
ក្នុងសង្គមខ្មែរដែលមានប្រជាជនប្រមាណ៩៥%ដែលគោរពព្រះពុទ្ធសាសនា តែងបានលឺពាក្យនេះជាញឹកញាប់។ ពេលចាស់ៗនិយាយទូន្មានទៅកាន់កូនចៅកុំឱ្យចង់ឈ្នះចង់ចាញ់គ្នា ពួកគាត់តែងប្រើពាក្យ ”ចាញ់ជាព្រះឈ្នះជាមារ” នេះជាការស្ដីដាស់តឿនកូនចៅ។

ពាក្យថា ចាញ់ជាព្រះ គឺសំដៅដល់ព្រះសម្មាសម្ពុទ្ធសមណគោតមបរមគ្រូនៃយើងដែលព្រះទ្រង់បរិព្វានទៅហើយ ឯពាក្យថា ឈ្នះជាមារ គឺសំដៅដល់ទេវបុត្តមារជាស្តេចនៃទេវតា ក្នុងឋាននិម្មានរតី ទេវលោកជាន់ទី៥ ដែលកាលណោះស្ដេចមារមានចិត្តបាបមិនពេញចិត្តនឹងព្រះពុទ្ធរួមទាំងភិក្ខុសង្ឃទាំងឡាយ។ ចាញ់ជាព្រះឈ្នះជាមារ ដូនតាខ្មែរនិយាយអប់រំកូនចៅឱ្យចេះអត់ធន់ខន្ដី កុំឱ្យប្រើហឹង្សាក្នុងការដោះស្រាយជម្លោះ វាអាចបង្កឱ្យមានគ្រោះថ្នាក់ផ្សេងៗ។
ដូនតាខ្មែរនិយាយថាចាញ់ជាព្រះ គាត់ចង់សំដៅថាព្រះពុទ្ធមិនដែលតបតនឹងបុគ្គលណាដែលប្រទូសនឹងព្រះអង្គឡើយ ហើយព្រះអង្គគង់នៅស្ងៀមប្រកបដោយចិត្តស្ងប់ជានិព្វានសុខ និងព្រះទ័យមេត្តា ករុណាមុទិតា ឧបេក្ខា។ ឯពាក្យថាឈ្នះជាមារ គឺសំដៅថាស្ដេចមារតែងចង់ឈ្នះព្រះពុទ្ធជានិច្ច ជាបុគ្គលមានចិត្តក្ដៅ ច្រណែននឹងមិនគោរពកោតខ្លាចព្រះសម្មាសម្ពុទ្ធឡើយ។ ប៉ុន្តែពាក្យថា ចាញ់ជាព្រះឈ្នះជាមារ នេះគឺមិនត្រូវទេ បើសិក្សាក្នុងគម្ពីរព្រះត្រៃបិដកពីពុទ្ធជ័យទាំង៨ប្រការគឺព្រះពុទ្ធមិនដែលចាញ់ឡើយ។ ពុទ្ធជ័យទាំង៨ប្រការមានដូចតទៅ៖

១/ ព្រះមុនិន្ទលោកាចារ្យ ផ្ចាញ់ក្រុងមារចិត្តមោហន្ធ និម្មិតដៃមួយពាន់ កាន់សស្ត្រាវុធនានា ។ ដោយធម្មពិធី ទានបារមីជាប្រធាន ក្រុងមារចាញ់ទ្រង់ញាណ ប្រណម្យកាយថ្វាយវន្ទា។

២/ ព្រះមុនិន្ទពិននាយក ផ្ចាញ់អាឡវកយក្សឃោឃៅ រឹងរូសមិនតាំងនៅ ក្នុងខន្តីគុណសត្យា ។
ដោយព្រះពិធីញាណ ទ្រង់ទូន្មានដោយខន្តី ញ៉ាំងចិត្តអសុរី ឲ្យបង់ព្យុសចុះវន្ទា ។

៣/ ព្រះមុនិន្ទពិនជិនស្រី ផ្ចាញ់ដំរីឈ្មោះនាឡា គីរីវរគជា ដ៏ហានក្លាចុះព្រេងព្រិច ។ ដោយព្រះពិធីស្រប់ ស្រោចទឹកអប់គឺបារមី មេត្តាព្រះជិនស្រី ញ៉ាំងដំរីឲ្យជ្រះថ្លា ។

៤/ ព្រះមុនិន្ទពិនលោកត្រៃ មានព្រះទ័យធ្វើបាដិហារ្យ ផ្ចាញ់ចោរអង្គុលីមាល៍ មានកម្រងគឺម្រាមដៃ ។ កាន់ដាវងាគ្រវី ដេញព្រះមុនីសាស្តាចារ្យ ចម្ងាយផ្លូវកន្តារ កណ្តាលព្រៃបីយោជនា ។

៥/ ព្រះមុនិន្ទមានព្រះភាគ ផ្ចាញ់ទ្រុស្តពាក្យនាងចិញ្ចា អំពើធ្វើដូចជា ស្រ្តីមានគភ៌ចាស់ចើសពោះ ។ រម្ងាប់ពាក្យចណ្ឌាល នាកណ្តាលជនប្រុសស្រី ចិញ្ចាចាញ់បារមី គឺសច្ចំពាក្យសត្យា។

៦/ ព្រះមុនិន្ទពិនអ្នកប្រាជ្ញ រុងរឿងស្ងាចដោយបញ្ញា ផ្ចាញ់សច្ចកៈជា និគ្រន្ថក្រៅពុទ្ធវិន័យ ។ បង្កើតមួរងងឹត ដោយពោលឥតពាក្យទៀងត្រង់ ព្រះទ្រង់កំចាត់បង់ ដោយប្រទីបគឺបញ្ញា ។

៧/ ព្រះមុនិន្ទពិនទ្រង់ញាណ ញ៉ាំងមោគ្គលានមានអំណាច ឲ្យប្លែងជានាគរាជ ទៅទូន្មានព្យុសន៍ភូជង្គ ។ គឺឲ្យឧបទេស ឫទ្ធិវិសេសដល់មោគ្គលាន ឫទ្ធិនាគអន្តរធាន ឱនចុះចាញ់ព្រះចេស្តា ។

៨/ ព្រះមុនិន្ទពិនគោតម ផ្ចាញ់មហាព្រហ្មឈ្មោះពកា សំគាល់ថាអាត្មា រុងរឿងដោយគុណបរិសុទ្ធ ។ ទ្រង់ឈ្នះដោយវិធី ឱសថវីសេសសម្រាន្ត ផ្សំត្រូវគាប់សន្តាន គឺព្រះញាណប្រោសទេសនា។
ព្រះពុទ្ធឈ្នះមារតែព្រះអង្គមិនយកអាវុធយុទ្ធភណ្ឌមានដាវ លំពែង ជាដើមទៅច្បាំងនឹងស្ដេចមារដែលមានសេនាដ៏ច្រើននោះទេ តែព្រះអង្គឈ្នះមារដោយបារមីធម៌។ តាមរយៈការសិក្សាគម្ពីរព្រះត្រៃបិដកឱ្យស៊ីជម្រៅទៅ គឺព្រះពុទ្ធមិនដែលចាញ់ឡើយ។ សូមបុគ្គលអ្នកដែលនិយាយពាក្យខាងលើមេត្តាគិតឡើងវិញ ព្រោះវាហាក់ដូចជាបង្អាប់បង្អន់ព្រះសម្មាសម្ពុទ្ធបរមគ្រូនៃយើងអីចឹង ដែលការពិតព្រះអង្គមិនដែលចាញ់បុគ្គលប្រទូសដែលពោពេញដោយចិត្តបាបឡើយ។
ដោយ៖ ឥន្ទ្រីយ៍សិល៌្ប១៣៨
ឯកសារយោង៖ គម្ពីរព្រះត្រៃបិដក =>សុត្តន្តបិដក =>មជ្ឍិមនិកាយ (ភាគទី២២, ទំព័រ ៦១ និងទំព័រ ៨៨)


