
ខេត្តព្រៃវែង គឺជាខេត្ដដ៏ចំណាស់មួយនៅក្នុងប្រវត្តិសាស្ត្រប្រទេសកម្ពុជា ពោលគឺជាខេត្តដែលបង្កប់នូវរឿងរ៉ាវប្រវត្តិសាស្ត្រជាច្រើន មិនចាញ់ខេត្តនានានៅទូទាំងប្រទេសឡើយ។
ខេត្តនេះមានទីតាំងស្ថិតនៅភាគអាគ្នេយ៍នៃប្រទេសកម្ពុជា មានព្រំប្រទល់ជាប់ខេត្តស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កណ្ដាល និងមួយផ្នែកជាប់ប្រទេសវៀតណាម និងមានផ្ទៃដីសរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុបនៃប្រទេសកម្ពុជា ។

បច្ចុប្បន្នខេត្តនេះបែងចែកជា ១២ ស្រុក និងក្រុងចំនួន ០១ មានប្រជាជនសរុប ១ ០២៥ ៣៣១នាក់ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុបនៃប្រទេសកម្ពុជា ។
ចំនួនស្រុកទាំង ១២ និងក្រុង ០១ នោះមានដូចជា ស្រុកបាភ្នំ, ស្រុកកំចាយមារ, ស្រុកកំពង់ត្របែក, ស្រុកកញ្ជ្រៀច, ស្រុកមេសាង, ស្រុកពាមជរ, ស្រុកពាមរក៍ , ស្រុកពារាំង, ស្រុកព្រះស្ដេច, ក្រុងព្រៃវែង, ស្រុកពោធិ៍រៀង, ស្រុកស៊ីធរកណ្ដាល និងស្រុកស្វាយអន្ទរ ។

យោងតាមសៀវភៅ សាវតារ ទាក់ទងភូមិសាស្ត្រខ្មែរ របស់លោក ឌឹក គាម ឆ្នាំ ១៩៦៨បានឲ្យដឹងថា ក្នុងរជ្ជកាលរបស់ ព្រះបាទសម្តេចព្រះសិរីមុនីវរ្ម័នក្រុមហ្លួងចៅចក្របាងស្ស ស៊ីសុវត្ថិ មុនីវង្ស នាអំឡុងឆ្នាំ ១៩២៧ – ១៩៤១ ដោយមានរៀបរាប់ គោរមងារ របស់សាលាខេត្ត ស្រុកតំបន់ ឃុំ និង ចៅហ្វាយខេត្ត នៃខេត្តព្រៃវែង ដូចតទៅ៖

១ ទីរួមខេត្តព្រៃវែង មន្ត្រីសាលាខេត្ត មានដូចជា៖ ចៅហ្វាយខេត្ត ឧកញ៉ា នាវាធិបតីសិរីសូរ្យស័ក្តិពិភ័ក្តិ ធរនិន្ន សូរិន្នពិជ័យឧត្តមក្រមពាហុ, ភូឈូយខេត្ត នរេន្ទ្របរិរក្ស, ប៉ាឡាត់ខេត្ត រាជស៍ក្តិអភិបាល ។
២ ស្រុកព្រៃវែង មន្ត្រីសាលាស្រុកមានដូចជា៖ ចៅហ្វាយស្រុក វនាធិបតី, បាឡាត់ស្រុក ពិភ័ក្តិធិបតី ។
៣ ស្រុកកំចាយមារ មន្ត្រីសាលាស្រុកមានដូចជា, ចៅហ្វាយស្រុក ពិភ័ក្តិនាវា ។
៤ ស្រុកពារាំង មន្ត្រីសាលាស្រុកមានដូចជា៖ ចៅហ្វាយស្រុក ស្រែន្យសង្រ្គាម, បាឡាត់ស្រុក អនុជិតសង្រ្គាម ។
៤ ស្រុកស៊ីធរកណ្តាល មន្ត្រីសាលាស្រុកមានដូចជា៖ ចៅហ្វាយស្រុក ដរុង្គសង្រ្គាម ។
៥ ស្រុកបាភ្នំ មន្ត្រីសាលាស្រុកមានដូចជា៖ ចៅហ្វាយស្រុក ធម្មាតេជោ, បាឡាត់ស្រុក យោធាតេជោ ។
៦ ស្រុកតាំងបិញ មន្ត្រីសាលាស្រុកមានដូចជា៖ ចៅហ្វាយស្រុក វិសេសយោធា ។
៧ ស្រុកកំពង់ត្របែក មន្ត្រីសាលាស្រុកមានដូចជា៖ ចៅហ្វាយស្រុក វិជិតយោធា, បាឡាត់ស្រុក ភក្តីយោធា ។
៨ ស្រុកកញ្ជ្រៀច មន្ត្រីសាលាស្រុកមានដូចជា៖ ចៅហ្វាយស្រុក ពិនិត្យសង្រ្គាម ។
សូមបញ្ជាក់ ខាងលើនេះ គឺលើកយកតែខេត្តព្រៃវែង តែមួយប៉ុណ្ណោះមកសិក្សា ដោយឡែកខេត្តដទៃទៀត ក៏ត្រូវបានបែងចែក និងរៀបចំគោរមងារដូចគ្នានេះដែរ ៕
ដោយ៖ KS



