លឹម ផាន់ណា៖ “ដើម្បីតែងកំណាព្យ ឬរឿងខ្លីបានល្អ តើមានធាតុផ្សំអ្វីខ្លះ?” (មានវីដេអូ)
ភូមិន្ទ
04 កុម្ភៈ 2021 08:17 AM

កញ្ញា លឹម ផាន់ណា គឺជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរ និងជាអ្នកនិពន្ធវ័យក្មេងដ៏មានទេពកោសល្យនិងស្នាដៃមួយរូប ហើយមានភាពលេចធ្លោក្នុងការក្លាយជាម្ចាស់ជ័យលាភីក្នុងការប្រកួតប្រជែង ទាំងផ្នែកកំណាព្យ ប្រលោមកំណាព្យ និងផ្នែករឿងខ្លី។ ខណៈនេះ ដើម្បីឱ្យកាន់តែជ្រាបច្បាស់ក្នុងរឿងនេះ SBM News នឹងនាំអារម្មណ៍លោកអ្នកមកស្ដាប់ការចែករំលែករបស់កញ្ញា  ថាតើ “ដើម្បី តែងកំណាព្យ ឬរឿងខ្លីល្អមួយ គួរមានធាតុផ្សំអ្វីខ្លះ?”

 ១/. កំណាព្យ៖ 

ដើម្បីតែងកំណាព្យមួយបានល្អ អ្នកនិពន្ធត្រូវ សិក្សាឈ្វេងយល់ពីក្បួនតែងកាព្យ ទៅតាមមេកាព្យនីមួយៗឱ្យបានច្បាស់ ដូចជាចំណាប់ចុងចួន ចង្វាក់​និងបរិយាកាសបទនីមួយៗជាមុនសិន។ បន្ទាប់មកត្រូវធ្វើការហ្វឹកហាត់តែងជាប្រចាំ រួមទាំងត្រូវអានស្នាដៃរបស់កវីមុនៗឱ្យបានច្រើន ដើម្បីកត់ចំណាំនូវពាក្យពេចន៍ចួន ផ្ទួន រណ្ដំ បែបរូបារម្មណ៍មួយចំនួន។ និងចំនុចមួយទៀតគឺត្រូវតែពូកែសង្កេតពីមនុស្ស សត្វ រុក្ខជាតិ និងបរិកាសនៃធម្មជាតិទាំងអស់ ហើយយកវត្ថុ និងសកម្មភាពទាំងនោះ មកតែងបញ្ជូលក្នុងកាព្យដើម្បីឱ្យកាន់តែពីរោះរណ្ដំ មានន័យខ្លឹមសារ​និង បង្កប់នូវតម្លៃឧត្ដមគតិសម្រាប់អ្នកអាន។ 

២/. រឿងខ្លី៖ 

ដើម្បីនិពន្ធរឿងខ្លីមួយបានល្អ ក៏មិនខុសគ្មាប៉ុន្មានពីការតែងកំណាព្យដែរ គឺលោកអ្នកត្រូវតែជាមនុស្សពូកែសង្កេតពិនិត្យ និងសិក្សាឈ្វេងយល់ពីទ្រឹស្ដីអក្សរសិល្ប៍ឱ្យបានច្បាស់លាស់ អានស្នាដៃអ្នកដទៃឱ្យបានច្រើន ហើយចាប់ផ្ដើមហ្វឹកហាត់សរសេរ ធ្វើយ៉ាងណាឱ្យស្នាដៃនោះបង្កប់នូវអត្ថន័យ អត្ថរូប អត្ថរស និងមានតម្លៃសម្រាប់អ្នកអាន។  

ទន្ទឹមនឹងក្ដីសង្ឃឹមថាវប្បធម៌ អក្សសិល្ប៍ខ្មែរ និងពណ្ណរាយវិសាលភាពក្រោមការខិតខំប្រឹងប្រែងថែរក្សាឱ្យតម្លៃពីកុលបុត្រខ្មែរហើយនោះ កញ្ញា លឹម ផាន់ណា ក៏ត្រៀមនឹងចេញផ្សាយស្នាដៃរបស់ខ្លួនជាបន្តបន្ទាប់ផងដែរ មានដូចជាការបោះពុម្ពផ្សាយស្នាដៃជាសៀវភៅប្រលោមលោកនិង ស្នាដៃអត្ថបទភាពយន្ដជាដើម៕

ដោយ៖ ភូមិន្ទ

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត