ្សារចាស់សព្វថ្ងៃ និង​ធ្វើស្ពានអំពីឈើសម្រាប់ឱ្យប្រជាជនឆ្លងកាត់ស្ទឹង​ឆ្ពោះទៅផ្សារចាស់ ។ ចំណេរតមក បារាំងបានរើសទីតាំងមួយទៀតធ្វើជាសាលាខេត្តគឺត្រង់ម្តុំស្នាក់ការគណបក្សប្រជាជនកម្ពុជាសព្វថ្ងៃ និងក្រោយពីសាងសង់រួចហើយក៏ដាក់ឈ្មោះថ្មី​ឱ្យ​ខេត្តកំពង់ស្ពឺ ។

តាមការសន្និដ្ឋានរបស់ព្រឹទ្ធាចារ្យមួយចំនួនថា សម័យនោះមូលហេតុបានជាបារាំងដាក់ឈ្មោះខេត្តថ្មីថា «ខេត្តកំពង់ស្ពឺ» ពីព្រោះនៅម្តុំក្បាលស្ពានដែលបារាំងកសាង​គឺសម្បូរទៅ​ដោយ​ព្រៃដើមស្ពឺ ។

មុនពេលបារាំងកសាងស្ពាន ទីនោះគឺជាកំពង់ចម្លងដែលមានដុះដើមស្ពឺច្រើន ។ នៅត្រង់សាលាខេត្តថ្មីដែលបារាំងបានកសាង គឺមានវត្តមួយឈ្មោះថា «វត្តអន្លង់ចាំហែ» ។ នៅពេលបារាំងកសាងសាលាខេត្ត ក៏បញ្ជាឱ្យវត្តអន្លង់ចាំហែរុះរើទៅសាងសង់ថ្មីនៅត្រង់វត្តម្រុំសព្វថ្ងៃ ហើយប្រជាជនដាក់ឈ្មោះវត្តថ្មីថា «វត្តម្រុំ» វិញរហូតមកដល់សព្វថ្ងៃ ។ សព្វថ្ងៃវត្តម្រុំមានពីរគឺ វត្តម្រុំជើង និងវត្តម្រុំត្បូង ។

ពេលនោះបារាំងចាប់ផ្តើមកំណត់ព្រំប្រទល់របស់ខេត្តកំពង់ស្ពឺម្តងទៀត គឺខាងកើតត្រឹមថ្នល់ទទឹង ខាងលិចត្រឹមស្ពានអូរគគីរ ខាងជើងត្រឹមស្ទឹងក្រាំងពន្លៃ ខាងត្បូងត្រឹមផ្លូវជាតិលេខ៣ត្រឹមស្ទឹងស្លាគូ ជាប់ស្រុកត្រាំកក់ ខេត្តតាកែវ ។

នៅរដ្ឋការបារាំង ខេត្តកំពង់ស្ពឺបានបែងចែកជា ០៤ ស្រុក និងគ្រប់គ្រងដោយមន្ត្រីដែលទទួលតាមគោរមងារពីមហាក្សត្រ ទៅតាមឋានានុក្រម មានដូចតទៅ៖

ចៅហ្វាយខេត្ត៖ ឧកញ៉ាឧទយោធិរាជបុរន្តគាមរាមឫទ្ធិស័ក្ដិបព្វតាវ័នឧត្ដមក្រមពាហុ

ភូឈួយខេត្ត៖ អធិរាជឧទ័យ

បាឡាត់ខេត្ត៖ ជំនិតអធិរាជ

ចៅហ្វាយស្រុកសំរោងទង៖ អធិរាជវង្សា

បាឡាត់ស្រុកសំរោងទង៖ វង្សាធិរាជ

ចៅហ្វាយស្រុកគងពិសី៖ វង្សាសមសក្តិ

បាឡាត់ស្រុកគងពិសី៖ ពិភ័ក្ដិសមសក្តិ

ចៅហ្វាយស្រុកថ្ពង៖ រាជាសង្គ្រាម

ចៅហ្វាយស្រុកភ្នំស្រួច៖ វង្សាឧទ័យ ៕

ដោយ៖ KS

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត