
បន្ទាប់ពីចុះសន្ធិសញ្ញាអាណាព្យាបាលបារាំងឆ្នាំ ១៨៦៣ លើកម្ពុជារួចមក បារាំងបានធ្វើការកំណែទម្រង់រដ្ឋបាល នឹងរឹតបន្តឹងអំណាចរបស់ខ្លួននៅកម្ពុជា ព្រមទាំងធ្វើការពង្រីករបបគ្រប់គ្រង និងអាណាព្យាបាលរបស់ខ្លួននៅក្នុងប្រទេសកម្ពុជាតាមរយៈសន្ធិសញ្ញារបស់ខ្លួន។

ពេលនោះស្ថានភាពរបស់ប្រជាជននៅក្រោមអាណាព្យាបាលបារាំង គឺមានភាពលំបាកខ្លាំង ដោយសារតែការទារពន្ធអាករ ហួសពីលទ្ធភាព ។ ដើម្បីបង់ពន្ធជាប្រាក់កាសឲ្យបារាំង ប្រជាកសិករខ្មែរបានខិតខំពង្រីកដំណាំឧស្សាហកម្មរបស់ខ្លួន(កៅស៊ូ) ព្រមទាំងពង្រីកដំណាំដទៃទៀតមានដូចជា ស្រូវ ពោត សណ្ដែក ។ល។ ប៉ុន្តែទិន្នផលដំណាំមិនសូវល្អទេ។ ផលស្រូវក្នុងមួយហិចតាបានត្រឹមតែ១ តោន ទៅ ១,២ តោនប៉ុណ្ណោះ។ ដូចនេះហើយកសិករមានជីវភាពក្រីក្រលំបាក ហើយក៏ក្លាយទៅជាអ្នកជាប់បំណុលពួកឈ្មួញកណ្ដាល និងឈ្មួញបរទេស។
ហេតុដូចនេះហើយទើបមានការបោះបោរចំពោះពួកបារាំងជាច្រើនលើកជាច្រើនសារទើបអាចទទួលបានឯករាជ្យពេញលេញនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣នេះរា

សន្ធិសញ្ញាឆ្នាំ១៨៦៣ បានបង្ហាញថាបារាំងតែងមានប្រៀប មានអំណាចច្រើនជាងម្ចាស់ប្រទេសមាតុភូមិកម្ពុជាទៅទៀត ចំណែកឯអនុសញ្ញាឆ្នាំ ១៨៨៤វិញ គឺបានបញ្ជាក់ឲ្យឃើញថា រាល់គ្រប់មាត្រា ទាំងអស់នៅក្នុងអុនសញ្ញានោះគឺសុទ្ធតែបានបង្ហាញពីអំណាចរបស់រាជរដ្ឋាភិបាលបារាំងគឺអាចមានសិទ្ធិគ្រប់គ្រងលើប្រទេសខ្មែរទាំងមូល។
មាត្រាខ្លះក្នុងចំណោមមាត្រាទាំងអស់នៃកិច្ចព្រមព្រៀងលើអនុសញ្ញាឆ្នាំ ១៨៨៤ មានខ្លឹមសារដូចជា៖
-ព្រះមហាក្សត្រត្រូវទទួលស្គាល់ជាមុន នូវកំណែទម្រង់ផ្នែករដ្ឋបាល តុលាការ ហិរញ្ញវត្ថុ និងពាណិជ្ជកម្មដែលសាធារណរដ្ឋបារាំងយល់ថាគួរតែធ្វើក្នុងអនាគតកាល។
-ក្នុងការគ្រប់គ្រងខេត្ត និងក្រសួងនានា មន្ត្រីខ្មែរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបារាំង។ ឯក្រសួងគយ ពន្ធដារ ក្រសួងសាធារណការ និងក្រសួងឯទៀតដែលប្រើវិស្វករ បានត្រូវបារាំងកាន់កាប់ដោយផ្ទាល់។
-រដ្ឋាភិបាលបារាំងអាចតែងតាំងរេស៊ីដង់ និងរេស៊ីដង់រង ឲ្យត្រួតពិនិត្យមន្ត្រីខ្មែរនៅតាមទីរួមខេត្ត។
-ខេត្តដែលពីមុនមកមានចំនួន ៥៧ ត្រូវបង្រួមមកត្រឹម ៥០ ហើយមានចែកជាស្រុក និងឃុំ។
-ចំណាយទាំងឡាយរបស់រាជការខ្មែរ និងរបស់រដ្ឋការអាណាព្យាបាលបារាំងជាបន្ទុករបស់ប្រទេសកម្ពុជា។
-ព្រះរាជាត្រូវទទួលប្រាក់បៀវត្សដែលមានកម្រិតជាក់លាក់ ហើយមិនអាចខ្ចីប្រាក់ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលបារាំងឡើយ។
-ដីធ្លីក្នុងព្រះរាជាណាចក្រទាំងមូល ពីដើមជាកម្មសិទ្ធិរបស់ព្រះមហាក្សត្រ ឥឡូវពួកអាជ្ញាធរបារាំង និងខ្មែរអាចរៀបចំឲ្យមានកម្មសិទ្ធិឯកជនខាងដីធ្លី។
-ក្រុងភ្នំពេញ ត្រូវស្ថិតនៅក្រោមការត្រួតត្រារបស់ទេសាភិបាលជាន់ខ្ពស់របស់បារាំង។ ទេសាភិបាលជាប្រធានក្រុមប្រឹក្សារាជធានី ដែលមានសមាសភាព ១២ រូប ក្នុងនោះជនជាតិបារាំង ៦ រូប ខ្មែរ ៣ រូប វៀតណាម ១ រូប ចិន ១ រូប និង ចាម ១ រូប។

ការណ៍ទាំងនេះបានធ្វើឲ្យព្រះរាជា ពួកនាម៉ឺនមន្រ្តី ប្រជារាស្រ្តខ្មែរទាំងអស់បាននាំគ្នាបះបោរតវ៉ាទៅនឹងពួកបារាំងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទីកន្លែង។ ការបោះបោរនោះបានក្លាយទៅជាសង្រ្គាមប្រជាជាតិខ្មែរទាំងមូលប្រឆាំងនឹងអាណានិគមបារាំងអស់រយៈពេល ២៦ខែ (វិច្ឆិកា ១៨៨៥ – មករា ១៨៨៧)។
ការតស៊ូរបស់អ្នកស្នេហាជាតិខ្មែរបានធ្វើឲ្យអាជ្ងាធរបារាំង នឹងទាហានបារាំងទទួលបានការខូចខាតយ៉ាងដំណំ។ ក្រោមមកបារាំងក៏សុំចរចារនឹងអ្នកតស៊ូខ្មែរ ដោយព្រមប្រគល់អំណាចទៅឲ្យព្រះរាជាវិញ ហើយរាល់កិច្ចការរដ្ឋទាំងអស់ត្រូវប្រគល់មកឲ្យខ្មែរ ព្រមទាំងប្រគល់បណ្តាខេត្តនានាឲ្យទៅអាជ្ងាធរខ្មែរវិញ លើកលែងតែខេត្តកំពត កំពង់ធំ ពោធិសាត់ និងខេត្តក្រចេះប៉ុណ្ណោះដែលនៅស្ថិតក្រោមការគ្រប់គ្រងរបស់បារាំងដដែល។

នៅឆ្នាំ ១៩០៤ ព្រះបាទនរោត្តមបានសោយទិវង្គត់ ហើយបន្ទាប់ពីទ្រង់បានសោយទិវង្គត់ទៅ ពួកបារាំងបានផ្ទេររាជបល្លិង្កបន្តទៅឲ្យព្រះអនុជរបស់ព្រះបាទនរោត្តមគឺ ព្រះបាទស៊ីសុវត្ថិ ជាខ្សែររាជវង្សដែលបារាំងគិតថាមិនសូវរឹងទទឹង ជ្រុលនិយមដូចខ្សែររាជវង្ស នរោត្តម។
អស់រយៈពេលមិនបានយូរប៉ុន្មានផង ក៏កើតមានចលនាតស៊ូប្រឆាំងនឹងពួកបារាំងជាបន្តបន្ទាប់ រហូតដល់មានចលនាតស៊ូដើម្បីឯករាជ្យជាតិ និងសន្ធិសញ្ញាក្រុងសឺណេវ ឆ្នាំ១៩៥៤។

