
ខេត្តស្វាយរៀង ជា ខេត្តមួយ ស្ថិតនៅភាគអាគ្នេយ៍ នៃប្រទេសកម្ពុជា ។ ខេត្តនេះមានរាងជាចំពុះទារ លយចូលទៅប្រទេសវៀតណាម ហេតុដូច្នេះហើយទើបខេត្តស្វាយរៀងមានព្រំប្រទល់ជាប់តែខេត្តព្រៃវែងមួយប៉ុណ្ណោះ ក្រៅពីនេះជាប់ជាមួយដែនប្រទេសវៀតណាម។
ខេត្តស្វាយរៀងមានផ្ទៃដីទំហំ ២៩៦៦ គីឡូម៉ែត្រការ៉េ ដោយបែងចែកជាស្រុកចំនួន ០៦ និងក្រុង ០២ មានដូចជា ក្រុងស្វាយរៀង, ក្រុងបាវិត, ស្រុកស្វាយទាប, ស្រុកស្វាយជ្រំ, ស្រុករមាសហែក, ស្រុករំដួល, ស្រុកកំពង់រោទិ៍ និងស្រុកចន្រ្ទា ។

យោងតាមឯកសារប្រវត្តិខេត្តស្វាយរៀង ដែលស្រាវជ្រាវ ចងក្រងដោយ ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ដស្វាយរៀង បោះពុម្ពផ្សាយ នៅខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា ខេត្តស្វាយរៀងបានបង្កើតឡើងក្រោមការសិក្សាប្រជាសាស្រ្ត ភូមិសាស្រ្ត និងគូសវាសផែនទីដោយក្រុមលេខាគណិតបារាំងរួចមក អគ្គទេសាភិបាលបារាំងប្រចាំភ្នំពេញ អមដោយសេនាបតីរាជការខ្មែរជាន់ខ្ពស់ មានក្រសួងមហាផ្ទៃ ក្រសួងពន្ធដារ និងឧកញ៉ាសេនាបតី តំណាងព្រះមហាក្សត្រខ្មែរ ។

ព្រះបាទស៊ីសុវត្ថិ បានបើកការប្រជុំពិគ្រោះកិច្ចការបង្កើតខេត្ដថ្មីនេះ នៅថ្ងៃទី២ ខែមេសា ឆ្នាំ១៩២២ ។ ពេលនោះ មន្ត្រីអ្នកមុខអ្នកការជាន់ខ្ពស់ បានឯកភាពរៀបចំរាជការថ្មី ស្របតាមសភាពការណ៍ដែលបារាំង ត្រូវការរៀបចំសម្រាប់ធ្វើការអភិវឌ្ឍទីក្រុង ទីរួមខេត្តនានា ឲ្យដូចនៅស្រុកបារាំង ។ ព្រះមហាក្សត្រខ្មែរ ព្រះអង្គបានឯកភាពលើសំណូមពរនេះ និងព្រះអង្គបានចេញព្រះរាជប្បញ្ញត្ដិលេខ ៤៩ ចុះថ្ងៃទី០៩ ខែមេសា ឆ្នាំ១៩២២ ត្រាស់បង្គាប់បង្កើតខេត្ដស្វាយរៀង ។
តាមរយៈព្រះរាជប្បញ្ញត្តិនេះ ខេត្ដស្វាយរៀង ត្រូវបានបង្កើតឡើង ដោយការរួមបញ្ចូលគ្នា នៃខេត្ដចំនួនបី គឺខេត្ដរំដួល ខេត្ដរមាសហែក និងខេត្ដស្វាយទាប ។ ខេត្ដរំដួល ប្ដូរជាស្រុករំដួល ខេត្ដរមាសហែក ប្ដូរទៅជាស្រុករមាសហែក និងខេត្ដស្វាយទាប ប្ដូរទៅជាស្រុកស្វាយទាប ចំណុះឲ្យខេត្ដស្វាយរៀងវិញ ។ ការរៀបចំជាខណ្ឌនេះ គឺយកតាមលំនាំរាជការបារាំង មានខណ្ឌ សង្កាត់ជាដើម ។ ក្នុងនោះខណ្ឌ ចែកចេញជាស្រុក ហើយស្រុក ចែកចេញជាឃុំ ។

នាឆ្នាំ ១៩២២ នោះ ខេត្តស្វាយរៀងមានស្រុកសរុបទាំងអស់ ០៤ ព្រមទាំងបានគ្រប់គ្រងដោយមន្ត្រីអជ្ញាធរដែនដី ដោយទទួលបានការប្រទានគោរមងារពីព្រះមហាក្សត្រ ដែលមានក្នុងមានដូចតទៅ៖
ចៅហ្វាយខេត្ត៖ ឧកញ៉ាលីចក្រីអធិបតីធរណិន្ទឥន្ទ្រារក្សពិភ័ក្ដិរដ្ឋាឧត្ដមក្រមពាហុ
ភូឈួយខេត្ត៖ ពិភ័ក្ដិចក្រី
បាឡាត់ខេត្ត៖ ស្នេហាចក្រី
ចៅហ្វាយស្រុករំដួល៖ បំរុងចក្រី
បាឡាត់ស្រុករំដួល៖ ជំនិតចក្រី
ចៅហ្វាយស្រុកស្វាយទាប៖ ជយោសង្គ្រាម
បាឡាត់ស្រុកស្វាយទាប៖ ឫទ្ធីសង្គ្រាម
ចៅហ្វាយស្រុករមាសហែក៖ គាមវ័នពិភ័ក្ដិ ៕
ដោយ៖ KS


