ប្រវត្តិដ៏គួរឲ្យចាប់អារម្មណ៍នៃព្រះវិហារអាយុជាង ១០០ឆ្នាំកណ្ដាលរាជធានីភ្នំពេញដែលពុំសូវមានអ្នកដឹង
K
Kosal Por
15 មករា 2021 02:28 AM

វត្តព្រះពុទ្ធឃោសាចារ្យ គឺជាវត្តដ៏ចំណាស់បំផុតមួយនៅក្នុងរាជធានីភ្នំពេញ ហើយសព្វថ្ងៃវត្តនេះ ត្រូវបានប្ដូរឈ្មោះមកហៅថា វត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើងវិញ ។

វត្តនេះមានទីតាំងស្ថិតនៅតាមបណ្តោយវិថីបារាំង(ផ្លូវ៤៧) កែងនឹងផ្លូវឧកញ៉ា អ៊ុម (ផ្លូវ៨០) ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យោងតាមពង្សាវតារ ឈ្មោះវត្ត ចិនដំដែកខាងត្បូង គឺជាឈ្មោះហៅក្រៅនៃវត្តនេះ ព្រោះក្នុងរាជ្យ​ស្ដេចពញាយ៉ាត កន្លែងម្ដុំនេះជាព្រែកដែលចិនរកស៊ីដំដែក។

បើយោងតាមឯកសាររបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានឲ្យដឹងថា​ វត្តពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើងនេះ មានបន្សល់ទុកនូវសំណង់ព្រះវិហារបុរាណដែលសាងពីឥដ្ឋបូកបាយអ បើគិតត្រឹមឆ្នាំ២០២០នេះព្រះវិហារនេះមានអាយុកាល១៣៤ ឆ្នាំមកហើយ ពោលគឺបានសាងសង់នៅព.ស. ២៤៣០ នៃគ.ស. ១៨៨៦ ។

ទាក់ទងជាមួយប្រវត្តិរបស់វត្ត ពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង ក៏ដូចជាព្រះវិហារនៃវត្តនេះ ក៏មានរឿងព្រេងតំណាលថា ពីដើមមានជនជាតិមកចិនប្រកបរបរដំដែក លុតដែកធ្វើកាំបិត ហើយក្រោយមក​ក៏​មាន​ឈ្មោះ វត្តចិនដំដែក តែចាស់ៗខ្លះបានដំណាលថា មានចិនរកស៊ីតាមសំពៅពីស្រុក​ចិនមក​ស្រុក​ខ្មែរ ស្រាប់តែសំពៅនោះគឿងនៅកណ្តាលទន្លេ មិនដឹងធ្វើម្តេចក៏បន់ស្រន់ថា ឲ្យសំពៅ ឈប់គឿង​តទៅនឹងកសាង​​​វិហារមួយនៅទីនោះ។ ការបន់ស្រន់ក៏ពូកែស័ក្ដិសិទ្ធមែន ចិនសំពៅ​នោះក៏មក​កសាង​​​​ព្រះវិហារនោះ ដោយឈ្មោះថា ចិនដំដែករហូតមក នេះគ្រាន់តែជារឿងដំណាល​ខ្លះៗដែលទាក់​ទិនទៅនឹងឈ្មោះ វត្តចិនដំដែក ប៉ុណ្ណោះ។

