
កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡាគឺជាឯកសារដ៏ពិសិដ្ឋមួយនៃប្រវត្តិសាស្រ្តខ្មែរយើង គ្រាដែលលោកធ្វើដំណើរមកកាន់ទឹកដីអង្គរនាខែ សីហា ឆ្នាំ ១២៩៦។ កាលពីភាគមុនៗ លោកអ្នកប្រហែលជាបានជ្រាបរួចមកហើយ ពីកំណត់ហេតុរបស់ជនជាតិចិនរូបនេះ ដែលមានការបកប្រែនិងចុះផ្សាយជាបន្ដបន្ទាប់ ដោយអ្នកស្រាវជ្រាវនិងអ្នកអក្សរសាស្រ្តខ្មែរ។ ខណៈនេះ លោកអ្ន្កកនឹងទទួលជ្រាបបន្តជាមួយ SBM News នូវភាគ៨ ដកស្រង់ចេញពីឯកសារ "លី ធាមតេង៖ កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា បោះពុម្ពផ្សាយឆ្នាំ១៩៧៣" ស្ដីពី “ជំងឺស្រែង” ដូចតទៅនេះ៖

ភាគ ៨
ជំងឺស្រែង
អ្នកស្រុកមានកើតជំងឺស្រែងច្រើនគ្នាណាស់ មកពីគេចូលចិត្ដមុជត្រាំក្នុងទឹក ហើយឧស្សាហ៍លាងសក់ក្បាល តែងមាន កើតជំងឺស្រែងច្រើនណាស់។ នៅតាមផ្លូវធ្លា ពួកនេះមិនសូវអៀនខ្មាសទេ។ ខ្ញុំឮគេថា ពួកទាំងនេះតែគេរួមរ័កគ្នាភ្លាម គេចុះទៅងូតទឹកហើយ ដូច្នេះតែងមានជំងឺមួល បណ្ដាលឲ្យស្លាប់អស់៨-៩ នាក់ដែរ ក្នុងបណ្ដាមួយពាន់នាក់។ នៅទីផ្សារ មានលក់ថ្នាំសម្រាប់កែរោគដែរ តែមិនដូចថ្នាំចិនទេ មិនដឹងជាថ្នាំអ្វីឡើយ ថែមទាំងមានគ្រូមន្ដអាគមដើរព្យាបាលរោគឲ្យគេ ជាការគួរអស់សំណើចណាស់៕

ដកស្រង់ចេញពីឯកសារ "លី ធាមតេង៖ កំណត់ហេតុរបស់ ជីវ តាក្វាន់ អំពីប្រពៃណីនៃអ្នកស្រុកចេនឡា បោះពុម្ពឆ្នាំ១៩៧៣" រូបភាពពី ហ្វេសប៊ុក។ សូមរង់ចាំអានភាគ ៩ អំពី "មរណភាព" បន្ដ។ ដោយ៖ ភូមិន្ទ