នៅក្នុងប្រទេសកម្ពុជា ចលនាស៊ូដើម្បីឯករាជ្យជាតិ ចែកចេញជា២ផ្សេងគ្នា គឺ ការតស៊ូដដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការគាំទ្រពីសំណាក់កងទ័ពវៀតមិញ និងការតស៊ូដោយសន្តិវិធីតាមនយោបាយការទូត ដឹកនាំដោយសម្តេចព្រះបាទនរោត្តមសីហនុ ព្រះបរមរតនៈកោដ្ឋ។

នៅចុងឆ្នាំ ១៩៤៤ បក្សកុំម្មុយនីស្តឥណ្ឌូចិន បានចាប់ផ្តើមបង្កើតទ័ពជាតិនៅប្រទេសវៀតណាម។ នានិទាឃរដូវ ឆ្នាំ១៩៤៥ បានចាប់ផ្តើមធ្វើបាតុកម្មនៅក្នុងតំបន់រំដោះនៃប្រទេសកម្ពុជា ដែលធ្វើឲ្យមានការផ្ទុះបោះបោរយ៉ាងខ្លាំង។ នៅឆ្នាំ ១៩៤៧-១៩៤៨ ដោយបានទទួលការគាំពារពីកងទ័ពរណសិរ្សវៀតណាម ខ្មែរឥស្សរៈក៏បានកសាងមូលដ្ឋានទ័ពខ្លួននៅកម្ពុជា។ ចុងឆ្នាំ១៩៤៩ ទ័ពឥស្សរៈបានពង្រីកផ្ទៃដីកាន់កាប់របស់ខ្លួនគឺ១/៣នៃផ្ទៃប្រទេសទាំងមូល។

ដោយប្រទះឃើញយ៉ាងដូច្នេះ ព្រះបាទនរោត្តមសីហនុ និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅឆ្នាំ ១៩៤៩ ដែលមានអត្ថន័យថា ព្រះរាជាណាចក្រកម្ពុជាជារដ្ឋឯករាជ្យមួយស្ថិតក្នុងសហព័ន្ធឥណ្ឌូចិនបារាំង។ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ព្រះបាទនរោត្តមបានធ្វើព្រះរាជដំណើរទៅកាន់ប្រទេសបារាំង ដោយសន្យាជាមួយរាស្ត្រខ្មែរថា នឹងទាមទារឯករាជ្យយ៉ាងពេញបូរិបូរណ៍ជូនប្រជាជាតិខ្មែរឲ្យបាន។

នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ១៩៥៣ កម្ពុជាបានផ្ញើសេចក្តីប្រកាសទៅកាន់បារាំងពីអំណាចទាំងឡាយដែលខ្មែរទាមទារពីបារាំង។ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ ១៩៥៣ បារាំងបានធ្វើការចរចារជាមួយខ្មែរ តាមរយៈការចុះហត្ថលេខានៃការព្រមព្រៀង បារាំង-ខ្មែរ ដោយមានការផ្ទេរអំណាចផ្នែកយុត្តិធម៌ និងនគរបាលមកឲ្យខ្មែរវិញ។

ដល់ថ្ងៃ ១៧ ខែតុលា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខាមួយទៀតស្តីពី ការប្រគល់អធិបតេយ្យភាពខាងផ្នែកយោធាកម្ពុជាទាំងមូល។ នៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ព្រះបាទនរោត្តមសីហនុបានយាងចូលរាជធានីភ្នំពេញវិញ ប្រកបដោយស្នូរសំលេងទះដៃ និងសំលេងអឺងកងសាទរចំពោះការទាមទារឯករាជ្យជូនជាតិមាតុភូមិតាមការសន្យារបស់ព្រះអង្គ ដែលស័ក្ដិសមជាបិតាឯករាជ្យជាតិ និងវីរៈបុរសជាតិ។ នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ គឺជាថ្ងៃ ប្រកាសឯករាជ្យនៃប្រទេសកម្ពុជា ដែលខ្មែរយើងតែងតែប្រារព្ធធ្វើពិធីបុណ្យរំលឹកខួបនេះជារៀងរាល់ឆ្នាំ ៕

ស្រាវជ្រាវ និងរៀបរៀងដោយ៖ KS