ជាមួយគ្នានេះដែរ បើតាមការសង្ខេបពីសំណាក់និស្សិតនៅហាវិទ្យាល័យ​បុរាណ​វិទ្យា នៃសាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ ដែលបានសិក្សាមុខ​វិជ្ជា «សំណង់​ប្រពៃណី» បានឲ្យដឹងដោយផ្អែកលើសិលាចារឹកនៅជញ្ជាំងព្រះវិហារដ៏ចំណាស់ស្ថិតក្នុងវត្ត ពិភទ្ទរង្សី ឬវត្តចិនដំដែកខាងជើង នេះថា វិហារនេះសាងសង់នៅចុល្លសករាជ ១២៤៩ ឆ្នាំកុរ អដ្ឋសក្ស ក្រោម​ការ​ផ្តួច​ផ្តើម​របស់​សម្ដេច​ព្រះ​មហាឧបរាជបរមបពិត (ហ្លួងរាជានុកោដ្ឋ) និងឧកញ៉ាពិភទ្ទភោគា តាន់ ឡុក ។ សូមបញ្ជាក់ថា លោក ឧកញ៉ាពិភទ្ទភោគា តាន់ ឡុក កើតនៅឆ្នាំ១៨៤០ និងទទួលមរណៈភាពនៅឆ្នាំ ១៩២៣ មាន​កូនប្រុសស្រីឈ្មោះ ប៊ុនហូវ, ប៊ុនប៉ារ… ។ លោកបានសាងព្រះជីរ៍ ១អង្គ, ព្រះស្ពាន់ ៥អង្គ, ព្រះចូលនិព្វានស្ពាន់ ១អង្គ និងដងទង់ ២ រួចរាល់នៅ ព.ស. ២៤៣៣ និងធ្វើបុណ្យបញ្ចុះសីមា ៧ ថ្ងៃ ហើយធ្វើបុណ្យសន្ធឹកសន្ធាប់ទៀត សុំ​ឲ្យ​កើត​ទាន់ព្រះ​សិអារ្យមេត្រីយ៍ ។

ក្រោយ​ពី​សាង​សង់​វិហារ​ក៏​​មាន​ការ​ជួល​ជុល​ជា​បន្ត​បន្ទាប់​មិន​ដាច់ ដូច​ជា​នៅ​ឆ្នាំ ១៩៣៦ គេ​បាន​ជួល​ជុល​ដំបូល និង​ដាក់​ហោជាង​ថ្មី ។ ការ​ជួស​ជុល​មាន​រហូត​មក​​​ លើក​លែង​តែក្នុង​សម័យ​សង្គ្រាម ។

ចំពោះស្ថាបនិក​វិហារ​នេះវិញគឺ លោកឧកញ៉ាភិព័ទ្ទភោគា តាន់ ឡុក ក្រោម​ព្រះ​រាជ​តម្រិះ​ព្រះ​រាជានុកោដ្ឋ ព្រះ​បាទ​ស៊ីសុវត្ថិ (១៨៤០ – ១៩២៧) កាល​លោក​​គង់​នៅ​ជា​ ព្រះ​មហាឧបរាជ ព្រោះ​រាជ​ដំណាក់​លោក​កាលនោះ ស្ថិត​នៅ​ម្ដុំៗ នោះដែរ ។

លោក​ឧកញ៉ានេះ បើ​មើល​តាម​ឈ្មោះ​គឺ​ ជា​កូនចៅ​ចិន ហើយ​ម៉្យាង​ទៀត​តំបន់​ម្ដុំ​វត្ត​ស្រះចក និង​កំពង់ផែបច្ចុប្បន្ន​នេះ ជា​តំបន់​​សហគមន៍​ចិន​យូរ​មក​ហើយ ដូច​មាន​ឈ្មោះ​ ចិន​ដំដែក​ ជា​ភ័ស្តុតាង​ស្រាប់ ។ ក្រោយ​ លោកឧកញ៉ាអស់បុណ្យទៅ កូនលោកឈ្មោះ តាន់ ប៊ុនប៉ា (១៨៧១ – ១៩៥២) ក៏ឡើង​តងារ​ជា​ លោកឧកញ៉ាពិភទ្ទភោគា រហូតដល់​លោក​អស់បុណ្យ នៅ​ឆ្នាំ ១៩៥២ ។ ចេតិយ​គ្រួសារ​ស្ថាបនិក​វិហារ​នេះ សព្វ​ថ្ងៃតាំង​នៅ​ទិស​អាគ្នេយ៍វិហារ សង់​នៅ​ដើម​ឆ្នាំ ១៩៦៩ លាប​ពណ៌​លឿងរាង​ជា​ប្រាង្គ គឺ​ផ្នែកខាង​ក្រោម​ជា​បន្ទប់​បួន​ជ្រុង​ស្មើ​កម្ពស់​ ១ ម៉ែត្រ បន្តុប​ពី​លើ​ដោយ​ប្រាង្គរូប​ដូច​ប្រាសាទ​បុរាណ ៕

ដោយ៖ KS

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត